ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​នៅ​ស្ងៀម​ចំពោះ​ការបាត់​ខ្លួន​ប្រធាន​ប៉ូលិស​អន្តរជាតិ​

កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​នៅតែ​ស្ងប់ស្ងាត់​អំពី​ការបាត់​ខ្លួន​របស់​ប្រធាន​ប៉ូលិស​អន្តរជាតិ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាថ៌កំបាំង​កាន់តែខ្លាំង​លើ​ជោគវាសនា​របស់​ប្រធាន​ប៉ូលិស​អន្តរជាតិ​រូបនេះ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា គាត់​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ​អំឡុងពេល​គាត់​ត្រឡប់មក​ប្រទេស​កំណត់​របស់គាត់​វិញ​។​

ប្រភព​មួយ​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​បាន​ប្រាប់ AFP ថា លោក Meng Hongwei អាយុ​៦៤​ឆ្នាំ​ត្រូវបាន​គេ​ឃើញ​ចុងក្រោយ​បំផុត​ខណៈពេល​ចាក​ចេញពី​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស​អន្តរជាតិ​ក្នុង​ទីក្រុង​លី​យ៉ុង​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​មក​ប្រទេស​ចិន​នៅ​ចុងខែ​កញ្ញា​។ ចាប់តាំងពី​ពេលនោះ​មក ប្រពន្ធ​របស់គាត់​បាន​រាយការណ៍​ថា គាត់​បាន​បាត់​ខ្លួន​។​

វា​គឺជា​ការបាត់​ខ្លួន​បុគ្គល​ថ្នាក់ខ្ពស់​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​ចិន​ដែលជា​កន្លែង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ មហាសេដ្ឋី​ជំនួញ​និង​សូម្បីតែ​តារា​ល្បីឈ្មោះ​កម្រិត A បាន​បាត់​ខ្លួន​អស់​រយៈពេល​ច្រើន​សប្តាហ៍​ឬ​ច្រើន​ខែ​ក្នុង​មួយ​លើក​។​

រហូតមកដល់​ពេលនេះ ទីក្រុង​ប៉េកាំង​មិនបាន​និយាយ​អ្វី​ទេ​លើ​ករណី​របស់លោក Meng​។ ក្រសួងការបរទេស​ក៏​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការបំភ្លឺ​ពី AFP ដែរ​។​

ប៉ុន្តែ​ព័ត៌មាន​នៃ​អវត្តមាន​របស់គាត់​បា​ន​លេចឡើង​យ៉ាង​ឆាប់រហ័ស​ក្រោយ​មានការ​សន្និដ្ឋានថា លោក Meng ដែល​ក៏​បម្រើការ​ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​ផង​ដែរនោះ​ត្រូវបាន​វាយលុក​នៅក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​សម្ងាត់រ​បស់​ទីក្រុង​ប៉េកាំង​។​

ដោយ​លើកឡើង​ពី​ប្រភព​អនាមិក​មួយ កាសែត South China Morning Post បាន​ចុះផ្សាយ​ថា អាជ្ញាធរ​មកពី​គណៈកម្មការ​វិន័យ​រប​ស់​ប្រទេស​បាន​ចាប់ខ្លួន​លោក Meng នៅពេល​គាត់​មកដល់​ទីក្រុង​ប៉េកាំង​។​

គណៈកម្មាធិការ​គ្រប់គ្រង​ជាតិ​របស់​ចិន​ដែល​ទើប​បង្កើតឡើង​ថ្មីៗ​នេះ​គឺមាន​អំណាច​គ្រប់បែបយ៉ាង​ដើម្បី​ស៊ើបអង្កេត​មន្ត្រី​សាធារណៈ​របស់​ប្រទេស​នេះ​ជាមួយ​តម្លាភាព​តិចតួច​។​

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ដឹកនាំ​ការប្រឆាំង​អំពើពុករលួយ​ដ៏​មាន​ប្រជាប្រិយ​ចាប់តាំងពី​ការឡើង​កាន់អំណាច​ក្នុង​ឆ្នាំ​២០១២​មក​ដោយបាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាង​មួយ​លាន​នាក់​ខណៈ​អ្នក​រិះគន់​បាន​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ការ​បោសសម្អាត​នយោបាយ​៕ AFP