ព័ត៍មានទាន់​ហេតុការណ៏
Search

បុណ្យ​ភ្ជុំបិណ្ឌ​ក្នុងឆ្នាំនេះ ខេត្ត​កំពង់ចាម ​​ស្លាប់​មនុស្ស​១៣​នាក់ របួស​១៧​នាក់

កំពង់ចាម​ ៖​​ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ក្នុង​ខេត្តកំពង់ចាម រយៈពេល​១៥​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៥​ខែតុលា ​ឆ្នាំ​២០១៨​ដល់​ថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៥​លើក ប្រៀប​នឹង​ឆ្នាំមុន កើន​២​លើក​ក្នុង​នោះ​
-​ស្លាប់​មនុស្ស​ចំនួន​១៣​នាក់ ​ដែល​ឆ្នាំមុន​ស្លាប់​មនុស្ស​តែ​៨​នាក់​ប៉ុណ្ណោះ​
-​របួសធ្ងន់​ចំនួន​៦​នាក់​
-​របួសស្រាល​ចំនួន​៥​នាក់​។​

លោក​ឧត្តមសេនីយ៍ត្រី សោម រស់​ស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម ទទួលបន្ទុក​សណ្ដាប់ធ្នាប់ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បណ្តាលមកពី :
-​កត្តា​មនុស្ស ចំនួន​៩​លើក ស្លាប់​មនុស្ស ចំនួន​១០​នាក់ ស្ថិត​ក្នុងករណី វ៉ា ជែង​និង​ប្រើប្រាស់​ល្បឿន​លឿន ក្រៅពីនេះ​មកពី​កត្តា​យានយន្ត​និង​ផ្លូវ។

លោក ស្នងការរង​បាន​បញ្ជាក់ថា ស្រុក​ដែលមាន​គ្រោះថ្នាក់​ចរាចរ​ច្រើនជាងគេ​រួមមាន​:
-​ស្រុក បាធាយ​៥​លើក ស្លាប់​មនុស្ស​ចំនួន​៦​នាក់​
-​ស្រុក​ចំការលើ​១​លើក ស្លាប់​មនុស្ស​២​នាក់​
-​ស្រុក​ព្រៃឈរ​ចំនួន​២​លើក ស្លាប់​មនុស្ស​២​នាក់​
-​ស្រុក​ស្រី​សន្ធរ​៣​លើក ស្លាប់​មនុស្ស​១​នាក់​
-​ស្រុក​កំពង់សៀម​២​លើក​ស្លាប់​មនុស្ស​២​នាក់​។​

លោក សោម រស់ បាន​បន្តថា ក្នុង​រដូវ​បុណ្យ​បិណ្ឌ​ភ្ជុំ​ឆ្នាំនេះ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​យកចិត្តទុកដាក់ ចាត់វិធានការ ការពារ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សម្រួល​ចរាចរណ៍ ដោយ​ប្រើ​ឧបករណ៍ មធ្យោបាយ កម្លាំង​សរុប ដោយ​កម្លាំង​អធិការនគរបាល ក្រុង ស្រុក​និង​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​ចែកជា​៤​ក្រុម​គឺ​ចុះ​ប្រចាំ​តាម​គោលដៅ​គ្រប់​ស្រុក។

លោក ស្នងការរង សោម រស់ បាន​បញ្ជាក់ថា ឆ្នាំនេះ​មាន​រថយន្ត​កើនឡើង​ជាច្រើន លើសពី​ឆ្នាំមុន មានការ​កកស្ទះ​បន្តិចបន្តួច​ពិសេស នៅ​ចំណុច​រង្វង់​មូល​ស្ពាន​គី​ហ្សូ​ណា កាលពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៨​នេះ តែ​មិន​ជាប់គាំង​ទេ​គឺ​ការ​ធ្វើ​ចរាចរ​យឺតៗ​មាន​រយៈពេល​ខ្លី​។​
លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា ឆ្នាំនេះ លំហូរ​រថយន្ត​ច្រើនជាង​ឆ្នាំមុន តែ​ពលរដ្ឋ​និង​អ្នកបើកបរ យានយន្ត​មានការ​យល់ដឹង​និង​គោរព​ច្បាប់​ចរាចរ​ខ្ពស់ ចេះ​យោគយល់​អធ្យាស្រ័យយ័​គ្នា​បានល្អ​។​

លោក ស្នងការ​ក៏បាន​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ខិតខំ​បំពេញភារកិច្ច​តាម​តួនាទី​របស់​ខ្លួន​ពិសេស​លើ​ការងារ​សណ្តាប់ធ្នាប់ ចរាចរណ៍ ដោយ មិន​គិត​ពី យប់​ឬ​ថ្ងៃ ក្តៅ ត្រជាក់ ភ្លៀង​ខ្យល់​លំបាក​យ៉ាងណាក៏ដោយ​គឺ​គោរព​វិន័យ​បាន​ល្អ​ជាប្រចាំ៕