ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកជន​UN របស់​ហ្វីលីពីន ​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ ខណៈ​លោក Duterte ផ្លាស់ប្តូរ​គណៈរដ្ឋមន្ដ្រី

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​អង្គការសហប្រជាជាតិ​ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​ប្រទេស​នៅ​ថ្ងៃ​សុក្រ​ ដែល​នេះ​ជាការ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ដំបូងបង្អស់​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ឆ្នាំក្រោយ។

​លោក​ប្រធានាធិបតី Rodrigo Duterte បាន​និយាយថា លោក​បានស្នើ​ឯកអគ្គរដ្ឋទូត Teodoro Locsin ឲ្យ​ជំនួស​លោក Alan Peter Cayetano ដែលមាន​ផែនការ​ស្វែងរក​អាសនៈ​មួយ​នៅក្នុង​សភា​ជាន់​ទាប​។ លោក Cayetano គឺជា​សមាជិកសភា​រយៈ​ពេល​៣​អាណត្តិ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ពីរ​អាណត្តិ​មុនពេល​លោក​ចូលរួម​ជាមួយ​គណៈរដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន​។​

បេក្ខជន​បានចាប់ផ្តើម​ចុះឈ្មោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែឧសភា​ឆ្នាំ​២០១៩​ហើយ​ត្រូវបាន​គេ​មើលឃើញថា​ជា​ការធ្វើប្រជាមតិ​មួយ​លើ​រដ្ឋបាល​របស់លោក Duterte ។​

សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន​៥​រូប​បន្ថែមទៀត​ត្រូវបាន​គេ​រំពឹងថា​នឹង​លាឈប់​និង​ឈរឈ្មោះ​សម្រាប់​តំណែង​ជ្រើសរើស​ដោយ​ក្នុងនោះ​រួមមាន​ទាំង​រដ្ឋមន្ត្រីក្រសួង​កំណែទម្រង់​កសិកម្ម ទីប្រឹក្សានយោបាយ​និង​ជំនួយការ​ពិសេស​ផងដែរ​។​

ការិយាល័យ​របស់លោក​ប្រធានាធិបតី​បាន​និយាយថា អ្នកនាំពាក្យ​របស់លោក Duterte គឺ​លោក Harry Roque ក៏​នឹង​ចាកចេញ​ទៅកាន់​តំណែង​សាធារណៈ​ផងដែរ​នៅ​ឆ្នាំក្រោយ​។ លោក Roque ត្រូវបាន​ជំនួស​ដោយ​មេធាវី​របស់​ប្រធានាធិបតី​ឈ្មោះ Salvador Panelo ។​

អាសនៈ​ជិត​៣២០​នៅក្នុង​សភា​នីតិបញ្ញត្តិ​និង​តំណែង​រដ្ឋាភិបាល​ក្នុង​តំបន់​ជាង​១៧,០០០​រាប់​ចាប់ពី​អភិបាលខេត្ត​ចំនួន​៨១​ដល់​ក្រុមប្រឹក្សា​ក្រុង​ចំនួន​១,៦០០​នឹងត្រូវ​ប្រជែង​នៅ​ទូទាំងប្រទេស​៕ REUTERS


TAG