ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨ ក្រសួងការពារជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​ព្រំដែន​បាន​ចំនួន​៤,២៣៣​លើក

ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាង​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ក្រសួងការពារជាតិ បាន​ធ្វើ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​ព្រំដែន​បាន​ចំនួន​៤,២៣៣​លើក ហើយ​ក្នុងនោះ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​២,០៥៤​លើក និង​ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន​១,០០៨​លើក ហើយ​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន​១,១៧១​លើក​។

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បញ្ជាក់​យ៉ាងនេះ​ថា “​រយៈពេល​៣​ត្រីមាស​មកនេះ កងយោធពល​ខេមរភូមិន្ទ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​វៀតណាម ដោយ​រុក​រក​ឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ៥៦៦​ធាតុ ក្នុង​នោះ​រក​ឃើញ​ដោយ យោធភូមិភាគ​ពិសេស​ចំនួន​៥២​ធាតុ យុទ្ធភូមិ​ភាគ​ទី​១​ចំនួន​៣៦​ធាតុ យោធភូមិភាគ​ទី​២​ចំនួន​២០៧​ធាតុ យោធភូមិភាគ​ទី​៣ ចំនួន​១២២​ធាតុ យោធភូមិភាគ​ទី​៤​ចំនួន​៩០​ធាតុ និង​យោធភូមិភាគ​ទី​៥ ចំនួន ៥៩​ធាតុ​។

តាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ នៅក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ប្រមូលផ្ដុំ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ទី​៤ របស់​រាជរដ្ឋាភិបាល កម្មវិធី​ការងារ ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទរ​យៈ​ពេល​៥​ឆ្នាំ ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​ជា​បន្តបន្ទាប់​។

ការអនុវត្ត​ភារកិច្ច​ការពារ​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​ពង្រឹង​ប្រៀប ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំដែន ធ្វើ​ល្បាត​ជាប្រចាំ​ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទៅ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមាន​ដោយ​សន្តិវិធី ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន​ដែល​ប្រកបដោយ​សុខ​សន្តិភាព អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​៕