ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​បើកឡាន​ទំនើប​ពាក់​ស្លាក​លេខ​ទាហាន​បោះពួយ​បុក​ស្លាក​សញ្ញា​កម្ពុជា​អាមេរិក​ខ្ទេច​ទាំង​ឡាន​និង​ស្លាក​សញ្ញា

ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​មិនដឹង​ជា​ប្រញាប់​ទៅណា​ទេ​បាន​បើកឡាន​ស៊េរី​ទំនើប​ម៉ាក​Lexus GX470 និង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​លឿន​ដូច​ហោះ​បោះពួយ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​សញ្ញា​មិត្ត​ភា​ភាព​កម្ពុជា អាមេរិក បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​ឡាន​និង​បង្គោល​នោះ​តែ សំណាង​ដែរ​ដោយសារ​គ្មាន​អ្នក​រង​គ្រោះថ្នាក់​ដោយសារ​ឧប្បត្តិ​ហេតុនេះ ហើយ​ករណីនេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​០៦ ​ខែតុលា ឆ្នាំ​២០១៨​ ស្ថិត​នៅតាម​បណ្ដោយ​វិថី​សហព័ន្ធ​រុស្សី​ត្រង់ ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក lexus GX470 ពណ៌​ស ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​05 2.2976 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​បោះពួយ​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​បង្គោល​និមិត្តសញ្ញា​មិត្តភាព​កម្ពុជា​អាមេរិក បណ្ដាល​ឲ្យ​បង្គោល​និមិត្តសញ្ញា​កម្ពុជា​អាមេរិក​នោះ​រង​ការខូចខាត ចំណែក​រថយន្ត​ក៏​រង​ការ​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាងមុខ​ផងដែរ តែ​សំណាងល្អ​ដោ​សារ​គ្មាន​អ្នករងរបួស។

បច្ចុប្បន្ន​នេះ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ គេ​តែង​សង្កេតឃើញ​ជនជាតិ​ចិត្ត​បើកបរ​រថយន្ដ​គ្រប់​ប្រភេទ​លឿនៗ​ណាស់​ទោះបី​ផ្លូវ​ចង្អៀត​ក្ដី​ក៏​គេ​មិន​ចង់​បន្ថយល្បឿន​ដែរ​ ពោល​គឺ​ខំ​វ៉ា​គេ​ជ្រែ​ចុះឡើង​ដូចជា​ប្រញាប់​គ្រប់​ស្ទើរ​គ្រប់ពេល បើ​តាម​មើលចិត្ត​របស់​គេ​បើក​ឡាន​នោះ​អាច​ហោះ​បាន​បាន​គេ​នឹង​ហោះ​មិន​ខាន ដោយសារ​តែ​បែប​នេះ​ហើយ​ ទើប​តែងតែ​បង្ក​គ្រោះថ្នាក់​ញឹកញាប់​មិនដែល​ដាច់។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ធ្វើ​ការវាស់វែង​រួចរាល់​និង​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕