ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​ការងារ​ រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ

​ភ្នំពេញ ​៖​ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមជាមួយ​គណៈប្រតិភូ និង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អាជ្ញាធរ​ដែនដី​របស់​ប្រទេស​ថៃ​បាន រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ជូន​ដល់ បងប្អូន​ពលករ ពាណិជ្ជករ និស្សិត​កម្ពុជា ប្រមាណ​ជាង​៧​ពាន់​នាក់ នៅ​វត្ត​ស៊ី​សុ​ដា​រាម សង្កាត់​បា​ឃុន​ន​ន្ទ ខណ្ឌ​បាងកក ប្រទេស​ថៃ​។​

ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​និច្ចកាល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ពលករ ពាណិជ្ជករ និង​និស្សិត​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ទាំងអស់​ជា​ដា​រាប​រៀងមក​។​

លោក​បណ្ឌិត អ៊ិត សំហេង បាន​ថ្លែង​អំណរ​អរ​ព្រះ​គុណ និង​អរគុណ គណៈកម្មការ​វត្ត សមាគម​ខេមរៈ​និស្សិត សមាគម​មិត្តភាព​កម្ពុជា ថៃ អាជ្ញាធរ​ថៃ ដែល​បាន​បង្កលក្ខណៈ​ជូន​បងប្អូន​ខ្មែរ រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​គន្លង​ប្រពៃណី ហើយ​ដែល​ពិធីបុណ្យ​នេះ ជា​បុណ្យប្រពៃណី​ខ្មែរ​ដែល តែងតែ​ជួបជុំ​គ្រួសារ ធ្វើ​ពិធី​ដាក់​បិណ្ឌ ឧទ្ទិស​កុសល​ជូន​ដល់ បុព្វការី​ជន​ដែល​បាន​ចែក​ឋាន ទៅកាន់​សុគតិភព​។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់ថា ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ ដោយ​រាជរដ្ឋាភិបាល បាន​សម្រួល​ដល់ បងប្អូន​ប្រជាពលរដ្ឋ ទៅធ្វើ​បុណ្យ បាន​ឈប់​បី​ថ្ងៃ បើកប្រាក់​ខែ​មុន​ពិធីបុណ្យ និង​ផ្ដល់​ឡានក្រុង រថភ្លើង ជិះ​មិន​បង់ប្រាក់ ក្នុងឱកាស​ទៅលេង​ស្រុកកំណើត​ផង​។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​ភាព តាមរយៈ ការបោះឆ្នោត ថ្ងៃ ២៩​កក្កដា កន្លងទៅ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជន​ជាង​៨៣% បាន​ទៅ​បោះឆ្នោត​។ ថ្ងៃទី​៦​កញ្ញា រាជរដ្ឋាភិបាល អាណត្តិ​ថ្មី​ទី​៦ បាន​បង្កើតឡើង ដោយ​ជោគជ័យ ដោយ​សម្ដេច​តេ​ជោ ហ៊ុនសែន បាន​បន្ត​ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៦ បន្តទៀត ហើយ​សម្តេច​បានដាក់​ចេញ កម្មវិធី​នយោបាយ​នានា​ជាច្រើន​ដើម្បី ការពារ កសាង​ប្រទេស និង​លើក​កំពស់ ជីវភាព​របស់​ប្រជាជន​។
បន្ថែម​ពីនេះ​ទៀត​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត គោលនយោបាយ ផ្ដល់ឱកាស​ជូន​បងប្អូន ប្រជាពលរដ្ឋ​រក​ការងារ​ដែល​ពេញចិត្ត​នៅក្រៅ​ប្រទេស ជាពិសេស​បងប្អូន​ពល​ករ​ខ្មែរ​នៅ​ថៃ ដែល​បាន រកបាន​ការងារ​ស្របច្បាប់ តស៊ូ​រក​ចំណូល​ផ្ដល់ជូន​គ្រួសារ ជា​ពលរដ្ឋ​ខ្មែរ​ដ៏​ឆ្នើម​ដែលមាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ តាមរយៈ​ការងារ​បងប្អូន​បាន​ផ្ញើ​ប្រាក់ គ្រួសារ​វិញ​សរុប ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​នេះ​ក៏បាន​រួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្តថា ដើម្បី​ការពារ រក្សា​ការងារ និង​ប្រាក់ចំណូល​របស់​បងប្អូន កម្ពុជា​យើង នឹង បន្ត​កិច្ចសហប្រតិបត្តិការ លើ​​វិស័យ​ការងារ និង​ពលកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ ៤​ឆ្នាំ​កន្លងទៅ កម្ពុជា​-​ថៃ បានសម្រេច​ជោគជ័យ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលករ​ពិសេស ការផ្ដល់​ភាព​ស្របច្បាប់​ជូន​បងប្អូន ជាង​កន្លះ​លាន​នាក់ មកទល់ពេលនេះ បងប្អូន នៅ​ថៃ​មាន ១​លាន ៨​ម៉ឺន​នាក់ សុទ្ធតែ​ស្របច្បាប់​ទាំងអស់។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់តាំង​ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រ​ទេស​ថៃ មន្ត្រី​នៃ​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​ក្រុមហ៊ុន​ហាយ​សឹ​លូ​សិន ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី ជា​មន្ត្រី​បង្គោល ដើម្បី​ចាំ​សម្របសម្រួល និង​ជួយ​ដល់​ពលករ​ក្នុងពេល​មាន​បញ្ហា និង​តម្រូវ​ការចាំបាច់​នានា​។

ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម បងប្អូន​ពលករ​យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ចំនួន​៧​រួមមាន​៖ ព្យាបាល​ជំងឺ មាតុភាព ពិការភាព បាត់បង់​ជីវិត សោធន​និវត្ត ភាព​អត់​ការងារ​ធ្វើ និង​ការថែទាំ​កុមារ តែ​ពលករ​ត្រូវ​បង់​វិភាគទាន ៥% នៃ​ប្រាក់ខែ ដើម្បី​ជូន​ដល់​រដ្ឋាភិបាល​ថៃ ហើយ​របប​នេះ​បងប្អូន​នឹង​ទទួល​បានជា​រៀងរហូត​ទោះបី​ចប់​ការងារ​នៅ​ថៃ វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ក៏ដោយ​។

នៅក្នុង​ឱកាស​នោះដែរ លោក​បណ្ឌិត អ៊ិត សំហេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​រស់នៅ និង​ធ្វើការ​ដោយ​គោរព​ច្បាប់ រក្សា​សាមគ្គីភាព រវាង​ខ្មែរ និង​ខ្មែរ រវាង​ខ្មែរ និង​ថៃ រស់នៅ​ក្នុង​ភាព​សប្បាយ​រីករាយ​ក្នុង​សហគមន៍ និង​តាម​កន្លែងធ្វើការ គិតគូរ​ពី​បញ្ហា សុខភាព ជា​ចម្បង និង​ឆ្លៀតពេល​ទៅលេង​ស្រុកកំណើត​នៅក្នុង​ឱកាស​បុណ្យទាន និង​ថ្ងៃ​ឈប់​សម្រាក​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114