ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា សាន ណា​រិ​ទ្ធិ ទទួលបាន​ជំនួយ​ប្រធាន​ស​.​ប​.​ក និង​ប្រធាន​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង

លោក សាន ណា​រិ​ទ្ធ មានឈ្មោះ​ក្រៅ​ថា Owen​វ័យ​៣១​ឆ្នាំ ដែលជា​គ្រូបង្ហាត់​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង​ជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំពុង​តែមាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ហើយ​ពេលនេះ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះ​របស់​ខ្លួន ស្រប​ពេល​ដែល​ដែល​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ដល់​អតីត​កីឡាករ​រូបនេះ​ផងដែរ​។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជំនួសមុខ​ឲ្យ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​នាំ​យក​ថវិកា​ចំនួន ១០០០​ដុល្លា ឧបត្ថម្ភ​ដល់​លោក សាន ណា​រិ​ទ្ធ នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ខណៈ​លោក ឌី វិជ្ជា ប្រធាន​ក្លិប ព្រះខ័ន​រាជ​ស្វាយរៀង ក្រុមការងារ និង​កីឡាករ បាន​បរិច្ចាគ​ជា​ជំនួយ​ថវិកា​ដល់​លោក សាន ណា​រិ​ទ្ធ មាន​ចំនួន​សរុប ១,០៥០ ដុល្លារ និង ៩៤០,០០០ រៀល​។

Owen ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ដែរ​ប៉ុន្តែ​ដោយសារ​ការចំណាយ​ច្រើន​ក្នុង​មួយថ្ងៃ​អស់ ៣០០​ដល់​៤០០០​ដុល្លារ​ក៏​យក​ត្រឡប់មកផ្ទះ​វិញ​។ ពេល​យកទៅ​មន្ទីរពេទ្យ​គេ​ប្រាប់ថា​គាត់​មាន​ជំងឺ​ស៊ី​សួត​អស់​មួយ​ចំហៀង​ហើយ​គ្រួសារ​គ្មាន​លទ្ធភាព​នឹង​ចំណាយ​នោះទេ​។ ប្រភព​អ្នកពាក់ព័ន្ធ​បាន​បញ្ជាក់ថា «​គេ​លាក់​រឿង​ជំងឺ​របស់​គេ រហូតដល់​ធ្ងន់ធ្ងរ​បែបនេះ​។ ចំណែក​គ្រួសារ​គេ ខ្វះខាត​ណាស់ ហើយ​ឥឡូវ​គេ​នៅផ្ទះ​ព្រោះ​អត់​មាន​លុយ​មើលជំងឺ​ខ្លួន ដោយសារ​ចំណាយ​ច្រើនពេក»។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ឆ្នាំ​២០១៧ បាន​ដាក់​គោលដៅ​បង្កើត​សាលា​បាល់ទាត់​ឲ្យ​បាន​២៥​រាជធានី​-​ខេត្ត ដើម្បី​ស្វែងរក​កីឡាករ​ដែល​មាន​ទេពកោសល្យ ត្រៀម​រៀបចំ​ទទួល​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សាលា​នៅតាម​បណ្តា​ខេត្ត​នេះ​មាន​កម្មវិធី​ហ្វឹកហាត់​ដូច​សាលា​បាល់ទាត់​ជាតិ​បាទី ដែរ​តែ​ខុស​ត្រង់​រឿង​ស្នាក់នៅ និង​ហូបចុក តែប៉ុណ្ណោះ​។ ក្រោយពេល​សម្រាក​ពី​បាល់ទាត់ សាន ណា​រិ​ទ្ធិ ក៏​ទទួល​ការងារ​ជា​គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​តំណាងឱ្យ​រាជធានី​ភ្នំពេញ តែម្តង​។

លោក សាន ណា​រិ​ទ្ធិ ដែល​គេ​ដឹងថា​ជា​អតីត​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​ជាង​១០​ឆ្នាំ ហើយ​លោក​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ខេមរា​កីឡា ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល Albirex Niigata PP អាស៊ី​អឺរ៉ុប និង​វេ​ស្ទើ​ន​ភ្នំពេញ ជាដើម​។ បុរស​វ័យ​៣១​ឆ្នាំ​រូបនេះ​ធ្លាប់​លើក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១១ និង​ជើងឯក​រង​ពានរង្វាន់ AFC President’s Cup 2011 ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​នៅ​ឆ្នាំ​២០១៣ ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ណាហ្គា​វើ​ល ផងដែរ​៕