ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​រត់​រួច​ម្នាក់ ខណៈ​ឆក់​ទូរស័ព្ទ ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​ចាប់​តាមផ្លូវ

ភ្នំពេញ ​​៖​ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់ ទី​២ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន ខណៈ​ឆក់​ទូរស័ព្ទ​គេ ហើយ​នៅពេល​ជិះ​ម៉ូតូ​គេចខ្លួន ទើប​ប្រជាពលរដ្ឋ ជួយ​ស្ទាក់​ចាប់​តាមផ្លូវ​តែម្តង។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០​និង​៤០​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​១០ ផ្លូវ លេខ​៣០៧ ក្រុមទី​៦៣ ភូមិ​១៣ សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ ឈ្មោះ ម៉ាន់ សុ​ប៊ុន ហៅ ប៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ពុំ​ស្គាល់​លេខ ផ្លូវលំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ វត្ថុតាង​ចាប់យក​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Smakhs V ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-2736 ដែលមាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក I phone 6 plus ពណ៌​ខ្មៅ ប្រើ​ស៊ីម​លេខ​: 097 6357757 (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់ ) បានធ្វើការ​ប្រគល់ជូន​រងគ្រោះ​វិញ​តាម​ការស្នើសុំ ដោយមាន​ការ​ឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សន ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើក​អេ​ស្ការ​វ៉ា​ទ័​រ ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​៥៨៨ ក្រុម ទី​៥៩ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​អោយដឹង​ថា​ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០:៤០​នាទី ជនរងគ្រោះ​ឈ្មោះ សន ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ បាន ដើរ​ចេញពី​ផ្សារ​ទួលគោក ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជនរងគ្រោះ​ដើរ​ថ្មើរជើង​បណ្ដើរ និង​យក ទូរស័ព្ទ​ដៃ​មកលេង​ហ្គេម​បណ្ដើរ តាម​បណ្ដោយ ផ្លូវ លេខ​៣០៧ លុះ​ពេល​ជនរងគ្រោះ​ដើរ​មកដល់​មុខ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​៣០៧ ក្រុមទី​៦៣ ភូមិ​១៣ សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់​តែ​មាន​ជនសង្ស័យ​ឈ្មោះ ម៉ាន់ សុ​ប៊ុន ហៅ ប៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើក​ម៉ូតូ និង​បក្សពួក​ឈ្មោះ យ៉ា ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​អង្គុយ​ពី​ខាងក្រោយ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki Smahs V ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-2736 បាន​ជិះ​មកពី​ខាងក្រោយ​ខាងឆ្វេង​ដៃ​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ ម៉ាន់ សុ​ប៊ុន បាន​ជិះ​ម៉ូតូ​ទៅ​អែប​ខាងឆ្វេង​ដៃ​របស់​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ យ៉ា បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជនរ​ង​គ្រោះ បានសម្រេច ភ្លាម​នោះ​ជនរងគ្រោះ​ក៏បាន​ស្រែកថា​ចោរៗ​ក៏ត្រូវ​បាន ប្រជាពលរដ្ឋ​នៅក្បែរនោះ​ស្ទាក់​ឃាត់​ជនសង្ស័យ​ទាំងពីរ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របស់​ជនសង្ស័យ​ទាំងពីរ​ទៅលើ​ផ្លូវ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ យ៉ា ក៏​រត់​គេច​ខ្លួន​បាត់ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ាន់ សុ​ប៊ុន ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​២ អន្តរាគមន៍​ឃាត់ខ្លួន និង​វត្ថុតាង ទូរស័ព្ទ​ដៃ​របស់​ជន​រងគ្រោះ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម នីតិវិធី​ច្បាប់​តែម្ដង។​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ម៉ាន់ សុ​ប៊ុន ហៅ ប៊ុន សមត្ថកិច្ច​យើង​បាន យក​ទឹកនោម​ជនសង្ស័យ​រូប នេះ​មក​ធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល មាន​ភាព អវិជ្ជមាន។​

បច្ចុប្បន្ន​៖ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕