ព័ត៍មានទាន់​ហេតុការណ៏
Search

​បេសកកម្ម​ការទូត​នៅក្រៅ​ប្រទេស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រយៈពេល​ពេញ​មួយ​សប្ដាហ៍​បាន​បញ្ចប់​ជាមួយ​លទ្ធផល​ជា​វិជ្ជមាន​និង​មោទនភាព

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន លើក​ទី ១០ នៅ​ប្រទេស​ជប៉ុន​រយៈពេល ៤ ថ្ងៃ​និង​បន្តដំណើរ​ចូលរួម “​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​” ដែល​ត្រូវបាន​រៀបចំឡើង​ស្រប​ជាមួយ​កិច្ច​ប្រជុំពេញ​អង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភពលោក​ក្រោម​មូលបទ​”​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និង​សកល​”​នៅ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៨​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។

ក្នុង​ការ​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០​ខែតុលា​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ស៊ីន​ហ្សូ​អា​បេ​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​លោក​ម៉ាសា​ហី​រ៉ូ​អី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​,​លោក​ហី​រ៉ូ​យូគី​អី​ស៊ី​ហ្គេ​(Hiroyuki Ishige) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​JETRO,​លោក ហ្វ៊ូមី​អាគីតាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ពុជា​,​លោក​ណូ​ប៊ូ​អាគី​គី​តា​ម៉ូ​រី (Nobuaki Kitamori) តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៊ី (Mitsui Co., Ltd) និង​លោក​យូ​ស៊ី​ហ៊ី​សា​កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd)​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផងដែរ​រួមមាន​កំពង់ផែ​កុងតឺន័រ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង​មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake)​។​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន​មុន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​នៅ​ថ្ងៃទី​៩​តុលា​ ដែល​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ជប៉ុន​និង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការតភ្ជាប់​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​និង​ការពារ​បរិស្ថាន​។

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ ដែល​នៅក្នុង​ឱកាស​នោះ​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ធ្វើ​ការ​កត់សំគាល់​ដោយ​ពេញចិត្ត យ៉ាងខ្លាំង​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិ​ស័ ជាពិសេស​បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃ ប្រទេស​ទាំង​ពីរបាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ទៅដល់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៣​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញលោក ស៊ីន​ហ្សូ អា​បេ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ។ ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន ទទួលយក​ការ​អញ្ជើញ​នេះ​ដោយ​ក្តី​រីករាយ និង ជម្រាប​ជូន​ថា លោក​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ពេលវេលា​សមស្រប។

​ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​១០ នៃ​យន្តការ​មេគង្គ​-​ជប៉ុន ថ្នាក់ដឹកនាំ​បានសម្រេច​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​នេះ​ទៅដល់​កម្រិត ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ ថ្នាក់ដឹកនាំ​ទាំងអស់​បាន​អនុម័ត “​យុទ្ធសាស្ត្រ​តូ​ក្យូ ឆ្នាំ ២០១៨ សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​” ដែល​មាន​សសរស្ដម្ភ​បី​សំខាន់ៗ​គឺៈ ទី​១.​ការ​តភ្ជាប់​រស់​រវើក​និង​មាន​ប្រសិទ្ធភាព​,​ទី​២.​សង្គម​ដែល​ផ្តោតទៅលើ​មនុស្ស​ជា​ចម្បង​និង​ទី​៣.​ការសម្រេចបាន​នូវ​មេគង្គ​បៃតង​។

លើ​កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន និង ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព មេដឹកនាំ​ទាំងអស់​បានសម្រេច​ប្តូរ​ផែនការ​សកម្មភាព​ទស​វត្ស​ឆ្ពោះទៅរក​តំបន់​មេគង្គ​បៃតង​ត្រឹម​ឆ្នាំ ២០២០ ,​ទៅជា​គំនិត​ផ្តួចផ្តើម​មេគង្គ​ជប៉ុន សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅ​ឆ្នាំ​២០៣០​។ កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន និង យុទ្ធសាស្ត្រ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ​។ មេដឹកនាំ​ទាំងអស់​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹង ប្រឹង​ជា​បន្តបន្ទាប់​របស់​ប្រទេស​មេគង្គ​នីមួយៗ ក្នុង​ការ​ពង្រឹង​សណ្តាប់​ធ្នាប់​ដែល​សេរី​និង​បើកចំហ ដោយ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ ក្នុង​តំបន់​និង​បាន​បញ្ជាក់​ថា តំបន់​មេគង្គ​ដែល​ត​ភ្ជាប់ ជាមួយ​មហាសមុទ្រ​ឥណ្ឌា ទៅជា​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក មាន​អំណោយផល​ផ្នែក​ភូមិសាស្ត្រ​ដែល​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ការសម្រេចបាន​នូវ​តំបន់​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ​។

បន្ទាប់មក​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែរ​ល​រៀបចំឡើង​ដោយ​ក្រុម​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន​មេគង្គ​។ ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ដទៃទៀត​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ​មេគង្គ​ជា​តំបន់​មួយ​ដែលមាន​ទីតាំង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​មាន​ផលទុន​សរុប ក្នុងស្រុក (​ផសស​) រួមគ្នា​សរុប​ប្រមាណ​៨០០​ប៊ី​លាន​ដុល្លា​អាមេរិក និង មាន​ប្រជាជន​សរុប ២៤០ លាន​នាក់​។ បច្ចុប្បន្ន​តំបន់​នេះ​កំពុងតែ​មានការ​ផ្លាស់ប្តូ​រ​តួនាទី​ជា​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ជាទី​ផ្សារ និង ជា​មជ្ឈមណ្ឌល​ផលិតកម្ម​រួម​ធំ​មួយ​។

បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា ស្តីពី​ការ​វិនិយោគ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់​មកពី​ប្រទេស​មេគង្គ ជប៉ុន និង ដៃគូ​អភិវឌ្ឍន៍​នានា​របស់​ប្រទេស​មេគង្គ​និង​ប្រទេស​ជប៉ុន​។

នៅ​ថ្ងៃទី ១០​ខែតុលា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​“​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​”​ដែល​ត្រូវ​បាន​រៀបចំឡើង​ស្រប​ជាមួយ​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភពលោក​ក្រោម​មូលបទ​”​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​សកល​”​នៅ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៨​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​។

ជំនួប​កំពូល​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ដើម្បី​ធ្វើ​ការងារ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​អាស៊ាន​ក្នុងការ​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ពិតប្រាកដ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ថ្លែង​នៅក្នុង​ជំនួប​កំពូល​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា អាស៊ាន​សម្រេច​បាន​នូវ​វឌ្ឍនភាព​ល្អប្រសើរ​ក្នុង​ផ្នែក​សង្គម ជាពិសេស លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ ក៏ដូចជា​ភាពប្រសើរ​ឡើងលើ​សូចនាករ​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​មនុស្ស​។ លើសពីនេះ​ទៀត​អាស៊ាន គឺជា​តំបន់​ដែល​ធ្វើ​មូលដ្ឋានីយកម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​ផងដែរ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សំដៅ​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម សម្រាប់​ធានា​នាំ​កម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ នៅក្នុង បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​អាទិភាព​ខ្ពស់​របស់ខ្លួន​ទៅលើ (១) ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន (២) ការជំរុញ​ការអភិវឌ្ឍ​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង (៣) ការកែលំអ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​។

នៅក្នុង​បទ​អន្តរាគមន៍​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​អគ្គលេខាធិការ អ​.​ស​.​ប សុទ្ធតែ​បាន​កោតសរសើរ​អាស៊ាន​ដែល​សម្រេច​បាន​វឌ្ឍនភាព​សំខាន់ៗ​ក្នុង​រយៈពេល​កន្លងមក និង​បាន​សម្តែង​នូវ​ការបន្ត​ប្តេជ្ញាចិត្ត ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជាពិសេស លោក​អគ្គលេខាធិការ​អ​.​ស​.​ប បាន​អបអរសាទរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី “​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​”​រវាង​និង​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ចូលរួម​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ពិសេស ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៨ ផងដែរ៕