ព័ត៍មានទាន់​ហេតុការណ៏
Search

ដួង សុគា បញ្ចេញ​សារ​បាក់​ទឹកចិត្ត​លែង​ចង់​ថែរក្សា​មរតក​សិល្បៈ​បុរាណ

ភ្នំពេញ ​៖ ​តារា​ប្រុស​ពហុ​ជំនាញ ​និង​ធ្លាប់​ជា​ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​CTN​លោក ដួង សុគា ថ្មីៗ​បាន​បញ្ចេញ​សារ​បង្កប់​អត្ថន័យ​អស់ជំនឿ​ចិត្ត​លើ​ការថែរក្សា​និង​អភិរក្ស​មរតក​សិល្បៈ​បុរាណ ​ខណៈដែល​កូន​ខ្មែរ​ជាច្រើន​មើលមិនឃើញ​ពី​គុណ​តម្លៃ​របស់​សិល្បៈ​មួយ​នេះ​។​

ជា​ការពិត​កន្លងមក​ពុំមែន​មានតែ​តារា​ប្រុស​លោក ដួង សុខ​គា ម្នាក់​នោះទេ​ ដែល​បាន​ចេញមុខ​ឈឺឆ្អាល​ព្រមទាំង​បំផុស​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ឲ្យ​ចូលរួម​ថែរក្សា​ការពារ​និង​គាំទ្រ​លើ​វិស័យ​សិល្បៈ​បូរាណ​របស់​ខ្មែរ​ពោល​គឺ​មាន​តារា​សិល្បៈ​របស់​ខ្មែរ​មួយ​ចំនួន​មក​ហើយ​តែងតែ​និយាយ​លើកឡើង​អំពី​បញ្ហា​មួយ​នេះ។ ប៉ុន្តែ​អ្វីដែល​ការ​អស់សង្ឃឹម​នោះ​គឺ​ភាគច្រើន​យុវជន​ខ្មែរ​ហាក់​ពុំ​បាន​ឲ្យ​តម្លៃ​លើ​វិស័យ​មួយ​នេះ​នោះទេ។

តារា​ប្រុស​លោក ដួង សុខ​គា បានលើកឡើង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា ​ទោះបីជា​ខ្ញុំ ​(​លោក ដួង សុខ​គា )​ មិន​ចេះ​អ្វី​ច្រើន តែ​ខ្ញុំ​នឹង​អស់ចិត្ត ហើយ​នឹង​លែង​រវល់​ពី​អាយ៉ៃ ចាប៉ី យីកេ ហ្នឹង​ជា​រៀង​រហូត។ ព្រោះ​ខ្ញុំ​គិត​ថា មិន​ច្រៀង​ក៏​មិន​ដាច់ពោះ ប្រឹង​ក៏​អត់​ប្រយោជន៍ បើ​គ្នា​យើង​គិតតែ​ពី​បរទេស​ពេក​ទៅហើយនោះ។

លោក ដួង សុខ​គា បាន​រៀបរាប់​បន្ថែម​ពីលើ​នេះ​ថា ឱ វប្បធម៌​ខ្មែរ អ្នក​កុំ​សង្ឃឹមថា នឹង​មាន​មុខ​មាន​មាត់​នឹង​គេ​ឡើយ ព្រោះ​ក្មេងៗ គេ​លែង​ត្រូវការ​អ្នក​ហើយ! បរទេស​ទេតើ ដែល​គេ​ត្រូវការ​អ្នកនោះ!។ ចង់​មិន​ចង់ ដើម្បី​បន្ត​ជីវិត ចូរ​អ្នកធ្វើ​ម្ដេច​ក៏​ធ្វើ​ទៅ​ចុះ ខ្ញុំ​លែង​ដឹង​ហើយ។ តាមរយៈ​អត្ថន័យ​ខ្លឹមសារ​របស់​តារា​ប្រុស​លោក ដួង សុគា ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​កាន់តែ​ភ្ញាក់រឫក ​និង​សម្តែង​ការ​គាំទ្រ​លើ​តារា​ប្រុស​លោក ដួង សុគា ផងដែរ៕