ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជួយសង្គ្រោះ​ស្វែងរក​តាម​កម្ទេចកម្ទី​ដើម្បី​រក​ជនរងគ្រោះ​ដោយសារ​ព្យុះសង្ឃរា Michael

ក្រុម​ស្វែងរក​និង​ជួយ​សង្គ្រោះបាន​ស្វែងរក​សព្វ​ពាសពេញ​តាម​សហគមន៍​អាមេរិក​ដែល​រង​ការបំផ្លិចបំផ្លាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្វែងរក​ជនរងគ្រោះ​នៃ​ព្យុះសង្ឃរា Michael ដែលជា​ព្យុះ​បិសាច​ប្រភេទ​៤​ដែល​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​រដ្ឋ Florida ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៦​នាក់​នៅក្នុង​រដ្ឋ​ចំនួន​បី។

នៅ​ឆ្នេរសមុទ្រ​ម៉ិ​ក​ស៊ិ​ក ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​កម្ទេច​ដោយសារ​ព្យុះ ទូក​ត្រូវបាន​បំ​ប៉ើង​មក​គោក​ហើយ​ផ្លូវថ្នល់​ត្រូវបាន​រាំងស្ទះ​ដោយសារ​ដើមឈើ​និង​បង្គោល​ភ្លើង​ដូ​ល​រលំ​។

អភិបាលរដ្ឋ Florida លោក Rick Scott និយាយថា ព្យុះ​នេះ​បាន​បណ្តាល​ឲ្យ​មាន “​ការបំផ្លិចបំផ្លាញ​មិនគួរ​ឲ្យ​ជឿ​” ហើយ​អាទិភាព​សម្រាប់​ពេលនេះ​គឺ​ត្រូវ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​មិន​ធ្វើតាម​ការបញ្ជា​ឲ្យ​ជម្លៀស​។​

លោក Scott បាន​ប្រាប់ ABC ថា “​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំងណាស់​អំពី​ពលរដ្ឋ​របស់​យើង​ដែល​មិនបាន​ជម្លៀសចេញ​ហើយ​ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ប៉ុណ្ណោះ​ថា​យើង​នឹងមិន​មានការ​បាត់បង់​ជីវិត​ច្រើន​ទេ​”​។​
​កង​យោធា​សហរដ្ឋអាមេរិក​បាន​និយាយថា ទាហាន​ឆ្មាំ​ជាតិ​រដ្ឋ Florida ជាង​២,០០០​នាក់​កំពុងធ្វើការ​លើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​។​

រហូតមកដល់​ពេលនេះ មាន​មនុស្ស​ចំនួន​៦​នាក់​ត្រូវបាន​គេ​អះអាងថា​ស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ​ដោយ​ក្នុងនោះ​មាន​៤​នាក់​នៅក្នុង​តំបន់ Gadsden នៃ​រដ្ឋ Florida, ម្នាក់​នៅ​រដ្ឋ Georgia និង​ម្នាក់ទៀត​នៅ​រដ្ឋ North Carolina​។​

មន្ត្រី​រដ្ឋ Florida បាន​និយាយថា ផ្ទះ​និង​អាជីវកម្ម​ជាង​៤០០,០០០​គឺ​មិនមាន​អគ្គិសនី​ទេ​នៅក្នុង​រដ្ឋ​នេះហើយ​លោក​អភិបាល Scott បាន​និយាយថា កម្មករ​ជិត​២០,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ស្ដារ​អគ្គិសនី​ឡើងវិញ​។​

ព្យុះ Michael បាន​បោកបក់​កាលពី​រសៀល​ថ្ងៃ​ពុធ​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​៤​ដែល​វា​ជា​ព្យុះ​មាន​ឥទ្ធិពល​បំផុត​ដែល​វាយប្រហារ​រដ្ឋ Florida ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកនេះ​។​

ចាប់តាំងពី​ពេលនោះ​មក ព្យុះ Michael ត្រូវបាន​គេ​បន្ទាប​ទៅជា​ព្យុះ​ត្រូ​ពិ​ក​នៅពេលដែល​វា​ធ្វើដំណើរ​ឆ្លងកាត់​រដ្ឋ Carolina ដែល​រដ្ឋ​នេះ​ទើបតែ​ស្តារឡើងវិញ​បន្ទាប់ពី​ជួប​ព្យុះសង្ឃរា Florence កាលពី​ខែ​មុន​៕ AFP