ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Pompeo មើល​ឃើញ​ភាព​រីកចម្រើន​លើ​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ អាស៊ី

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា លោក​សង្ឃឹមថានឹង​ពន្លឿន​ឲ្យ​មាន​កិច្ចពិភាក្សា​ជា​លើក​ទី​២​រវាង​លោក​គីម​ជុង​អ៊ុន​និង​លោក​ដូ​ណា​ល់​ត្រាំ​នៅពេល​លោក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​អាស៊ី​នៅ​ថ្ងៃ​សៅរ៍​ដោយ​ក្នុងនោះ​ក៏មាន​ទាំង​កិច្ចប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ផងដែរ​។​

លោក Pompeo បាន​ទៅដល់​ទីក្រុង​តូ​ក្យូ​មុនគេ​បង្អស់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ក៏​នឹង​នាំ​គាត់​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ជា​លើក​ទី​បួន​ផងដែរ​ស្រប​ពេលដែល​កិច្ចព្រមព្រៀង​អាមេរិក​-​កូរ៉េខាងជើង​ជា​ប្រវត្តិសាស្ត្រ​បាន​លេច​ជា​រូបរាង​។​

ថ្លែង​នៅលើ​យន្ដហោះ​ខណៈពេល​ធ្វើដំណើរ​ចេញពី​សហរដ្ឋអាមេរិក លោក Pompeo បាន​និយាយថា គោលបំណង​របស់លោក​គឺ​ដើម្បី “​អភិវឌ្ឍ​ទំនុកចិត្ត​ឲ្យ​បាន​គ្រប់គ្រាន់​” រវាង​គូស​ត្រូវជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ទាំងពីរ​នេះ​ឆ្ពោះទៅរក​សន្តិភាព​។​

លោក Pompeo បាន​បន្តថា “​បន្ទាប់មក យើង​ក៏​នឹង​បង្កើត​កិច្ចប្រជុំ​កំពូល​បន្ទាប់​ទៀតផង​ដែរ​”​។​
​យ៉ាងណាក្តី លោក​បាន​ច្រានចោល​ការរំពឹងទុក​អំ​ពី​ការទម្លាយ​ភាពទាល់ច្រក​ដ៏​ធំ​មួយ​ដោយ​ថ្លែងថា “​ខ្ញុំ​សង្ស័យថា​យើង​នឹងមាន​ភាពជាប់គាំង​ប៉ុន្តែ​ត្រូវ​ចាប់ផ្តើម​អភិវឌ្ឍ​ជម្រើស​សម្រាប់​ទីតាំង​និង​ពេលវេលា​ដែល​លោក​ប្រធាន​គីម​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ​ជាថ្មី​ម្តងទៀត​”​។​

កាលពី​ខែមិថុនា លោក ត្រាំ បាន​ជួប​លោក គីម នៅ​ប្រទេស​សិង្ហ​បុរី​ក្នុងជំនួប​កំពូល​លើកដំបូង​បង្អស់​រវាង​ប្រទេស​ទាំងពីរ​។​

ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​មក​ដែល​អ្នក​រិះគន់​ចោទប្រកាន់ថា​ជាការ​ប្តេជ្ញាចិត្ត​មិន​ច្បាស់លាស់​របស់លោក​គីម​ចំពោះ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​នោះ​, ផ្លូវ​ឆ្ពោះទៅរក​ចំណងទាក់ទង​ល្អប្រសើរ​ជាង​មុន​គឺមាន​ភាព​រង្គោះរង្គើ​។​

លោក ត្រាំ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​តាម​ការគ្រោងទុក​ដោយ​អ្នកការទូត​កំពូល​របស់លោក​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​បន្ទាប់ពី​អ្វីដែល​លោក​និយាយថា ជាការ​រីកចម្រើន​មិន​គ្រប់គ្រាន់​ឆ្ពោះទៅរក​ការ​អនុវត្តតាម​លក្ខខណ្ឌ​នៃ​សេចក្តីប្រកាស​ក្នុងប្រទេស​សិង្ហ​បុរី​៕ AFP