ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​វិទ្យុ​បំរើ​ឲ្យ​បរទេស​ម្នាក់ បាន​ប្រកាស​លាឈប់​ពី​ការងារ​របស់​ខ្លួន សង្ស័យ​ទទួល​ភាព​អយុត្តិធម៌

ភ្នំពេញ​ ៖ លោក តាំង សារា​ដា ជា​បុគ្គលិក​វិទ្យុ​អាស៊ីសេរី នៅក្នុង​ទីក្រុង​វ៉ា​ស៊ីន​តោន សហរដ្ឋអាមេរិក ដែលជា​វិទ្យុ​មួយ​បំរើ​ផល​ប្រ​យោ​ជ​ន៍​ឲ្យ​បរទេស បានប្រកាស​លាឈប់​ពី​ការងារ​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់ពី​បំពេញការងារ​នៅ​ស្ថាប័ន​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ការប្រកាស​លាឈប់​ពី​ការងារ​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​តាមរយៈ​សំណេរ​របស់ខ្លួន ត្រូវបាន​គេ​សង្ស័យថា អាច​ទទួលរង​ភាពអយុត្តិធម៌ ក្រោយពី​ស្ថាប័ន​នេះ គ្រប់គ្រង​ដោយ​លោក ជុន ច័ន្ទ​បុត្រ ដែល​រត់គេចខ្លួន​ពី​ប្រទេស​កម្ពុជា​។

ការប្រកាស​លាឈប់​ពី​ការងារ​របស់លោក តាំង សារា​ដា បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ លោក តាំង សារា​ដា ដែល​ល្បីល្បាញ​ខ្លាំង​តាមរយៈ​ការ​រិះគន់ ជេរប្រមាថ លើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា មិន​សំចៃមាត់​នោះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា “​ចាប់ពីពេលនេះ​តទៅ ខ្ញុំ​លែង​ជា​បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី​តទៅទៀត​ហើយ​”​។ លោក​បាន​សរសេរ​ទៀតថា “​សូម​ក្រុម​អ្នក​ព័ត៌មាន​ដូចគ្នា​កុំ​យក​ការលាឈប់​របស់ខ្ញុំ ទៅ​ពាក់ព័ន្ធ​ប្រឡាក់​ប្រទាញប្រទង់​ជាមួយ​លោក ជុន ច័ន្ទ​បុត្រ​អី គាត់​មិន​ដឹងអី​ទេ គាត់​កំពុង​សំរាក​ព្យាបាល​ជំងឺ ដ៏​គួរ​អោយ​អាណិត​បំផុត​។ ការលាឈប់​របស់ខ្ញុំ គឺជា​ការជ្រើសរើស​រប​ស់​ខ្ញុំ​។ បើ​គ្មាន​ហេតុ វា​ក៏​គ្មាន​ផល​ដែរ សំរាប់​ការលាឈប់​នេះ​។ តែ​ខ្ញុំ​នឹង​មកវិញ​នៅ​ប៉ុន្មាន​ខែ​ទៀត ជាមួយ​ព័ត៌មាន​ថ្មី​ផ្សេង​វិញ​។ stay tune ! “​។​

លោក តាំង សារា​ដា ធ្លាប់បាន​សរសេរ​ដែរ​ថា “​សុខចិត្ត​ក្រ ជាមួយ​ម្ចាស់​ឆ្លាត ជាជាង​មានបាន ជាមួយ​ម្ចាស់​ល្ងង់​”​។ “​ទ្រឹស្តី​នៃ​ការតស៊ូ​ទាំងឡាយ ភាគច្រើន​កើតចេញពី​ការឈឺចាប់ និង​ភាព​រងគ្រោះ​”​។​

ទាក់ទង​បញ្ហា​នេះ បណ្តាញ​ទំនាក់ទំនង​សង្គម មិត្តភក្តិ​របស់លោក​ជាច្រើន បាន​ព្យាយាម​សាកសួរ​ពី​មូលហេតុ ដែល​លោក​សម្រេច​ចាក​ចេញពី​ស្ថាប័ន​ព័ត៌មាន​បំរើ​បរទេសមួយ​នេះ ប៉ុន្តែ​លោក តាំង សារា​ដា មិនបាន​បកស្រាយ​តប​វិញ​ឡើយ សូម្បីតែ​ការងារ​ថ្មី ដែល​លោក​នឹង​ចាប់យក​នាពេលខាងមុខ​នេះ​។​

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Sopheap Phlay បាន​បញ្ចេញយោបល់​ថា “១ អាស៊ី​ម៉ា​សេរី​ហ្នឹង ខ្ញុំ​ចូលចិត្ត​តែ​សំឡេង​បង​ទេ​។ ក្រៅពី​ហ្នឹង ដូច​ម៉េច​មិនដឹង​។ ព្រាត់​ចុះ​បង​” ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ ប៊ុនធឿន ធឿន បានសរសេរថា “​ខ្ញុំ​ស្រលាញ់​ភាពក្លាហាន និង​សំឡេង​របស់​អ្នក​។ តើ​ហេតុ​អី​បាន​ទៅជា​បែបនេះ​?”​។​

ចំណែក​លោកស្រី ដេ​ប៊ី គ្រី​ស្ហើ ស្ទីល (Debbie Krisher-Steele) ចាងហ្វាង​ការផ្សាយ​របស់​អតីត​កាសែត ឌឺ​ខេ​ម​បូ​ឌា​ដេលី និង​ជា​កូនស្រី​បង្កើត​របស់លោក ប៊ើ​ណាដ គ្រី​ស្ហើ (Bernard Krisher) បាន​លើកឡើងថា នៅពេល​ទ្វារ​មួយ​បិទ ទ្វារ​មួយទៀត​បើក​។ សូម​ដំណើរ​ទៅមុខទៀត​របស់​អ្នក ទទួលបាន​ជោគជ័យ​។​

ការលាឈប់​របស់លោក តាំង សារា​ដា គឺ​ស្ថិតក្នុង​ដំណាក់កាល​វិទ្យុ​អាស៊ីសេរី ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រឹទ្ធសភា​អាមេរិក​នោះ គ្រប់គ្រង​ដោយ​លោក ហូត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែល​ធ្លាប់មាន​ប្រវត្តិ​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ដោយ​ក្លែងខ្លួន​ជា​ជំនួយការ​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ដោយសារ​ការបន្លំ​ខ្លួន​ចូលទៅក្នុង​ពន្ធនាគារ​ដោយ​ខុសច្បាប់ លោក ហួត ឃី​ន​វុទ្ធី ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ឲ្យ​ចូលខ្លួន​ក្នុងនាម​ជា​ជនសង្ស័យ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​លោក​បានចេញ​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​សញ្ជាតិ​អាមេរិកាំង​។​

គួររំលឹកថា វិទ្យុ​អាស៊ីសេរី ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រឹទ្ធសភា​អាមេរិក ហើយ​ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អ្នក​សិទ្ធិមនុស្ស ជា​អ្នកប្រជាធិបតេយ្យ ជា​វិទ្យុ​ឯករាជ្យ​នោះ កន្លងទៅ​មាន​អតីត​បុគ្គលិក​នៅ​ប្រទេស​កម្ពុជា ជាច្រើន​ត្រូវបាន​បញ្ឈប់​ដោយ​គ្មាន​មូលហេតុ ហើយ​ស្ថាប័ន​វិទ្យុ​នេះ ក៏​មិនបាន​អនុវត្ត​តាមច្បាប់​ការងារ​របស់​កម្ពុជា ដូចដែល​ពួកគេ​បាន​ផ្សាយ​រិះគន់​រាជរដ្ឋាភិបាល​ឲ្យ​អនុវត្ត​ដែរ ហើយក៏​ត្រូវបាន​អតីត​បុគ្គលិក​ប្តឹងទៅ​តុលាការ ដោះស្រាយ​មិនទាន់​ចប់​ផង ប៉ុន្តែ​វិទ្យុ​នេះ​បានសំរេច​បិទ​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ណាមួយ​នោះទេ​៕