ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​បាន​សម្រេច តែ​គ្មាន​សំណាង ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​បាន​២​នាក់ ខណៈ​កង់​បី​កៀរ​ផ្ទប់​នឹង​ទ្រូងផ្លូវ

ភ្នំពេញ ​៖​ ជនសង្ស័យ​០២​នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ល្បាត​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ជនសង្ស័យ​០២​នាក់​នេះ​ ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​នារី​ជិះ​ម៉ូតូ​​​កង់បី បានសម្រេច តែ​ជា​សំណាងអាក្រក់​ត្រូវ​អ្នក​បើក​ម៉ូតូ​កង់​បី​កៀរ​ម៉ូតូ​ជនសង្ស័យ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​ម៉ូតូ​និង​បាន​ធ្វើអោយ​ម៉ូតូ​កង់​បី​ក្រឡាប់ ទើប​កម្លាំង​ល្បាត​ទៅដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំងពីរ​នាក់​ជាក់ស្តែង​រួមទាំង​វត្ថុតាង​តែម្តង។

អំពើ​ឆក់​នេះ​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១១​និង​១៥​នាទី​យប់ នៅ​ចំណុច​មុខផ្ទះ​លេខ​៣២៦​ផ្លូវ​ម៉ៅ​សេទុង​ក្រុមទី​៣៥​ភូមិ​១២​សង្កាត់ បឹង​សាឡាង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ ទី​១ ឈ្មោះ វណ្ណ វិ​សាន់​ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ថ្នាក់​ទី​១០E​ស្នាក់​នៅផ្ទះ​ពុំ​ស្គាល់​លេខ ផ្លូវលំ ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ​២ ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ (​អ្នកបើក​ម៉ូតូ​)​ធ្វើ​សកម្មភាព។ ទី​២ ឈ្មោះ សុខ ណៃ ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​សាមគ្គី​ថ្នាក់​ទី​១០E1​ស្នាក់នៅ​ពុំ​ពិតប្រាកដ​(​ដេក​ចល័ត​)​អ្នកធ្វើ​សកម្មភាព​ឆក់។​

វត្ថុតាង​ចាប់​យក​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្កុប​ពី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1HE1097​ដែលមាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​: KT11OD.8133369( ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព)។ កាបូបស្ពាយ​ពណ៌​ទឹកមាស​ចំនួន​០១ (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់ ) បាន​ធ្វើការ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​តាម​ការ​ស្នើសុំ ដោយមាន​ការ​ឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ។

ចំណែក​ជនរងគ្រោះ ឈ្មោះ យា សាអ៊ី​នី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវលំ​ក្រុម សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១​និង​១៥​នាទី​យប់ ជនរងគ្រោះ​ឈ្មោះ យា សាអ៊ី​នី ​ភេទ​ស្រី ​អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ឥស្លាម​បាន​ជិះ​ម៉ូតូ​កង់​បី​(​ឥណ្ឌា​)​ចេញពី​ហាង​ម្ហូប​ខ្មែរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង រហូតមកដល់​ចំណុច​មុខផ្ទះ ៣២៦ ផ្លូវ​ម៉ៅ​សេទុង​ក្រុម​៣៥​ភូមិ​១២​ សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ។ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ស្កូពី​ពណ៌​ខ្មៅ​ជិះ​តាម​មកពី​ក្រោយ​ម៉ូតូ​កង់​បី​ដោយ​អែប​ខាងឆ្វេង​ដៃ ហើយ​ជនសង្ស័យ​ជិះ​ខាងក្រោយ​ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កា​បូ​ប​ស្ពាយ​របស់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​នៅ​លើ​កង់​បី​បណ្តាល​អោយ​ដាច់​ខ្សែ​ (​បាន​សម្រេច​)​ពេលនោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏បាន​កៀរ​ម៉ូតូ​ជនសង្ស័យ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្ដាល​អោយ​ដួល​ម៉ូតូ​ព្រមទាំង​ម៉ូតូ​កង់​បី​ក៏​ក្រឡាប់ ​ពេលនោះ​កម្លាំង​ល្បាត​ក៏បាន​ទៅដល់​ធ្វើ​ការ​ឃាត់​ជនសង្ស័យ​បាន​ទាំងពីរ​នាក់​ជាក់ស្តែង​រួម​ទាំង​វត្ថុតាង​តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕