ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ កងយោធពល​ខេមរភូមិន្ទ​អាណត្តិ​ទី​៦ នឹង​បន្ត​ចូលរួម​ចំណែក​ការពារ និង​ទប់ស្កាត់​នូវ​ឧបាយកល​ប៉ុនប៉ង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់

កំពង់ធំ​ ៖ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​មរណៈ​នៅ​ខេត្តកំពង់ធំ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា របស់​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨។

ថ្លែង​ទៅកាន់​អ្នកចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ពិធី​ដែល​យើង​កំពុង​ប្រារព្ធ​នា​ថ្ងៃនេះ ស្រប​ពេលដែល​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ទើបតែ​បានបញ្ចប់​ពិធីបុណ្យ​បុណ្យ​ភ្ជុំបិណ្ឌ រួមជាមួយ​នឹង​ក្តី​មោទនភាព​ឥតឧបមា ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​គណៈប្រតិភូ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ និង​ជួប​ប្រាស្រ័យ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​កម្ពុជា​យើង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់​។ ក៏ដូចជា​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន​លើក​ទី​១០ នៅ​ប្រទេស​ជប៉ុន និង​រហូតដល់​ថ្ងៃនេះ គឺ​ចូលរួម​នៅក្នុង​វេទិការ​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ធ្វើការ​កែទម្រង់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត សំដៅ​ធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ​រូបបន្តរ ដែល​ជា​សរសៃ​ឈាម​សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​គោលដៅ​នៃ​សកលភាវូបនីយ៍កម្ម ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត វិស័យ​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វប្បធម៌​បាន និង​កំពុង​រក្សាបាន​ស្ថិរភាព​រឹងមាំ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​នេះ តាម​ការវាយតម្លៃ​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជា​អ្នកជំនាញ​សេដ្ឋកិច្ច កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧ ភាគរយ​ជាប់ៗ​គ្នា ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​១១​ភាគរយ ហើយ GDP សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់​ទទួលបាន​១៥០០​ដុល្លារ​ជាង​។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាន់យក​គោល​យោ​បាយ​សន្តិ​សហ​វិជ្ជមាន និង​អព្យាក្រឹត​ក្នុងការ​ទំនាក់ទំនង​ការទូត​របស់​កម្ពុជា ជាមួយនឹង​បណ្តា​ប្រទេស​លើ​ពិភពលោក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា ការធ្វើ​សមាហរណកម្ម​កម្ពុជា​ចូលក្នុង​សហគមន៍​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​នានា ទាំង​នៅក្នុង​តំបន់ និង​លើ​សកលលោក ការបញ្ជូន​កង​រក្សា​សន្តិភាព និង​ការងារ​មនុស្សធម៌​ទៅតាម​បណ្តា​ប្រទេស​មួយចំនួន ក្នុង​បេសកកម្ម​នៃ​អង្គការ សហប្រជាជាតិ ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​តូចធំ ក៏ដូចជា​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ​ជាច្រើន ជាពិសេស​ការអញ្ជើញ​ចូលរួម​ប្រជុំ នៅ​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ការជួបប្រជុំ​ជា​លក្ខណៈ​ទ្វេ​​ភាគី ជាមួយ​បណ្តា​មេដឹកនាំ សំខាន់ៗ​នៅ​ទូទាំង​ពិភពលោក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាពេល​ថ្មីៗ​កន្លងមកនេះ ប្រការ​នេះ​ពិតជា​បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​កិត្យានុភាព​ជាតិ និង​កិត្តិយស​ជាតិ​របស់​កម្ពុជា កាន់តែ​ខ្ពង់ខ្ពស់ និង​ឧ​ត្តុ​ង​ឧ​ត្ត​ម​។ ដោយឡែក​កងយោធពល​ខេមរភូមិន្ទ​យើង​វិញ ក្នុង​អាណត្តិ​ទី​៦​នេះ ក៏ដូចជា​អាណត្តិ​មុនៗ​ដែរ ក្រៅ​អំពី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បន្ត​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​សង្គម បង្ការ​ទប់ស្កាត់​រាល់​អំពើ​ឧក្រិដ្ឋ​កម្ម ចោរកម្ម អំពើ​ជួញដូរ​គ្រប់​ប្រភេទ អំពើ​ភេរវកម្ម អំពើ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ជាច្រើន​ទៀត ជាពិសេស​យើង​ការពារ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា នូវ​ឧបាយកលល្បិច​នាំ​យក បដិវត្តន៍​ពណ៌​របស់​បក្សពួក​ប្រឆាំង ប៉ុនប៉ង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​អាណត្តិ​ទី​៥ ក៏ដូចជា​ចង់​បំផ្លាញ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​ផ្ទុយ​ទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ គោលការណ៍​ប្រជាធិបតេយ្យ ពី​ឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ និង​នីតិរដ្ឋ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា បច្ចុប្បន្ននេះ កងយោធពល​ខេមរភូមិន្ទ កំពុងតែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ផែនការ កែ​ទម្រ​ង​របស់ខ្លួន​ជា​បណ្តើរៗ ដោយ​ផ្អែកលើ​ច្បាប់​ពីរ​ជា​មូលដ្ឋាន គឺ​ច្បាប់​កាតព្វកិច្ច​យោធា និង​ច្បាប់​សោធ​និវត្តន៍​។ លោក​គិតថា លទ្ធផល​នៃ​ការ​កែ​ទម្រង់​នៅពេលនេះ នៅមាន​ភាពលំបាក ខ្វះខាត និង​មាន​ចន្លោះប្រហោង​ខ្លះៗ​ក្តី តែ​ជា​បន្តបន្ទាប់ យើង​នឹង​សង្ឃឹមថា ការងារ​កែ​ទម្រង់​នេះ នឹង​ទទួល​បាន​ជោគជ័យ តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​បញ្ជ្រាប​នាយទាហាន​វ័យក្មេង​ ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​កាយសម្បទា​មាំមួន ព្រម​ជាមួយ​នឹង​ការពង្រីក​ចំណេះដឹង​ខាង​វិជ្ជាជីវៈ​គ្រប់​ជំនាញ​។ លើ​មូលដ្ឋាន​នេះ យើង​ពិតជា​អាច​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​កំណត់​របស់​យើង។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ឱ្យ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រូវ​ប្ដេជ្ញា​ការពារ​រដ្ឋ ធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ហើយ​ត្រូវ​សកម្ម​ចូលរួម​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​។ ត្រូវ​បង្កើន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និង​បទ​វិន័យ​ទូទៅ​របស់​កងយោធពល ខេមរភូមិន្ទ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ត្រូវ​ចងចាំ និង​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ប្រសាសន៍​សម្តេច​តេ​ជោ គឺ​” ទោះ​ក្នុងតម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ការពារ​ឲ្យ​បានជា​ដាច់ខាត នូវ​សុខ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​កំពុងតែ​មាននៅ​ពេលនេះ និង​មិន​អនុញ្ញាត​ឲ្យ​ជនណាម្នាក់​មក​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព សមិទ្ធផល​ដែល​កំពុងមាន​នេះ​ជាដាច់ខាត​”​។ ត្រូវ​បន្ត​បង្កើន កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​មិត្ត សាមគ្គីភាព ភាពជា​បងប្អូន​ជា​ភូមិ​ផង​របង​ជាមួយ ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​របស់​យើង​នៅក្នុង​ការរួម​គ្នា ថែរក្សា​ការពារ និង​ទប់ស្កាត់​រាល់​អំពើចោរកម្ម ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន និង​រត់​គេចពន្ធ គ្រប់​ប្រភេទ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ព្រំដែន​កម្ពុជា​-​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ ប្រកបដោយ​ព្រំដែន សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ជឿនលឿន​លើ​គ្រប់​វិស័យ​។ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន របស់​សង្គមជាតិ ពី​ឧបាយកល​ឃោសនា ញុះញង់​បោកប្រាស់ ពី​ក​ល្បិច​ផ្សេងៗ​របស់​បក្សពួក​ប្រឆាំង និង​ពួក​អគតិ​ខាងក្រៅ ដោយ​ឯករាជ្យ​ម្ចាស់ការ​ប្រឆាំង​តបត និង​ប្រឆាំង​ដាច់ខាត ចំពោះ​ឧបាយកល​ល្បិច និង​ស្មោះស្ម័គ្រ ការពារ​ដាច់ខាត​រាល់​សមិទ្ធផល​ជាតិ៕