ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បង្ហាញ​សក្តានុពល ​និង​កាលានុវត្តភាព​៦​ចំណុច​ទាក់ទាញ​អ្នក​វិនិយោគ​នៅក្នុង​វេទិការ​ធុរកិច្ច​មេគង្គ​-​ជប៉ុន

ភ្នំពេញ ៖ នៅ​ចំពោះមុខ​អ្នក​ធុរជន​ប្រមាណ ៥០០ នាក់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​៩ ខែតុលា បាន​បង្ហាញថា ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​សក្តានុពល និង កាលានុវត្តភាព​ជាច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​។ សម្តេច​តេ​ជោ​បានលើកឡើង​ពី​សក្តានុពល​និង​កាលានុវត្តភាព​ទាំង​៦​ចំណុច ធ្វើឡើង​នៅក្នុង​ក្នុង​វេទិការ​ធុរកិច្ច​មេគង្គ​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

នៅក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​-​ជប៉ុន ដែលមាន​ឈ្មោះថា «​តំបន់​ប្រមូលផ្តុំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច ហ៊ុន សែន បានលើកឡើង​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ចំនួន ៤ ដោយ​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ នៅក្នុង​ដំណាក់កាល​ចតុកោណ​ទី​៤ នេះ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​សំដៅ​ស្វែងរក​ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង ប្រកបដោយ​ចីរភាព ដោយ​ទាញយក​ប្រយោជន៍​ពី​កាលានុវត្តភាព​នៅក្នុង​តំបន់ បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​ដែលមាន​ស្រាប់​នៅក្នុង​អនុវិស័យ​ពាក់ព័ន្ធ​។​

ដោយឡែក​ចំពោះ​សក្តានុពល​និង​កាលានុវត្តភាព​ទាំង​៦​ចំណុច​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន បានលើកឡើង​ប្រាប់​អ្នកវិនិយោគ នៅក្នុង​ឱកាស​ធុរកិច្ច​មេគង្គ​-​ជប៉ុន រួមមាន​៖

​ទី​១. ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ពេញលេញ​ក្នុងប្រទេស បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​លើ​គន្លង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​អត្រាកំណើត​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ ៧% ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លងទៅនេះ​។​

ទី​២.​គឺ​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​“​រោងចក្រ​នៃ​អាស៊ី​”​ហើយ​ម្យ៉ាង ទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ​ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​និង​ការតភ្ជាប់​ខ្ពស់​ជាងគេ​។ ជាមួយគ្នានេះ​ការផ្លាស់ប្តូរ​ទីប្រជុំ​ទម្ងន់​នៃ​កំណើនសេដ្ឋកិច្ច​មក​ទ្វីបអាស៊ី​ពិសេស​អាស៊ី​បូព៌ា​បន្ត​នៅ​ជា​“​ឱកាស​មាស​”​សម្រាប់​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និង សេវាកម្ម ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

ទី​៣.​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុ​នោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម ៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ដែលមាន​ចំណូល​មធ្យម និង​វណ្ណៈ​កណ្តាល នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា ក្នុងការ​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​សម្រាប់​រយៈពេល ៣ ទសវត្សរ៍​ខាងមុខ​។

ទី​៤ .​គឺ​កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ​។

ទី​៥ .​ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់​ផ្គង​សម្រាប់តែ​ទីផ្សារ​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង​១៥​លាន​នាក់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ ២៥០ លាន​នាក់​ទីផ្សារ​អាស៊ាន ដែលមាន​អតិថិជន​ប្រមាណ ៦៣០ លាន​នាក់ និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RECP) ដែលមាន​អតិថិជន​ប្រមាណ ៣​ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។

​ទី​៦. កម្ពុជា​បាននិងកំពុង​ធ្វើ​សមាហរណកម្ម និង​ត​ភ្ជាប់​តាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​ជាដើម​៕

​