ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិត លី ឆេង និង​លោកស្រី​ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ចំការ​ខ្សាច់

ភ្នំពេញ​ ៖ ​លោក​បណ្ឌិត លី ឆេង តំណាងរាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​លោកស្រី រួមជាមួយ​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ដ្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ នៃ​ប៊ែ​ល​ធី គ្រុប ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើង បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៨។

លោក បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ពាន់ថ្ម ខណ្ឌដង្កោ បាន​ផ្ដួច​ផ្ដើមគំនិត​សង់​វិទ្យាល័យ​មួយ​ខ្នង នៅក្នុង​វត្ត​ចំការ​ខ្សាច់ ដែល​សព្វថ្ងៃនេះ​នៅក្នុង​វត្ត​ចំការ​ខ្សាច់ មាន​សាលាបឋមសិក្សា​ស្ពានថ្ម​តែមួយគត់។

ក្នុង​ឱកាស​នោះដែរ លោក លី ឆេង បាន​ចូល​បច្ច័យ​កាន់បិណ្ឌ​ចំនួន​ជាង ៥​លាន​រៀល និង​ផ្តល់​ថវិកា​សម្រាប់​ចាក់ដី កសាង​វិទ្យាល័យ ចំការ​ខ្សាច់ ចំនួន ២០០០​ដុល្លារ​អាមេរិក។

គួររំលឹកថា ដោយ​មើលឃើញ ការខ្វះខាត​សាលារៀន និង​ការលំបាក​របស់​សិស្ស នៅពេលដែល​បញ្ចប់​ថ្នាក់ បឋមសិក្សា​រួច ត្រូវ​ចេញទៅ​រៀន​នៅ​វិទ្យាល័យ ឆ្ងាយ​ពី​ភូមិ ដូច្នេះ លោក​បណ្ឌិត លី ឆេង និង​លោកស្រី​បាន​ផ្តួច​ផ្តើម​គំនិត​សង់​វិទ្យាល័យ​នេះ​ឡើង ដែល​មកដល់ពេលនេះ​ទីតាំង​វិទ្យាល័យ​ត្រូវបាន​ចាក់ដី ពង្រាប​ទៅក្នុង​រណ្តៅ ដែលមាន​ជម្រៅ ពី ២ ទៅ ៣ ម៉ែត្រ និង​មាន​ទទឹង ៥០​ម៉ែត្រ បណ្តោយ ១៣០​ម៉ែត្រ បានសម្រេច​រួចរាល់ ១០០​ភាគរយ ហើយ​។​

កាល​ថ្ងៃទី ២៤ ខែមិថុនា នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ការចាក់ដី ដើម្បី​ឈានទៅ​សាងសង់​អាគារ​នោះ​វិទ្យាល័យ នាពេលខាងមុខ​។ តំណាង​លោក​បណ្ឌិត លី ឆេង បាន​ប្រាប់​ឲ្យ​ដឹងថា អគារ​វិទ្យាល័យ​នេះ ត្រូវ​សង់​ឡើង​កម្ពស់ ៣​ជាន់ ស្មើនឹង ២៧​បន្ទប់៕