ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

ភ្នំពេញ​ ៖​ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៦​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ទាំង​០៦​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន រួមមាន ​​៖ ​១/ ឈ្មោះ បូ នី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ,២/ ឈ្មោះ ម៉ៅ វុ​ធ ហៅ​ក្រុ​ត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ពួកគេ​ទាំង ០២​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន ក្រោយ​ពេល​ដែល​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​បន្ត​ទៅ​លួច​កាត់​ខ្សែ​ភ្លើង និង​ដែក កាលពី​វេលា​ម៉ោង​០១:០៥​នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​៦០​ម​ក្បែរ​របង​អគ្គិសនី ភូមិ​ព្រែ​កតា​ណូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ចំណែក​ជនសង្ស័យ ០៤​នាក់ ផ្សេងទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងនោះ​មាន​ ៖ ​១/ ឈ្មោះ ច្រឹ​ក ផាន់​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,២/ ឈ្មោះ សួស សុខ​ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២២:១០​នាទី នៅ​ចំណុច ផ្លូវ​បេតុង​ជាប់​របង​វត្ត​ជាន់​ឯក ស្ថិត​ក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ៣/ ឈ្មោះ ប៉ិល ឡែ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ (​ធ្លាប់​ជាប់គុក ១០​ឆ្នាំ ពីបទ​មនុស្សឃាត​) ៤/ ឈ្មោះ ហឹម សុភា​ស់ ហៅ​ពៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០:៣០​នាទី នៅ​ចំណុច ផ្លូវលំ ក្រុម​ទី​៩ ភូមិ​ព្រែក ទាល់ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

តាម​ការសាកសួរ ក៏ដូចជា​ចម្លើយ​សារភាព​របស់​ពួកគេ​ទាំង ០៦​នាក់ ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ពិតប្រាកដ​មែន ហើយ​គ្រឿងញៀន​ទាំង ០៩​កញ្ចប់​នេះ គឺ​ពួកខ្លួន​បាន​ទិញ​យក​មកប្រើប្រាស់​ទាំងអស់​គ្នា ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំ​រឿង និង​ប្រមូល​វត្ថុតាង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕