ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន យកឈ្នះ​ក្រុម​ខ្លាំង​Johor Darul Ta’zim ក្នុង​ជើង​ទី​១​ពានរង្វាន់​Malaysia Cup

កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែល​ទើប​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺជា​កីឡាករ​តែ​១​រូប​គត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨​នៅពេលនេះ ខណៈ​ក្លិប​របស់​កីឡាករ​រូប​នេះ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Johor Darul Ta’zim F.C ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ប្រចាំ​យុទ្ធនាកា​ប្រកួត​ក្នុង​ពានរង្វាន់ 2018 Malaysia Cup​។​

​ពានរង្វាន់ 2018 Malaysia Cup បាន​ជម្រុះ​ជាច្រើនលើក ខណៈ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​១៦ ចែកជា​៤​ពូ​ល​។ ក្រុម​ខ្លាំងៗ​តាម​ពូ​ល​នីមួយៗ​មានឈ្មោះ​ឡើងទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ និង​បន្តទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​។ ជារួម​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​Teregganu FA ប៉ះ​ក្រុម​Johor Darul Ta’zim F.C ហើយ​ក្រុម Perak ជួប​ក្រុម Sabah​។ ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ​។​

​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​នេះ​ក្រុម Teregganu FA បាន​យកឈ្នះ​លើ​ក្រុម Johor Darul Ta’zim ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​Sultan Ismail Nasiruddin Shah Stadium ក្នុង​ទីក្រុង​Kuala Terengganu របស់ខ្លួន​។ ចំណែក​ជើង​ទី​២ វិញ​នឹង​ក្រុម​ទាំង​២​នឹងធ្វើ​ការប្រកួត​គ្នា​ក្នុង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន​Tan Sri Dato’ Haji Hassan Yunos Stadium ក្នុង​ទីក្រុង Larkin វិញ​ម្តង​។​

​ចំពោះ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទើបតែ​ធ្វើដំណើរ​ត្រឡប់មក​ស្រុកកំណើត​វិញ ដើម្បី​ចូល​ហ្វឹកហាត់​និង​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​និង​សឹង្ហ​បុរី​។ សម្រាប់​ប្រកួត​កន្លងមក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រុម Teregganu FA បាន​យកឈ្នះ​លើ​ក្រុម Kuala Lumpur ៥​ទល់​១ ហើយ​បន្ត​ឈ្នះ​លើ​ក្រុម Perak ៤​ទល់​៣ និង​ស្មើគ្នា​ជាមួយ​ក្រុម Felcra ២​ទល់​២​។ ចូលដល់​ជុំ​ទី​២​ក្រុម​នេះ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម Felcra ៤​ទល់​១ មុន​ចាញ់​ក្រុម Perak ២​ទល់​១ វិញ និង​បន្ត​ចាញ់​ក្រុម​Kuala Lumpur៣​ទល់​២​។ ចំណែក​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រុម​នេះ​បាន​យកឈ្នះ​លើ​ក្រុម​Felda United ទាំង​២​ជើង​ដោយ​លទ្ធផល​៦​ទល់​៤​។​

​សូម​រំលឹកថា​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ប៉ុណ្ណោះ៕