ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​U17​កម្ពុជា បរាជ័យ​ក្នុង​ប្រកួត​បើកឆាក​ពានរង្វាន់​ប្រទេស​ទន្លេមេគង្គ​-​ជប៉ុន មុន​បន្ត​ប៉ះ​ក្រុម​វៀតណាម ​

ប្រទេស​ជាប់​ទន្លេ​មេគង្គ​ទាំង​៥​គឺ​មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​បាន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ JENESYS 2018 Japan-Mekong U-17 Football Exchange Tournament នៅ​ប្រទេស​ជប៉ុន បូក​ជាមួយ​ក្រុម​ចំនួន​៣​ទៀត​របស់​ម្ចាស់​ស្រុក​ក៏​ចូលរួម​ដែរ​។

ក្រុម U-17 កម្ពុជា​ស្ថិតក្នុង​ពូ​ល A មាន​ជម្រើសជាតិ​ជប៉ុន​វ័យ​ក្រោម​១៧​ឆ្នាំ​,​មី​យ៉ាន់​ម៉ា និង​វៀតណាម ខណៈ​ពូ​ល B​មាន U17 ថៃ ក្រុមយុវជន​របស់​សាលា Japan High School Team, Japan Youth Team និង​ជម្រើសជាតិ​វ័យ​ក្រោម​១៧​ឆ្នាំ​ឡាវ​។ ចំណែក​កាលបរិច្ឆេទ​ប្រកួត​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែតុលា ដល់​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​២​គឺ​កីឡដ្ឋាន National Training Center J-Village ក្នុង​តំបន់ Futaba ខេត្ត​Fukushima​។

​ថ្ងៃ​ប្រកួត​បើកឆាក​ក្រុម U17​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម U17​ជប៉ុន ដោយ​លទ្ធផល​៥​ទល់​០​។ កីឡាករ​KANO Kanato,OHORI Ryonosuke,WAKATSUKI Yamato,TAKADA Soya,HOKAZONO Ryuichi ជា​ម្ចាស់​គ្រាប់​បាល់​ក្នុង​ប្រកួត​នេះ​។ ចំណែក​នៅ​ពូ​ល​ជាមួយគ្នា​ក្រុម​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​ក្រុម​វៀតណាម ១-០​។ ចំណែក​ប្រកួត​បន្ទាប់​របស់​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​វៀតណាម មុន​បន្ត​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា​។

សម្រាប់​ក្រុម U17​របស់​កម្ពុជា ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​រួមមាន ថា ច័ន្ទ​ឬ​ទ្ធី​, វី អា​មី​លីន​, សៀន សុភ​ត្ត្រា​, សៀង ច​ន្ធា​, សឿត ណា​វ៉ា​, ធី វ៉ា​ឈុន​, សៅ វ៉ៃ​ហ្វី​,​ពៅ ចាន់​ថេត​, អាត អូន​តូច​, ផន អយ​, ភេ​ម តៅ សិញ​, មិ​ត សា​មើល​, ក​យ សា​លីម​, ស្រ៊ី ពិសិដ្ឋ​,​កាយ ហេង​លី​,​ហ៊​ត ឈិន​ជិន​, ដោរ រ៉ូ​ហ្ស៉ា​ន់​,​ជុំ សាវង្ស​,​អ៊ឹម វី​នុ​ន​, ជួង មករា​។ យោងតាម​ការកំណត់រ​បស់​គណៈកម្មការ​ប្រកួត​ក្រុម​ទាំងអស់​អនុញ្ញាតិ​ឲ្យ​យក​កីឡាករ​វ័យ​១៧​ឆ្នាំ​ចុះក្រោម ក្នុង​មួយក្រុម​មាន​កីឡាករ​ចុះឈ្មោះ​២០​នាក់​។ ក្រុម​ទាំង​៨​បែង​ចែកជា​២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​។ ការប្រកួត​ធ្វើឡើង​ក្នុង​លក្ខណៈ​វិលជុំ​ដើម្បី​រក​២​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ម្តង៕