ព័ត៍មានទាន់​ហេតុការណ៏
Search

មុត ខ្លឹម​ខ្មៅ និង អ៊ុំ វ​ណ្ណេ​ត អ្នកណា​ជា​ម្ចាស់​ប្រាក់​លាន​Ganzberg ទម្ងន់ ៦៥ គ​.​ក្រ ?

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​១៣ ​តុលា​ ២០១៨​នេះ ហើយ នៅលើ​សង្វៀន​SEATV ។​

អ្នក​ប្រដា​ល់មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ពួកគេ​ទាំងពីរ​នឹងត្រូវ​ប្រជែង​គ្នា ដើម្បី​យក​តំណែង​ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​១០​លាន​រៀល​នេះ ។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​។​

អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល A មាន​កីឡាករ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​, មុត ខ្លឹម​ខ្មៅ​ក្លិប​មកុដ​រាជសីហ៍ , មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា និង ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ ចំណែក​ពូ​ល B មាន ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​, អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក , ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង​កីឡាករ ប៊ី ចាន់ណា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ។​

សូមបញ្ជាក់ថា ការប្រកួត​នេះ គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង ។​

មុត ខ្លឹម​ខ្មៅ ដែល​ថិ​ត​ក្នុង​ពូ​ល​A ឆ្លងកាត់​ការប្រកួត​ជម្រុះ​៤​លើក​កន្លងមក គេ​វាយ ឈ្នះ​ទាំង​៤​ប្រកួត​។​លើក​ទី​១ គេ​ឈ្នះ អ៊ុំ វ​ណ្ណេ​ត ពូ​ល​B ដោយ​ពិន្ទុ , លើក​ទី​២ ឈ្នះ​ង៉េ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ស្វ័យប្រវត្តិ , លើក​ទី​៣ ឈ្នះ ប៊ី ចាន់ណា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង​ដោយ​ពិន្ទុ និង លើក​ទី​៤ មុត ខ្លឹម​ខ្មៅ បានឈ្នះ​ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ពិន្ទុ ។​ដូចនេះ ខ្លឹម​ខ្មៅ គេ​ជាប់​លេខ​១​ក្នុង​ពូ​ល A ។​

ចំពោះ អ្នក​ប្រដាល់ អ៊ុំ វ​ណ្ណេ​ត វិញ ក្នុងការ​ប្រកួត​ជម្រុះ​៤​លើក​គេ​ឈ្នះ​៣​ចាញ់​១​។ លើក​ទី​១ វ​ណ្ណេ​ត វាយ​ចាញ់​មុត ខ្លឹម​ខ្មៅ​ដោយ​ពិន្ទុ​, លើក​ទី​២ ឈ្នះ​ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​ក្នុង​ទឹក​ទី​៣ , លើក​ទី​៣ ឈ្នះ​ហ៊ឹម សារ៉ាន់ សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ស្វ័យប្រវត្តិ និង​លើក​ទី​៤ វាយ​ឈ្នះ​មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ​។​ដូចនេះ អ៊ុំ វ​ណ្ណេ​ត គេ​ជាប់​លេខ​១ ពូ​ល​B ។

រវាង មុត ខ្លឹម​ខ្មៅ និង អ៊ុំ វ​ណ្ណេ​ត នេះ មិនដឹងថា អ្នកណា​នឹង​ឈ្នះ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​ទេ ? ។ តែ​យ៉ាងណា មុត ខ្លឹម​ខ្មៅ គេ​មានប្រៀប​ឈ្នះ​ច្រើនជាង ព្រោះ​ខ្លឹម​ខ្មៅ​ធ្លាប់​វាយ​ឈ្នះ​អ៊ុំ វ​ណ្ណេ​ត ដោយ​ពិន្ទុ​ម្តង​រួចមកហើយ ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ ។​

ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ នរណា​ឈ្នះ នរណា​ចាញ់​នោះ មិនអាច​ទស្សន៍ទាយ​មុន​បានឡើយ ដោយសារ​អ៊ុំ វ​ណ្ណេ​ត​គេ​ក៏​ខ្លាំង​ដែរ​ហើយ​ចាញ់​ខ្លឹម​ខ្មៅ​លើក​មុន​នោះ ក៏​ចាញ់​ត្រឹម​ពិន្ទុ​ដែរ ។ ចាំមើល តើ​អ្នកណា​ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​១០​លាន​រៀល​របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ ? ។

គួរ​បញ្ជាក់ថា សម្រាប់​អ្នកទទួល​បានជា​ជើងឯក​ប្រាក់​លាន​របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ទម្ងន់​៦៥ គីឡូក្រាម​នេះ នឹង​ទទួលបាន​ប្រាក់​១០​លាន​រៀល និង​អ្នកចាញ់​បាន ២ លាន​រៀល ។ ពុំមាន​ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ នោះទេ៕ ​