ព័ត៍មានទាន់​ហេតុការណ៏
Search

កុក បូរី​ស អបអរ​សារ​ទរ​កីឡាករ គួច ដា​នី ពី​ប្រទេស​បា​រាំង ក្រោយ​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ

​កីឡាករ​ខ្មែរ​-​បារាំង គួច ដា​នី សមាជិក​ក្លិប​ណាហ្គា​វើ​ល ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡើងវិញ​ក្រោយ​កីឡាករ​រូបនេះ​ខកខាន​ចូលរួម​ក្នុង​ជម្រើសជាតិ​តាំងពី​ជំនាន់​លោក Lee Tae Hoon ជា​គ្រូបង្វឹក​មកម្ល៉េះ​។ កុក បូរី​ស ដែល​ធ្លាប់​មក​ប្រកប​អាជីព​នៅ​កម្ពុជា ដំណាល​កីឡាករ ដា​នី បាន​បង្ហោះ​សារ​អបអរ​ដល់​មិត្តភក្តិ​ក្រោយ​ទទួលបាន​កៅអី​នេះ​ឡើងវិញ​។

​កីឡាករ គួច ដា​នី ជា​កីឡាករ​ខ្មែរ​ម្នាក់​ក្នុងចំណោម ៣ នាក់​មកពី​ស្រុក​បារាំង ដែល​បានធ្វើ​ដំណើរ​មក​ប្រកប​របប​ជា​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា ដំណាលគ្នា​នៅ​ឆ្នាំ ២០១២ ក្រោម​ការបណ្ដុះបណ្ដាល​ពី​លោក ប៉ែន ផាត អតីត​សមាជិក​ជម្រើសជាតិ​កម្ពុ​ជា អំឡុង​ទសវត្ស​ទី ៦០ ដោយ​ក្នុងនោះ​មាន ធា​រី ចន្ថា​ប៊ី​ន និង កុក បូរី​ស នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន រួមទាំង​កីឡាករ ប៉ែន ស្ទេ​ហ្វេ​ន អតីត​កីឡាករ​ណាហ្គា​ខ​ប (​ត្រឡប់​ទៅ​បារាំង​វិញ​)​។

កីឡាករ កុក បូរី​ស អតីត​ប្រធាន​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អបអរសាទរ​ដល់ គួច ដា​នី​។ ពី​ប្រទេស​បារាំង​ខ្ញុំ​រីករាយ​ណាស់​ដែល​ឃើញ​សម្លាញ់​របស់ខ្ញុំ​បាន​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ អរគុណ​ជាពិសេស​ដល់ Keisuke Honda ដែល​បាន​ផ្តល់ឱកាស​លើកដំបូង​រូបគេ​។ រូបគេ​មាន​សមត្ថភាព​និង​សាក​សម​នឹង​ទទួល​កៅអី​មួយ​នេះ​ក្រោយ​បង្ហាញ​បច្ចេកទេស​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​»​។

ខ្សែការពារ​រូប​នេះ​ក៏បាន​អបអរ​ដល់​អតីត​មិត្ត​រួម​ក្រុម​ចាស់​របស់ខ្លួន​នៅ​ភ្នំពេញ​ក្រោ​ន​ដែរ​ថា «ខ្ញុំ​ក៏​រីករាយ​ដែល​បានឃើញ​ប្អូនៗ ដូចជា អន ចាន់​បូ​លីន​, អ៊ិន សូ​ដា​វីដ​,​ប្រាក់ ធី​វ៉ា និង ស៊ិន កក្កដា ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ​ផងដែរ​។ ពួកគេ​មាន​កម្រិត​ពង្រឹង​បច្ចេកទេស​ដើម្បី​ជា​តួ​សំខាន់​នៅក្នុង​ជម្រើសជាតិ​យើង​»។

កីឡាករ គួច ដា​នី បាន​ត្រឡប់​មកពី​ប្រកប​អាជីព​បាល់ទាត់​ហ្វូ​ត​សាល​នៅ​ប្រទេស​បារាំង ជាមួយ​ក្លិប Nantes Bela Futbal ដែលជា​សមាជិក​ក្នុង​លី​គ​លំដាប់​ទី​២ នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កាលពីដើមឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០១៧ មុន​ផ្លាស់ប្តូរ​មកកាន់​ណាហ្គា​វើ​ល​។ រូបគេ​បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល បានបញ្ចប់​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឆ្នាំ​ចាស់​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម​ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ចំណែក​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​បាន​ជួយ​ណាហ្គា​វើ​ល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ផងដែរ។

កីឡាករ គួច ដា​នី ធ្លាប់​បាន​ទៅ​ចូលរួម​ធ្វើតេស្ត​នៅ​ក្លិប Sukhothai Football Club ក្នុង​លី​គ​លំដាប់​ទី​២ នៅ​ប្រទេស​ថៃ កាលពីដើមឆ្នាំ​២០១៦ កន្លងទៅ​តែ​មិន​សមបំណង​។ យ៉ាង​ណា​ក្ដី​កីឡាករ​រូប​នេះ​បាន​ផ្ញើខ្លួន​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់ ) មួយគ្រា​សិន​នោះ​ទេ ក្នុង​ជើង​ទី​១​រដូវ​កាល​២០១៦ កន្លង​ទៅ​មុន​ចេញទៅ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ កាលពី​ចុងឆ្នាំ​២០១៤ រូបគេ​ធ្លាប់​បាន​ទៅ​ធ្វើ​តេស្ត​ក្នុង​ក្លិប​ហ្វូ​ត​សាល មួយចំនួន​នៅ​ប្រទេស​ជប៉ុន ដែរ​តែ​មិនបាន​សម្រេច​។

រូបគេ​ត្រូវ​បាន​ក្លិប​ភ្នំពេញ​ក្រោ​ន ចុះ​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​នៅ​ឆ្នាំ ២០១៣ ខណៈ​ឆ្នាំ ២០១៤ រូបគេ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) និង​ឆ្នាំ ២០១៥ កន្លងទៅ​រូបគេ​បាន​ប្ដូរ​ទៅកាន់​ក្លិប​ចាស់​ភ្នំពេញ​ក្រោ​ន វិញ​។ កីឡាករ​រូបនេះ​ចេះ​លេង​បាល់ទាត់​ដំបូង​ចេញពី​ប្រភព​បាល់ទាត់​ហ្វូ​ត​សាល រហូត​អាចឱ្យ​រូបគេ​ជាប់​ក្នុង​ឈុត​ក្រុម​ជម្រើសជាតិ​ហ៊្វូត​សាល​របស់​បារាំង​អាយុ​ក្រោម​២១​ឆ្នាំ (U-21) ថែម​ទៀត​ផង មុន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៣៕