ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​ស៊ើបអង្កេត​ការបរាជ័យ​របស់​រ៉ុក្កែត ISS

ក្រុម​អ្នកស៊ើប​អង្កេត​រុស្ស៊ី​បានចាប់ផ្តើម​ការស៊ើបអង្កេត​ទៅលើ​មូល​ហេតុដែល​រ៉ុក្កែត Soyuz ទទួល​បរាជ័យ​ភ្លាមៗ​បន្ទាប់ពី​ចេញដំណើរ​ដែល​នេះ​ជាការ​បរាជ័យ​ដ៏​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​អវកាស​របស់​ប្រទេស​រុស្ស៊ី​។​

អវកាសយានិក​អាមេរិក​ឈ្មោះ Nick Hague និង​រុស្ស៊ី​ឈ្មោះ Aleksey Ovchinin ត្រូវ​បង្ខំចិត្ត​ធ្វើការ​ចុះចត​ជាបន្ទាន់​បន្ទាប់ពី​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប៉ុន្តែ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដោយ​គ្មាន​របួស​អ្វី​ឡើយ​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។​

ក្រុមមន្ត្រី​រុស្ស៊ី​បាន​និយាយថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ទៅលើ​ឧបទ្ទវ​ហេតុនេះ​ដែលជា​ឧបទ្ទវហេតុ​ដំបូង​គេ​បង្អស់​លើ​ការហោះហើរ​ដែលមាន​មនុស្ស​ជិះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​សម័យ​សូ​វៀត​។​

ឧស្សាហកម្ម​អវកាស​រុស្ស៊ី​បានទទួល​រង​នូវ​បញ្ហា​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​រួមទាំង​ការបាត់បង់​ផ្កាយរណប​និង​យានអវកាស​មួយចំនួន​ផងដែរ​។ ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​នឹង​ផ្អាក​ការបាញ់​បង្ហោះ​យាន​ដែលមាន​មនុស្ស​ជិះ​ដោយសារតែ​គ្រោះថ្នាក់​ចុងក្រោយ​នេះ​។​

ភ្នាក់ងារ​អវកាស Roscosmos របស់​រុស្សី​បាន​និយាយថា “​ប្រព័ន្ធ​សង្គ្រោះបន្ទាន់​បាន​ដំណើរការ យាន​នេះ​អាច​ចុះចត​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន អវកាសយានិក​គឺ​នៅរស់​”​។​
​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅពេល​រ៉ុក្កែត​កំពុងធ្វើដំណើរ​ក្នុង​ល្បឿន​ប្រហែល​៧,៥០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ចំណាយពេល​ត្រឹមតែ​១១៩​វិនាទី​ប៉ុណ្ណោះ​នៃ​ការធ្វើដំណើរ​តាម​សមុទ្រ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អង្គការ NASA ។​

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែង​នៃ​ការ​ចុះចត​ភ្លាមៗ​ហើយ​ជម្លៀស​លោក Ovchinin និង​លោក Hague​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​រុស្ស៊ី​គឺជា​ប្រទេស​តែមួយគត់​ដែល​ដឹកជញ្ជូន​អវកាសយានិក​ទៅ​និង​មកពី ស្ថានីយ​យានអវកាស​អន្តរជាតិ (ISS) ។​

គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​និយាយថា ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​នឹង​ព្យាយាម​ដើម្បី​កំណត់ថា​តើ​បទបញ្ជា​សុវត្ថិភាព​ត្រូវបាន​បំពាន​ក្នុងកំឡុងពេល​សាងសង់​ដែរ​ឬ​អត់​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​៕ AFP


TAG