ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ថា ទោះបី​សហភាព​អឺរ៉ុប​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក៏​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​កម្ពុជា​ដែរ

ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ​បាន​អះអាង​ថា ការប្រកាស​អំពី​ដំណើរការ​នីតិវិធី​ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​ប្រទេស​កម្ពុជា​របស់​សហភាព​អឺរ៉ុប​នោះ បើ​ទោះ​ជា​សម្រេច​ដក ឬ​មិន​ដក ក៏​មិន​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ ដោយហេតុថា នោះ​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។

លោក ឈឹម ផល​វរុណ លើកឡើង​បែបនេះ បន្ទាប់ពី​លោកស្រី Cecilia Malstrom រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​លើ​លិខិត​របស់​ខ្លួន​ថា បាន​ជូនដំណឹង​ទៅ​ប្រទេស​កម្ពុជា​រួចហើយ​ថា ខ្លួន​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​ដកហូត​ឋានៈ​ពន្ធ​អនុគ្រោះ “​រាល់​មុខទំនិញ​លើកលែងតែ​អា​វុ​ធ‍​” ប្រសិនបើ​គ្មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ទាក់ទង​បញ្ហា​មួយចំនួន ដែល​សហភាព​អឺរ៉ុប​យល់ថា កំពុង​មាន​បញ្ហា​។

ទាក់ទង​បញ្ហា​នេះ លោក ឈឹម ផល​វរុណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប ដែល​ចង់​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា EBA នោះ ជា​សិទ្ធិ​របស់​សភាព​អឺរ៉ុប ដោយ​ថា នេះ​ជា​រឿង​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ ហើយ​មិនមាន​ប្រទេស​ណា​សង្កត់​ប្រទេស​ណា​ទេ​។ តាម​លោក ឈឹម ផល​វរុណ នោះ​ជា​សិទ្ធិ​របស់ EU ។ រឿង​អនុគ្រោះ​ពន្ធ គឺជា​រឿង​រកស៊ី​ទៅវិញទៅមក​។ បើសិនជា​យើង​អាច​ត្រូវ​គ្នា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ដើម្បី​អភិវឌ្ឍន៍ នោះ​គឺ​យើង​បន្តធ្វើ​ជាមួយគ្នា​ទៅ ហើយ​បើ​យើង​យល់ឃើញ​ខុសគ្នា បែរខ្នង​ដាក់គ្នា​ទៅ កិច្ច​សហប្រតិបត្តិការ​វា​តែ​ប៉ុណ្ណឹង តែ​មិនអាច​ប្រទេស​ណា មក​សង្កត់​ប្រទេស​ដទៃ​បានទេ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៥ ខែតុលា លោកស្រី Cecilia Malstrom លើកឡើង​នៅក្នុង​លិខិត​របស់​ខ្លួន​ថា លោកស្រី​កំពុង​ស្ថិត​នៅក្នុង​ទីក្រុង Innsbruck នៃ​ប្រទេស​អូទ្រីស ជា​កន្លែង​ដែល​យើង​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវការ​មួយ​។ ជា​មធ្យោបាយ​ឆ្ពោះទៅមុខ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ចាំបាច់​បំផុត នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ស្ថិតនៅលើ​របៀបវារៈ​ខ្ពស់ ប៉ុន្តែ​នៅក្នុង​របៀបវារៈ​ផ្សេង​ពីនេះ របៀបវារៈ​មួយ ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នោះដែរ គឺ​ការឆ្លើយតប​របស់​សហ​ភាព​អឺរ៉ុប ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ម៉ី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា​។

លោកស្រី Cecilia Malstrom លើកឡើងថា នៅ​ប្រទេស​កម្ពុជា យើង​កំពុង​ឃើញ​ការអភិវឌ្ឍ​ប្រកបដោយ​បញ្ហា​ខ្លាំង ដោយ​គ្មាន​ការ​កែលម្អ​គួរ​ឲ្យ​ទុកចិត្ត​។ បេសកកម្ម​កាល​ពី​ពេល​ថ្មី​របស់​សហភាព​អឺរ៉ុប​មកកាន់​ប្រទេស​កម្ពុជា បាន​បង្ហាញ​អំពី​ការរំលោភ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ លើ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ សិទ្ធិ​ការងារ និង​សេរីភាព​ខាង​សមាគម​។ បញ្ហា​នេះ​កើតឡើង​នៅ​ពីលើ​បញ្ហា​នានា ដែល​មាន​ជា​យូរ​មកហើយ​ដែល​ទាក់ទិន​ទៅនឹង​សិទ្ធិ​របស់​កម្មករ និង​ការដណ្តើមយក​ដី​។

ទោះជា​យ៉ាងណា លោកស្រី Cecilia Malstrom បាន​បញ្ជាក់ថា យើង​នឹង​រក្សា​កា​ណា​ល់​នៃ​ការសន្ទនា​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​ឲ្យ​នៅ​បើកចំហ និង​មាន​លំហ​សម្រាប់​ការ​ចរចា និង​ការសន្ទនា​ជាមួយ​ប្រទេស​ទាំងពីរ​នៅក្នុង​ដំណើរការ​ទាំងស្រុង ហើយ​យើង​ក៏​នឹង​ជូនដំណឹង​ទៅ​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប អំពី​ជំហាន​បន្ទាប់​ទៀត​។ យើង​មិនទាន់​ស្ថិត​នៅមុខ​ច្រាំង​ចោត​នៅឡើយ​ទេ ហើយនឹង​នៅតែមាន​ពេលវេលា​សម្រាប់​ប្រទេស​កម្ពុជា និង​មីយ៉ាន់​ម៉ា ដើម្បី​ដកខ្លួន​ពួកគេ​ថយ​ចេញពី​មាត់​ចំណោត​នេះ​៕