ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េ​ទាំងពីរ ​នឹង​រៀបចំ​កិច្ចពិភាក្សា​ថ្នាក់ខ្ពស់​នៅ​ថ្ងៃទី​១៥​ខែតុលា

ក្រសួង​បង្រួបបង្រួម​របស់​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ​នឹង​រៀបចំ​កិច្ចពិភាក្សា​ថ្នាក់ខ្ពស់​នៅ​ថ្ងៃ​ចន្ទ​នៅ​ឯ​ភូមិ​ព្រំប្រទល់ Panmunjom ដើម្បី​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​ នៃ​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​របស់​ពួកគេ​។​

នៅឯ​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​របស់​ពួកគេ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែ​មុន ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​យល់ស្រប​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឡើងវិញ​រួមទាំង​ការតភ្ជាប់​ផ្លូវ​រថភ្លើង​និង​ផ្លូវថ្នល់​ជាថ្មី​ហើយ​បើក​សួនឧទ្យាន​រួមគ្នា​និង​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​ភ្នំ Kumgang ផងដែរ​នៅពេល​លក្ខខណ្ឌ​ត្រូវបាន​បំពេញ​។​

លោក មូ​ន ក៏បាន​និយាយ​ផងដែរ​ថា លោក​គីម​និយាយថា លោក​នឹង​អញ្ជើញ​អ្នកជំនាញ​អន្ដរជាតិ​ដើម្បី​មើល​ការរុះរើ​ទីតាំង​មី​ស៊ី​ល​ដ៏​សំខាន់​មួយ​និង​បិទ​បរិវេណ​នុយក្លេអ៊ែរ Yongbyon ដ៏​ធំ​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​សកម្មភាព​ចំ​បាច់​។​

ក្រសួង​បាន​និយាយថា ការពិភាក្សា​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ផ្នែក​ខាងត្បូង​នៃ​ភូមិ Panmunjom ក្នុង​តំបន់​គ្មាន​យោធា​ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​លោក Cho Myoung-gyon ។​

ទោះបីជា​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​មិនទាន់បាន​បញ្ជាក់​ពី​គណៈប្រតិភូ​របស់ខ្លួន​នៅឡើយ​ទេ​ប៉ុន្តែ​កិច្ចប្រជុំ​មុនៗ​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិភាព​ទទួលបន្ទុក​កិច្ចការ​ឆ្លងកាត់​ព្រំដែន​លោក Ri Son Gwon ។​

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់ យើង​នឹង​ពិភាក្សា​អំពី​វិធី​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ព្យុងយ៉ាង​ជារួម​និង​សម្រេច​កាលវិភាគ​សម្រាប់​កិច្ចពិភាក្សា​នៅលើ​តំបន់​នីមួយៗ​”​។​

ការប្រកាស​នេះ​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​រប​ស់​សហរដ្ឋអាមេរិក​ថា ទំនាក់ទំនង​អន្តរ​កូរ៉េ​អាចមាន​កំដៅ​លឿន​ពេក​ទាក់ទង​នឹង​ការចរចារ​ដើម្បី​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕ REUTERS