ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធនឹង​ករណី​លួច

ភ្នំពេញ ៖ ​ក្រោយពី​សាកសួរ​ចម្លើយ​ដឹង​ពី​មេ​ឈ្មួញ​កណ្តាល​រួចមក​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​នៅ​ព្រឹក​ថ្ងៃទី​០៦​ តុលា​នេះ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ​បន្ទាប់ពី​បង្ក្រាប​នៅ​វេលា​ម៉ោង​២៤​នឹង​៣០​នាទី ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រួចមក។

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទី​១- ឈ្មោះ ចាន់ សុធី​(​ហៅ​អា​វ៉ាង​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ទី​២- ឈ្មោះ គង់ សុថៃ​(​អា​ថៃ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​លី​សែង មាន​ទីលំនៅ ភូមិ​ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភព​បន្ត​ថា ​ជនរងគ្រោះ​ឈ្មោះ ខាន់ វុទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។ ប្រភព​បន្ត​ថា ​វត្ថុតាង​ចាប់យក​រ៉ឺម៉ក​កង់​បី​គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​(​របស់​ជនរងគ្រោះ​) រឿងហេតុ នៅ​វេលា​ម៉ោង​៨​នឹង​០០​នាទី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ច្បារអំពៅ បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ស្តី​ពី​ករណី​ខាងលើ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះទៅ​កន្លែង​កើតហេតុ​ដោយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព រហូត​កំណត់​មុខសញ្ញា​បាន នឹង​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ សុធី ត្រូវ​កំលាំង​ជំនាញ​បាន​បន្ត​នីតិ​វិធី​ដោយ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ គង់ សុ​ថៃ នឹង​ដកហូត​វត្ថុតាង​(​រ៉ឺម៉ក​កង់​បី​គ្មាន​ស្លាក​លេខ​)​ ដែល​ជា​របស់​ជនរងគ្រោះ​មកវិញ​ផងដែរ​។

បច្ចុប្បន្ន ជនសង្ស័យ នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕