ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកស្លាប់​កើន​ដល់​១២​នាក់​ក្នុង​ទឹកជំនន់​នៅ​កោះ Majorca

ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ភ្លាមៗ​ដែល​វាយលុក​កោះ Majorca របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កើនឡើង​ដល់​១២​នាក់​ហើយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ខណៈ​ព័ត៌មាន​អំពី​ជនរងគ្រោះ​ជនជាតិ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ហូ​ឡង់​និង​អង់គ្លេស​ បាន​ចាប់ផ្តើម​លេចឡើង​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​។​

ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​មួយគូ អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​អេ​ស្ប៉ា​ញ​និង​អ្នកកាសែត​អាល្លឺម៉ង់​ម្នាក់​ដែល​កំពុងធ្វើដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​ឲ្យ​ទឹកទន្លេ​ហៀរហូរ​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​កំពុង​ស្វែងរក​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​នៅក្នុង​ឡាន​ជាមួយ​ម្តាយ​និង​បងស្រី​របស់​វា​នៅពេលដែល​ពួកគេ​ត្រូវ​វាយប្រហារ​ដោយ​ទឹកជំនន់​។​

ការ​បោសសម្អាត​ដ៏​ធំ​មួយ​កំពុង​ធ្វើឡើង​តាមផ្លូវ​ដែល​គ្របដណ្តប់​ដោយ​ភក់​នៅក្នុង​ទីក្រុង Sant Llorenc des Cardassar ដែលជា​ទីក្រុង​មួយ​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​។​

ទាហាន​បាន​ប្រើ​ប៉ែល​ដើម្បី​ចូក​ភក់​ដ៏​ក្រាស់​ចេញពី​ដង​វិថី​នានា​នៃ​ទីក្រុង​នេះ​ដែលមាន​ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​រាជធានី Palma របស់​កោះ​នេះ​។​

រដ្ឋមន្ត្រី Catalina Caldera នៃ​រដ្ឋបាល​សាធារណៈ​ក្នុង​រដ្ឋាភិបាល​តំបន់​នៃ​កោះ Balearic បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បុគ្គលិក​សេវា​សង្គ្រោះបន្ទាន់​ប្រមាណ​៩០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​និង​ស្វែងរក​ក្មេងប្រុស​ដែល​បាត់​ខ្លួន​។​

ប្រភពពី​ព្រះបរមរាជវាំង​បាន​ប្រាប់ AFP ថា បន្ទាប់ពី​ដំណើរ​របស់​លោកនាយក​រដ្ឋមន្ត្រី Pedro Sanchez ទៅកាន់​តំបន់​គ្រោះមហន្តរាយ​នៅ​កោះ​ដែលមាន​ប្រជាប្រិយ​ពី​សំណាក់​ជនបរទេស​នេះ​, ស្តេច Felipe ទី​៦​និង​មហេសី​របស់​ទ្រង់​គឺ​ព្រះ​នាង​Letizia នឹង​យាង​ទៅ​ទីនោះ​នៅ​ថ្ងៃ​សុក្រ​។​

សរុបទៅ សេវា​គ្រាអាសន្ន​បាន​និយាយថា មាន​បុរស​ចំនួន​៧​នាក់​និង​ស្ត្រី​៥​នាក់​បាន​ស្លាប់​។​
​រដ្ឋាភិបាល​ក្នុង​តំបន់​បានប្រកាស​ការ​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ​៕ AFP