ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​សម្រេច​មិន​អោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់ ​ដែល​លួច​ប្រា​ក់​ជាង​៧​លាន​ដុល្លារ​នៅក្រៅ​ឃុំ

ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​សភា​ស៊ើបសួរ​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី ១២​តុលា ឆ្នាំ​២០១៨​នេះ ​បានសម្រេច​មិនអោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​កូន​ដែល​ជាប់​ពាក់ព័ន្ធ​ការ​លួច​ប្រាក់​និង​ឆបោក​ប្រាក់​ពាណិជ្ជករ​ចិន​ចំនួន​ជាង​៧​លាន​ដុល្លារ នៅក្រៅ​ឃុំ​ឡើយ។

ការសម្រេច​នេះ​បន្ទាប់ពី​សភា​ស៊ើបសួរ​ដឹកនាំ​ដោយ​លោក​ឃុន លាង​ម៉េង បាន​បិទទ្វារ​បើកសវនាការ អវត្តមាន​ជនជាប់ចោទ​ទាំង​២​នាក់។ បន្ទាប់មក​ក្រុមប្រឹក្សាតុលាការ​បានប្រកាស​សម្រេច​មិន​អនុញាត​អោយ​ជនជាប់ចោទ​នៅក្រៅ​ឃុំ​ទេ ដោយ​សម្អាង​ហេតុ​ថា សំណុំរឿង​ក្ដី​នេះ​កំពង់​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបសួរ​របស់​តុលាការ​ជាន់​ទាប ហើយ​ព្យសនកម្ម​មាន​ទំហំ​ធំ​ដែល​តុលា​ការ​មិន​អនុញាតិ​អោយ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ឡើយ។

សូមបញ្ជាក់ថា ​ក្នុង​នីតិវិធី​សវនាការ​របស់​សភា​ស៊ើប​សួរ​នៃ​សាលាឧទ្ធរណ៍​នេះ​ពុំមាន​វត្តមាន​របស់​ជន​ជាប់ចោទ​ទាំង​២​នាក់​នៅក្នុង​សវនាការ​ឡើយ។​

កាលពី​ល្ងាច​ថ្ងៃទី ១៥​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​និង​កូន​ពីបទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់​និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវបាន​ចាត់​បញ្ជូន​អោយ​លោក​ចៅក្រម យិន សារឿន ជា​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី ប៉ុន្តែ​ដោយសារ​ល្ងាច​ណាស់​ទៅហើយ​តុលាការ​សម្រេច​ផ្ញើ​ជនជាប់ចោទ​នៅ​សមត្ថកិច្ច​អាវុធហត្ថ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ការ​​សម្រេច​នៅ​ព្រឹក​ថ្ងៃអាទិត្យ។

សូមបញ្ជាក់​ថា បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​និង​កូន ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១៤​កញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី ឆបោក​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់ប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក។

ជនសង្ស័យ​ ដែល​ត្រូវ​ចាប់ខ្លួន​ទី​១.​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រស​ អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313។
ជនសង្ស័យ​ទី​២​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪ​ពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាងអោយ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

ឥឡូវនេះ​ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​កូន​ កំពុង​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​រង​សៀង សុខ ធ្វើការ​សាកសួរ​នៅឡើយ។

ប្រភព​ព័ត៌មាន​ពី​អយ្យការ​អម​សាលាដំបូង​បានអោយដឹងថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជនជាតិ​កូរ៉េ​ពី​បទ​ឆបោក​មាន​ទឹកប្រាក់​ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្ត​កាល​ពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយ​គ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា​ឪ​ពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធន៍​ក្នុង​ការទិញ​និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២ ០០០​ដុល្លារ​ប៉ុណ្ណោះ។

ពេលនោះ​ក្រុមហ៊ុន​ដែល​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ដែល​ទិញ​គឺមាន​បំពាក់​ឧបករណ៍​ទំនើប​និង​កញ្ចក់​ការពារ​គ្រាប់​កំភ្លើង។ បន្ទាប់មក​ពួកគេ​ពាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​អោយចំ​នួន​៨​ដង ស្មើ​ទឹកប្រាក់ ៣១៤ ០០០​ដុល្លារ អោយ​ចូ ស៊ូ​ពិន និង​ចូ សាម​ហ្សុ​ង ។ លុះដល់​ថ្ងៃទី ០៥ មេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង​មាន​ភិនភាគ​ប្រហាក់ប្រហែល​និង​រថយន្ត​ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មកអោយ ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​នឹង​យក​រថយន្ត​ថ្មី​មក​អោយ​ ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់រ​ហូត​ដល់ពេលនេះ។​
មិនតែប៉ុណ្ណោះ​នៅពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឱ​ពុក​បាន​លួច​ដក​សាច់​ប្រាក់សុទ្ធ​របស់​​ក្រុមហ៊ុន​អស់​ចំនួន ៧ ២០៥ ៨៨២​ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪ​ពុក​កូន​បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ពាក់​ស្លាក​លេខ ខម មាន​អង្គរក្ស​ការពារ​ជិៈ​ទៀត​ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង ។​

ក្រោយពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជនជាប់ចោទ​បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​បដិសេធ ទើប​ជន​ត្រូវ​ចោទ​បាន​ប្ដឹង​ឡើង​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍។ ឥឡូវ​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បានសម្រេច​មិន​អោយ​នៅ​ក្រៅ​ឃុំ​ឡើយ៕