ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់​៤​រូប​ជួបគ្នា​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​៦៣,៥០០​គ​.​ក្រ​

អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៤​រូប នឹងត្រូវ​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៣​ តុលា ​២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​, ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១​ជា​ម្ចាស់​ពានរង្វាន់ ។​

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ ថន វាសនា​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ ពួកគេ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ច្រើនដង​ហើយ កាលពីពេល​កន្លងមក ដែល​ថន វាសនា វាយ​ចាញ់​សុខ សុវណ្ណ រហូត ។

រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​ប្រហាក់ប្រហែលគ្នា តែ​ស្នៀតគុន​និង​កលល្បិច​គឺ​ចាញ់​សុខ​សុវណ្ណ​ទេ ។ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើងទៅ​ផ្តាច់ព្រ័ត្រ​នោះឡើយ ។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ថ្មី​ចាន់ វ៉ា​រិ​ទ្ធ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​យ៉ុ​ន ដា​រ័ត្ន ។ ពួកគេ​ទាំងពីរ​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា ។ យ៉ាងណា ប៉ះគ្នា​លើក​នេះ គឺមាន​លក្ខ​ណះ​តឹងតែង​ហើយ ។​ ​

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​ថា សុខ សុវណ្ណ និង យ៉ុ​ន ដា​រ័ត្ន អាច​នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​

ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ។​ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក ។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា រ៉ា​វ៉ាន់ ចាន់​រាជ គេ​អាច​វាយ​ឈ្នះ​ម៉ន ភី​រម្យ ឬ​អត់​នោះទេ​? ព្រោះ​រ៉ា​វ៉ាន់ ចាន់​រាជ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ។ ប៉ុន្តែ​យ៉ាងណា រ៉ា​វ៉ាន់ ចាន់​រាជ គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​គួរសម​ដែរ ។​

ចាន់ កក្កដា ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ ហេង ភារ​ម្យ ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ហើយ​រិ​ទ្ធ វុត្ថា ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​យឹម សំរិទ្ធ ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម៕ ​
​ ​