ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បឹងកេត ចាប់ផ្តើម​ដំណើរការ​សាងសង់​កីឡដ្ឋាន​គម្រោង​ទី​១​ក្នុង​រាជធានី​ភ្នំពេញ

ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជើងឯក​រង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ត្រៀម​សាងសង់​ទីលាន​ផ្ទាល់ខ្លួន​លើកដំបូង ក្រោយ​កកើត​ក្លិប​តាំងពី​ឆ្នាំ​២០១០ មក ដែល​គម្រោង​២​ផ្សេងគ្នា​នេះ​គឺ​មាននៅ​រាជធានី​ភ្នំពេញ ចំនួន​១​កន្លែង និង​នៅ​ខេត្តកំពង់ចាម​១​កន្លែង​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​បឹងកេត នៅ​ព្រឹក​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​បាន​បញ្ជាក់​ថា​ថ្នាក់ដឹកនាំ​របស់​ក្លិប​បាន​រៀបចំ​ពិធី​សែន​ព្រែ​ន​ដើម្បី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​គម្រោង​ទី​១​ដែលមាន​ទីតាំងនៅ​តំបន់​បឹង​ស្នោ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​ការសាងសង់​គ្រោង​នឹង​បញ្ចប់​ឲ្យ​រួចរាល់​មុន​រដូវ​កាល​ក្រោយ​ដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​លី​គ​កំពូល ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ពានរង្វាន់​អន្ដរជាតិ​ផ្សេងៗ​។

ប្រភព​បាន​បន្តថា​ក្រៅ​អំពី​ការចូលរួម​ទស្សនាការ​ប្រកួត​នានា​ក្នុង​ទឹកដី​របស់​ក្លិប​បឹងកេត​នៅ​កីឡដ្ឋាន​ថ្មី​នេះ​អ្នកគាំទ្រ​ក៏​អាច​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី ជាមួយ​ការដើរ​កម្សាន្ត ទិញ​ទំនិញ​ផ្សេងៗ ទទួលទាន​អាហារ​ឆ្ងាញ់ៗ​ក្នុង​ភោជនីយដ្ឋាន​ដែលមាន​ផាសុកភាព លេង​កីឡា ឬ​ហាត់ប្រាណ​នៅ​កន្លែង Gym ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ផងដែរ​។

​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត​ធ្លាប់បាន​បញ្ជាក់​ថា «​តាមពិតទៅ គម្រោង​យើង​ដំបូង សម្រាប់​គម្រោង​ធ្វើ​នៅ​ភ្នំពេញ គ្រាន់តែ​ជា​កន្លែង​ហ្វឹកហាត់​ទេ ព្រោះ​កីឡាករ​ភាគច្រើន​គាត់​ស្នាក់នៅ​ភ្នំពេញ ដល់ពេល​យើង​ប្រកួត​ក្នុង​ដី យើង​ទៅ​ប្រកួត​នៅ​ខេត្ត​កន្លែង​យើង​ធ្វើ​។ តែ​ដោយសារ​យើង​អត់​ទាន់​មាន​ទីតាំងនៅ​ខេត្ត អីចឹង​យើង​ក៏​បង្វែរ​ពី​ការធ្វើ​កន្លែង​ហ្វឹកហាត់​នៅ​ភ្នំពេញ ទៅជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន ដែលជា​គម្រោង​ទី​១​។ ទោះបីជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន​ក្ដី ក៏​យើង​មិន​ធ្វើ​ឲ្យ​តែ​រួចពីដៃ​ដែរ គឺ​យើង​នឹងធ្វើ​ឲ្យ​បានល្អ ដែល​មើលទៅ​អាច​ទទួលយកបាន អ្នកគាំទ្រ​សប្បាយ​ចិត្តនឹង​មក​ទស្សនា មាន​កន្លែង​អង្គុយ និង​មាន​កន្លែង​ហាត់ប្រាណ​ជាដើម​»​។ រីឯ​គម្រោង​ទី​២ ដែល​ក្លឹប​គ្រោង​សាងសង់​ជា​កីឡដ្ឋាន​ធំ​ស្ដង់ដារ នៅ​ខេត្តកំពង់ចាម ក៏​មិនទាន់​កំណត់​ពេលវេលា​សាងសង់​ដែរ ដោយ​រង់ចាំ​រកឃើញ​ទីតាំង​ដី​ល្អ​សិន​។

ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕