ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​៨​នាក់​នៅតែ​ត្រូវ​ឃុំខ្លួន​ក្នុងការ​បង្ក្រាប​អំពើពុករលួយ​របស់​អា​រ៉ាប៊ីសាអ៊ូឌីត

រាជ​ទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មានបន្ទូលថា មនុស្ស​ចំនួន​៨​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ​នៅតែ​កំពុងស្ថិត​ក្រោម​ការឃុំ​ឃាំង​បន្ទាប់ពី​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងការ​បោសសម្អាត​មួយ​ដែល​បើក​កាលពី​ខែវិច្ឆិកា​មុន​។

ព្រះអង្គ Mohammed bin Salman មានបន្ទូលថា រហូតមកដល់​ពេលនេះ ទឹកប្រាក់​ចំនួន​៣៥​ពាន់​លាន​ដុល្លារ​ដែល​បែងចែក​រវាង​សាច់ប្រាក់​៤០​ភាគរយ​និង​ទ្រព្យសម្បត្តិ​៦០​ភាគរយ​គឺ​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចេញពី​ទឹកប្រាក់​ដែល​គេ​គិតថា​មាន​ចំនួន​១០០​ពាន់​លាន​ដុល្លារ​។​

ព្រះអង្គ​បានលើកឡើង​នៅក្នុង​បទសម្ភាសន៍​មួយ​របស់ Bloomberg ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា “​យើង​គិតថា វា​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ​ខាងមុខ​”​។​

អគ្គរាជអាជ្ញា​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​កាលពី​ខែមករា​ថា ចំនួន​សរុប​នៃ​បុគ្គល​ដែល​ត្រូវបាន​បង្គាប់បញ្ជា​បាន​ឈានដល់​៣៨១​នាក់​ហើយ​៥៦​នាក់​ទៀត​នៅតែ​ស្ថិត​ក្នុងការ​ឃុំឃាំង​សម្រាប់​ការជំនុំជម្រះ​។​

វិនិយោគិន​បរទេស​និង​អ្នកវិនិយោគ​ក្នុងស្រុក​បាន​ត្អូញត្អែរ​ពី​អំពើពុករលួយ​ជា​យូរ​មកហើយ​ហើយ​ការ​ប្រឈម​នឹង​បញ្ហា​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណែទម្រង់​ដែល​ត្រូវបាន​ប្រកាស​ដោយ​ព្រះអង្គម្ចាស់ Mohammed ដើម្បី​ប្រែក្លាយ​ប្រទេស​នេះ​និង​កាត់បន្ថយ​ការពឹងផ្អែក​របស់​សេដ្ឋកិច្ច​លើ​ការនាំចេញ​ប្រេង​។​

មេដឹកនាំ​ជំនួញ​មួយចំនួន​មានការ​ទាស់ចិត្ត​ចំពោះ​ការបង្ក្រាប​ទៅលើ​ព្រះអង្គម្ចាស់​ជាន់ខ្ពស់ អ្នកជំនួញ​និង​មន្ត្រី​រដ្ឋាភិបាល​ដោយសារតែ​មានការ​សម្ងាត់​ជុំវិញ​ការបង្ក្រាប​និង​ការសង្ស័យ​របស់​ពួកគេ​ចំពោះ​ការជំរុញ​ផ្នែក​នយោបាយ​៕ REUTERS