ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​Carabao សប្តាហ៍​ទី​៤ ៖ ​សុខ សា​វិ​ន ជួប Phat Thana ឯ​ឃីម បូរ៉ា ជួប Phat Ngenthong

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅ​រិ៍​ទី​១៣ ​តុលា​ ២០១៨​នេះ ជាការ​ប្រកួត​សប្តាហ៍​ទី​៤ ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ និង​អ្នក​ប្រដាល់​ថៃ Phat Thana ហើយ​អ្នក​ប្រដាល់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង អ្នក​ប្រដាល់​ថៃ Phat Ngenthong។

សុខ សា​វិ​ន និង Phat Thana ប្រហែលជា​ពិបាក​បន្តិច​ហើយ បើទោះបីថា សា​វិ​ន គេ មាន​ផ្លែ​ល្អ​ជាង Phat Thana ក៏ដោយ ក៏​អ្នក​ប្រដាល់​ថៃ​Phat Thana ជា​អ្នក​ប្រដាល់​ជើងចាស់ ស៊ូ និង​រឹងមាំ ។
Phat Thana គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​។​គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ប្រកួត​បាន​៥៩​លើក ឈ្នះ​៥១​លើក ចាញ់​០៨​លើក​និង​មិនដែល​ស្មើ ។

សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៩៥​លើក ឈ្នះ​៦៩​លើក ចាញ់​២០​លើក និង​ស្មើ​០៥​លើក ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​៣​នេះ គេ​រំពឹងថា សុខ សា​វិ​ន នឹង​រកបាន​៣​ពិន្ទុ​មិន​ខាន ក្នុង​ការជួប Phat Thana នេះ ។​

កាលពី​ប្រកួត​ក្នុង​ជុំ​ទី​២(២២​កញ្ញា​២០១៨) សុខ សា​វិ​ន បាន​ផ្តួល Phat Chhayakphum ក្នុង​ទឹក​ទី​៣ ឯ Phat Thana ជុំ​ទី​២(២៩​កញ្ញា​២០១៨) គេ​បាន​ផ្តួល​លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​៣ ។

ចំពោះ​ការជួបគ្នា​រវាង ឃីម បូរ៉ា និង Phat Ngenthong ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​៤​លើក​ហើយ​ពីមុនមក ដែល​ក្នុង​ការជួប​៤​លើក​នោះ ឃីម​បូរ៉ា​ឈ្នះ​បានតែ​ម្តង​ប៉ុណ្ណោះ​ដោយ​ចាញ់​២​លើក​និង​អត់​ប្រកាស​លទ្ធផល​មួយ​លើក ។ តែ​យ៉ាងណា ឃីម បូរ៉ា និង Phat Ngenthong នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ​ក៏​ប្រហែល​គ្នា​ដែរ គ្រាន់តែ​បូរ៉ា មានកំនត់​ត្រា​ប្រកួត​ច្រើនជាង​ប៉ុណ្ណោះ ។​

Phat Ngenthong គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨១​លើក ឈ្នះ​៦៨​លើក ចាញ់​១៣​លើក និង​មិនដែល​ស្មើ​។ ចំណែក​ឃីម បូរ៉ា គេ​មាន​កំនត់ត្រា​ប្រកួត​១១០​លើក ឈ្នះ​៨០​លើក ចាញ់​២៨​លើក និង​ស្មើ​០២​លើក​។ ឃីម បូរ៉ា គេ​ប្រកួត​លើកចុងក្រោយ​(២២​កញ្ញា​២០១៨) គេ​វាយ​ឈ្នះ​Phat Maha ក្នុង​ទឹក​ទី​២​។ ចំណែក ការប្រកួត​លើកចុងក្រោយ​របស់ Phat Ngenthong (២៩​កញ្ញា​២០១៨) គឺ​ចាញ់​សូត្រ ប៊ុន​ធី ដោយ​ពិន្ទុ ។
​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​រវាង​ឃីម បូរ៉ា និង Phat Ngenthong នេះ​ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ។

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះទេ ? ព្រោះ​ពួកគេ​ទាំងពីរ សុទ្ធ​ខាន​ឡើង​ប្រកួត​យូរ​ដូចគ្នា ។​

សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ចាំមើល រវាង សឿន ឆ្នើម និង ឯក កៃ​ឈៀង​នេះ តើន​រណា​ឈ្នះ ?៕