ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការពារជាតិ ឆ្លើយតប​ចំពោះ​ការរិះគន់​មួយចំនួន ទាក់ទង​ការ​ជ្រើសរើស​ទាហាន​ថ្មី​

ភ្នំពេញ ​៖ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាង​ថា សកម្មភាព​លះបង់​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ របស់​កងយោធពល​ខេមរភូមិន្ទ គួរ​ត្រូវ​បាន​កោតសរសើរ និង​លើកទឹកចិត្ត ប៉ុន្តែ​បុគ្គល​មួយចំនួន មិនដែល​ទទួលស្គាល់​នូវ​ការខិតខំ​បម្រើ​ជាតិ របស់​កងយោធពល​ខេមរភូមិន្ទ​ទេ ហើយ​តែង​បន្តុះបង្អាប់​ទៀតផង ធ្វើយ៉ាងណា​បំពេញចិត្ត​ចៅហ្វាយនាយ​បរទេស​របស់​ពួកគេ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ លើកឡើង​បែបនេះ កាលពី​រសៀល​ថ្ងៃទី​០៥ ខែតុលា និង​បន្ទាប់ពី​មានការ​រិះគន់​មួយចំនួន ទាក់ទង​ការជ្រើសរើស​ទាហាន​ថ្មី​របស់​ក្រសួងការពារជាតិ​។ លោក​ថ្លែងថា ការជ្រើសរើស​ទាហាន​ថ្មី​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ គឺជា​ពង្រឹង​នូវ​កិច្ច​ការពារជាតិ បូរណភាព​ទឹកដី និង​សុខសន្តិភាព​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ហើយ​ឆ្លើយតប និង​ជំនួស​កម្លាំង​មន្ត្រី​យោធា ដែល​ចូលនិវត្តន៍​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។

លោក​បន្ត​ថា ការ​ជ្រើសរើស​ទាហាន​ថ្មី គឺ​អនុវត្ត​ស្របទៅតាម​គោលនយោបាយ​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ទៅតាម​តម្រូវ​ការចាំបាច់ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ បាន​ចូលរួម​បម្រើ​ការពារជាតិ មាតុភូមិ ដែល​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ មិនតែប៉ុណ្ណោះ ការ​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ការពារ​ជាតិ​នេះ ក៏​សមាមាត្រ​ទៅ​នឹង​ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និង​ប្រជាជន​កម្ពុជា​យើង​ផងដែរ​។

តាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ ប្រជាពលរដ្ឋ​ខ្មែរ បាន​អបអរសាទរ និង​គាំទ្រ​ដល់​គោលនយោបាយ​ការពារ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​បញ្ជូន​កូនចៅ មក​ចុះឈ្មោះ​ចូលធ្វើ​ទាហាន​ថ្មី​យ៉ាងច្រើន​កុះករ ហើយ​ទាហាន​ថ្មី​ទាំងនោះ ក៏​ត្រូវបាន​បណ្តុះបណ្តាល​ជំនាញ​ជា​បន្តបន្ទាប់ ដើម្បី​បំពេញភារកិច្ច​រៀងៗ​ខ្លួន​។ កន្លងមក កងយោធពល​ខេ​រម​ភូមិន្ទ ដែល​មាន​ការចូលរួម​ពី​ទាហាន​ថ្មី​នេះ បាន​ខិតខំ​បំពេញការងារ​មិន​ខ្លាច​នឿយហត់ ដោយ​ការចូលរួម​ពង្រឹង​ការ​ល្បាត​ការពារ​តាម​តំបន់​ព្រំដែន (​គោក ទឹក អាកាស​), ពង្រឹង​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​បម្រើ​ឲ្យ​ការងារ​គ្រប់គ្រង​សន្តិសុខ ដើម្បី​ធ្វើការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​នូវ​រាល់​បទល្មើស ភាពអនាធិបតេយ្យ​ផ្សេងៗ​។ កៅ​ពី​នោះ យើង​បាន​ចូលរួម​ការងារ​សង្គម និង​មនុស្សធម៌​សំខាន់ៗ​ផ្សេងទៀត តាមរយៈ​ការកសាង​បណ្តាញ​ផ្លូវ​គមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និង​សំណង់​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ចូលរួម​សង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ ហើយ​ថែមទាំង​ទៅ​បេសកកម្ម​រក្សា​សន្តិភាព​ជូន​ពិភពលោក ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅតាម​បណ្តា​ប្រទេស​ថែមទៀត ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កងទ័ព​កម្ពុជា និង​ជាតិ​កម្ពុជា លេច​ត្រដែតត្រដឹម​នៅលើ​ឆាក​អន្តរជាតិ គួរ​ជាទី​មោទនៈ​។

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អះអាងថា សកម្មភាព​លះបង់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​កងយោធពល​ខេមរភូមិន្ទ​នេះ គួរ​ត្រូវបាន​កោតសរសើរ និង​លើកទឹកចិត្ត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​បុគ្គល​មួយចំនួន មិនដែល​ទទួលស្គាល់​នូវ​ការខិតខំ​បម្រើ​ជាតិ របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ​យើង​ទេ ហើយ​តែង​បន្តុះបង្អាប់​កិត្តិយស​របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ​យើង​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើយ៉ាងណា​បំពេញចិត្ត​ចៅហ្វាយនាយ​បរទេស​របស់​ពួកគេ​។

មួយវិញទៀត ចំពោះ​ការ​រិះគន់​ថា កម្ពុជា​មិនចាំបាច់​ជ្រើសរើស​ទាហាន​ថ្មី ដោយសារតែ​មិនមាន​សង្គ្រាម​នោះ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បញ្ជាក់ថា នោះ​ជា​ទស្សនៈ​មិន​សម​ហេតុផល​ទាល់តែសោះ ព្រោះ​ជា​ធម្មតា​ប្រទេស​ដែលមាន​គោលនយោបាយ​ច្បាស់លាស់​នោះ ទោះជា​មិនមាន​សង្គ្រាម ក៏​វិស័យ​ការពារជាតិ​ត្រូវការ​ពង្រឹង​ជា​បន្តបន្ទាប់​ដែរ ដើម្បី​ត្រៀម​បម្រុង​ទុក មិនមែន​ទាល់​តែមាន​សង្គ្រាម ទើប​ចាប់ផ្តើម​រើស​កងទ័ព​នោះទេ​៕