ព័ត៍មានទាន់​ហេតុការណ៏
Search

សរុប​ព្រឹ​ត្ដិ​ការណ៍​សកម្មភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០​ខែតុលា

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០​ខែតុលា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដល់ទី​ក្រុង​តូ​ក្យូ​កាលពី​វេលា​ម៉ោង​១៧៖៤០​នាទី​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​ត្រូវ​នឹង​ម៉ោង​១៣និង៤០ នាទី​ម៉ោង​នៅ កម្ពុជា​។


​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​នៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​៧ តុលា ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​លើ​តំបន់​និង​មជ្ឈមណ្ឌល​សំខាន់ៗ​មួយចំនួន​ក្នុង​ទីក្រុង​តូ​ក្យូ និង ទីក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណា​ហ្កា​វ៉ា ក្នុងនោះ​ទី​១.​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល​សំអាត​ទឹកលូ​,​ទី​២​អញ្ជើញ​ទស្សនា​កំពង់ផែ​កុងតឺន័រ​អន្តរជាតិ​យូ​កូ​ហា​ម៉ា និង​ទី​៣.​អញ្ជើញ​ទស្សនា​គម្រោង​អភិវឌ្ឍ​តំបន់​មីណា​តូ​មី​រ៉ា​យ ទីក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណា​ហ្កា​វ៉ា ប្រទេស​ជប៉ុន ។

នៅ​មជ្ឈមណ្ឌល​សំអាត​ទឹកលូ​ក្នុង​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ​បាន​តាមដាន​ស្តា​ប់ យកចិត្តទុកដាក់​ពី​ការធ្វើ​បទ​បង្ហាញ​ពី​សំណាក់​ថ្នាក់​ដឹក នាំ​មជ្ឈមណ្ឌល​ស្តីពី​គម្រោង​នៃ​ការផលិត​ទឹកស្អាត​ក្នុង​ទីក្រុង​តូ​ក្យូ ពិសេស​ការធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​សម្រាប់​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​តូ​ក្យូ ។ មជ្ឈមណ្ឌល​នេះ​ក៏​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយនឹង​ប្រទេស​កម្ពុជា​ក្នុងការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​ទៅកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយចំនួន​ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​និង ការប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា ពិសេស​ការកាត់បន្ថយ​លើ​ហានិភ័យ​នៃ​សុខភាព​របស់​ប្រជាជន​កម្ពុជា។

បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទស្សនា​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​ដែលជា​កំពង់​ផែន​ក្នុង​តឺ​ន័​រ​ទឹក​ជ្រៅ​មួយ​របស់​ប្រទេស​ជប៉ុន​។ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ប្រទេស​ជប៉ុន​កំពុង​ចូលរួម​ជួយ​រៀបចំ​ការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ តាមរយៈ​ការរៀបចំ ប្រព័ន្ធ​គយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​។

ក្នុង​ដំណើរ​ទស្សនកិច្ច​កំពង់ផែ​យូ​កូ​ហា​ម៉ា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​តាមដាន​ពី​ខ្សែ​ចង្វាក់​ផលិតកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កំពង់ផែ ពិសេស​ការលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​ជាមួយនឹង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។

នៅ​ទីនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​ដែល​បាន​អនុ ញ្ញាត​ឲ្យ​រូប​សម្តេច​ធ្វើ​ទស្សនកិច្ច​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​បន្ត​ការយកចិត្តទុកដាក់​និង​បង្កើន កិច្ចសហប្រតិបត្តិការ​ជាមួយនិង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទៅជា​កំពង់ផែ​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​និង​មានការ​ប្រកួតប្រជែង​ជា​មួយនឹង​បណ្តា​កំពង់ផែ​នៃ​ប្រទេស​ក្នុង​តំបន់​និង​អន្តរជាតិ​។

បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ពិសារ​អាហារ​ថ្ងៃត្រង់​ការងារ​ជាមួយ​លោកស្រី​ហ្វុ​មី​កូ ហា​យ៉ា​ស៊ី​អភិបាលក្រុង​យូ​កូ​ហា​ម៉ា​។ ក្នុង​ជំនួប​អាហារ​ការងារ​ថ្ងៃ​ត្រង់នោះ​លោកស្រី​អភិបាលក្រុង​មានប្រសាសន៍​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​របស់ សម្តេច តេ​ជោ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។

​លោកស្រី​អភិបាលក្រុង​មានប្រសាសន៍​បន្តថា ​ទីក្រុង​យូ​កូ​ហា​ម៉ា​ពិសេស​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ខ្លាំង​ជា មួយ​និង​កំពុងផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ។ លោកស្រី​អភិបាលក្រុង​បន្ត​ថា ​ឆ្នាំ​២០១៨ នេះ​គឺជា​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំ​នង​ការទូត​រវាង​ប្រទេស ទាំងពីរ​កម្ពុជា​ជប៉ុន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុង​យូ​កូ​ហា​ម៉ា ដែល​បានរៀបចំ ទទួល​បដិសណ្ឋារកិច្ច​និង​ទទួលទាន​អាហារ​ការងារ​ថ្ងៃត្រង់​ជូន​ចំពោះ​សម្តេច និង គណៈប្រតិភូ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា​ បើ​ទោះបីជា មាន​រយៈពេល​ខ្លី​ក្នុងការ​អញ្ជើញ​ទស្សនា​ទីក្រុង​យូ​កូ​ហា​ម៉ា​ពិសេស​ទស្សនកិច្ច​កំពង់ផែ​អន្តរជាតិ យូ​កូ​ហា​ម៉ា​ក៏​ពិតមែនតែ​សម្តេច​សូម​គាំទ្រ​យ៉ាង ពេញទំហឹង​ចំពោះ​ថ្នាក់ដឹកនាំ​កំពង់​ផែន​អន្តរជាតិ​យូ​កូ​ហា​ម៉ា ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​និង​ប្រសិទ្ធភាព របស់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​កន្លងមក​និង​បន្តទៅ​អនាគត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​ប្រទេស ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាង​ឥត​សំចៃ​ក្នុងការ​ស្វែងរក​សុខសន្តិភាព ការស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​ពោលគឺ​ការរីកចម្រើន​របស់ ប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ​គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​នោះទេ​។

បន្ទាប់មក​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណា​តូ មី​រ៉ា​យ ពីលើ​អាកាស​កំពស់ ២០០ ម៉ែត្រ​នៃ​សណ្ឋាគារ​ឡែ​ន​ម៉ាក ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា​។

​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី​ ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃទី ៧ ខែ តុលា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សហគមន៍​និស្សិត​ខ្មែរ និង កម្មសិក្សាការី​នៅ​ប្រទេស​ជប៉ុន​ចំនួន​៣៥០នាក់​។

នៅ​ថ្ងៃទី ៨ ខែ តុលា​ដែលជា ថ្ងៃទី ៣ នៃ​ការ​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មួ​រ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​, ជួបពិភាក្សា​ជាមួយ​លោក ហ៊ី​រ៉ូ​យូគី អ៊ី​ស្សី​ហ្គេ ប្រធាន​និង ជានា​យក ប្រតិបត្តិការ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO), ជួបពិភាក្សា​ជាមួយ​លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី តំណាង​ក្រុមហ៊ុន មី​ស៊ុ​អ៊ី , ជួប ពិភាក្សា​ជាមួយ​លោក ហ្វ៊ុ​យ​មី​អាគី តាកាហាស៊ី អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​និង​ពិសា​អាហារ​ថ្ងៃ ត្រង់​ការងារ​ជាមួយ​សមាគម​ជប៉ុន​-​កម្ពុជា​។

នៅ​វេលា​ម៉ោង​១៤និង២០​នាទី​រសៀល​ ថ្ងៃទី​៨ ​ខែតុលា​ ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​សម​ភាគី​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក្នុង ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែល​ធ្វើឡើង​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ទីក្រុង​តូ​ក្យូ​។

​ជំនួប​ពិភាក្សា​ទ្វេភាគី​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពី​កម្ពុជា​-​ជប៉ុន​បាន​ចំណាយពេល​ពិភាក្សា​ទាក់ទិន​ទៅ​និង​កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី​ពហុភាគី​បញ្ហា​តំបន់​និង​អន្តរជាតិ​រយៈពេល​ប្រមាណ ១ ម៉ោង​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួចមក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​បាន​ឈានទៅ​ធ្វើ​សន្និសីទកាសែត​រួមគ្នា​។ ក្នុង​សន្និសីទកាសែត​រួមគ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បានប្រកាស អមដំណើរ​ជាមួយ​កម្ពុជា​តាម​វិថី​នៃ​ការ​អិ​វ​ឌ្ឍ​ប្រកបដោយ​ប្រជាធិបតេយ្យ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ជប៉ុន​នឹង​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​នៃ​គណបក្ស​នានា​នៅ​កម្ពុជា​និង មន្ត្រី គ ជ ប មក​ពិនិត្យមើល​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជប៉ុន​។​ ជា​មួយ​នេះ​ជប៉ុន​និង​ជួយ​ដល់​ដំណើរការ​របស់​ស្ថាប័ន​យុ​ត្តិ​ធម៌​របស់​កម្ពុជា​ផងដែរ​។ ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សំដែង​ការពេញចិត្ត​នឹង​អ្វីដែល​លោក អា​បេ ថា​នឹង​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​មកពី​គណបក្ស នយោបាយ​នានា​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ។ សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ថា ​នេះ​ជា​វិធីសាស្ត្រ​នៃ​កសាង​លិទ្ធ​ប្រជាធិបតេយ្យ​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​កម្ពុជា​។​អ្នកនយោបាយ​វ័យចាស់​អាច​ផុតរលត់​ទៅហើយ​អ្នក​ន​យោ បាយ​វ័យក្មេង​គេ​អាច​កសាង​នូវ​វប្ប​ធម៌​ប្រជាធិបតេយ្យ​មួយ​មាន​រយៈពេល​យូរហើយ​មាន​សុខដុមរមនា​ជាមួយគ្នា​ផង​ថែមទៀត។

សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថា ​នៅក្នុង​ការចរចា​សម្តេច​បានស្នើ​សុំ​ឲ្យ​លោក អា​បេ បន្ត​ជួយ​កម្ពុជា​លើ​ការបោះឆ្នោត​បន្ត​ទៅ​ទៀត ព្រោះ​ការបោះឆ្នោត​មិន​បញ្ចប់​នៅ​ឆ្នាំ ២០១៨ នោះទេ​យើង​ត្រូវ​ធ្វើតាម​ការកំណត់​បន្ត​ទៀត។ ដោយសារ​អាស៊ី​ត្រូវជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប​លោកនាយក រដ្ឋមន្ត្រី​ជប៉ុន​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ ២០២០។ នៅ​ព្រឹក​ថ្ងៃ​ទី​​៩ ខែតុលា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស ជប៉ុន ។ នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​រៀបចំ ដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មេគង្គ​។ មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល ទាន​អាហារ​ការងារ​ពេលព្រឹក​។ នៅក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​នេះ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ និង​ថ្នាក់ដឹកនាំ​នៃ​សមាគម មិត្ត ភាព​សភា ជប៉ុន​-​មេគង្គ បានធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ទស្សនៈ ជំរុញ​វឌ្ឍនភាព​នៃ​ការ​បង្កើតឡើង​សមាគម​សភា​មិត្តភាព​ជប៉ុន​-​មេគង្គ ដែល​បង្កើតឡើង​ដោយ​គំនិត​ផ្តួចផ្តើម​របស់​បណ្តា​មេដឹកនាំ​ជប៉ុន​-​មេគង្គ នាពេល​កន្លងមក​។

បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន និង មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល មេគង្គ​-​ជប៉ុន​លើក​ទី​១០​។ កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​រដ្ឋ​ក្នុង​ទីក្រុង​តូ​ក្យូ បណ្តា​មេដឹកនាំ​នៃ​ប្រ​ទេ ស​មេគង្គ​ត្រូវបាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក​ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ -​ជប៉ុន លើក​ទី​១០។ នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​-​ជប៉ុន បានទទួល​ជួប​ជាមួយ តំណាង​ក្រុម​កីឡាករ​អាយុ​ក្រោម ១៧ ឆ្នាំ មកពី​ប្រទេស​មេគង្គ​-​ជប៉ុន ដែល​ក្រុមកីឡា​ទាំងអស់នេះ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អបអរសាទរ​ខួប​១០ ឆ្នាំ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​។ នៅក្នុង​ពិធី​ជួបជុំ​ជាមួយនឹង​តំណាង​មកពី​ប្រទេស​មេគង្គ​-​ជប៉ុន​នោះ​ដែរ ​មេដឹកនាំ​នៃ​ប្រទេស មេគង្គ​-​ជប៉ុន បាន​ជូន​បាល់ទាត់​ជា​និម្មិត​រូប​ដល់​ក្រុមកីឡា​នៃ​ប្រទេស​និ​មួយៗ​ដោយឡែក​តំណាង​ក្រុមកីឡា​ក៏បាន​ជូន​អាវ​យ៉ឺ​ត​កីឡា​មាន​លេខ ១០ ជូន​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​-​ជប៉ុន​ផងដែរ​។

កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក​ទី​១០ បាន​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០១៨ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ដែល​ផ្តោត ទៅលើ​សសរស្ដម្ភ​ថ្មី​បី​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ជប៉ុន ក្នុងនោះ​ទី​១.​ការតភ្ជាប់​រស់​រវើក​និង​មាន​ប្រសិទ្ធភាព​, ទី​២.​សង្គម​ដែល​ផ្តោតទៅលើ មនុស្ស​ជា​ចម្បង និង ទី​៣.​ការសម្រេចបាន​នូវ​មេគង្គ​បៃតង​។ លើ​កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន និង ទិសដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព មេដឹកនាំ​ទាំងអស់​បានសម្រេច​ប្តូរ​ផែនការ​សកម្មភាព​ទស​វត្ស​ឆ្ពោះទៅរក​តំបន់​មេគង្គ​បៃតង ត្រឹម​ឆ្នាំ ២០២០ ,​ទៅជា​គំនិត​ផ្តួចផ្តើម​មេគង្គ​ជប៉ុន សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅ​ឆ្នាំ​២០៣០។ កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន និង យុទ្ធសាស្ត្រ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ។ មេដឹកនាំ​ទាំងអស់​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ចខិតខំ​ប្រឹង ប្រឹង​ជា​បន្តបន្ទាប់​របស់​ប្រទេស​មេគង្គ​នីមួយៗ ក្នុងការ​ពង្រឹង​សណ្តាប់​ធ្នាប់​ដែល​សេរី​និង​បើកចំហ ដោយ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ ក្នុង​តំបន់​និង​បាន​បញ្ជាក់ថា តំបន់​មេគង្គ​ដែល​ត​ភ្ជាប់ ជាមួយ​មហាសមុទ្រ​ឥណ្ឌា ទៅជា​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក មាន​អំណោយផល​ផ្នែក​ភូមិ សាស្ត្រ​ដែល​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ការសម្រេច​បាន​នូវ​តំបន់​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ​។

មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន​ក្រោម​យុទ្ធសាស្ត្រ​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ ព្រមទាំង​បាន​សំដែង​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន ដែល​រួមចំណែក​ដល់​យុទ្ធសាស្ត្រ ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហ​។

បន្ទាប់មក​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែរ​ល​រៀបចំឡើង​ដោយ​ក្រុម​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន មេគង្គ ។ ដូចគ្នា​និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស មេគង្គ​ដទៃទៀត​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា មេគង្គ​ជា​តំបន់​មួយ​ដែលមាន​ទីតាំង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​មាន​ផលទុន​សរុប ក្នុងស្រុក (​ផសស​) រួមគ្នា​សរុប​ប្រមាណ​៨០០​ប៊ី​លាន​ដុល្លា​អាមេរិក និង មាន​ប្រជាជន​សរុប ២៤០ លាន​នាក់ ។ បច្ចុប្បន្ន​តំបន់​នេះ​កំពុងតែ មានការ​ផ្លាស់ប្តូរ​តួនាទី​ជា​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ជាទី​ផ្សារ និង ជា​មជ្ឈមណ្ឌល​ផលិតកម្ម​រួម​ធំ​មួយ​។

សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់​ដែរ​ថា ប្រទេស​មេគង្គ​មាន​សក្តានុពល​អាច​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក​ដោយ​ផ្អែកលើ​ឧត្តមភាព​ប្រកួត​ប្រជែង​នៅក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ឧស្សាហកម្ម។

សម្តេច​បន្ត​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បុ​រេ​សកម្ម​ក្នុងការ​រៀបចំ​និង​ដាក់ចេញ​នូវ​ផែនការ និង គោលនយោបាយ​សេដ្ឋកិច្ច​ជាក់លាក់ ដែល​ឆ្លើយតប​ទៅ​និង​តម្រូវការ​ជាក់ស្តែង​រប​ស់​វិស័យ​ឯកជន។ សម្តេច​សង្កត់ធ្ងន់​ថា ​រាជរដ្ឋាភិបាល​កំពុង តែ​អនុវត្តន៍​នូវ​វិធានការ​មួយចំនួន​រួមមាន​ទី​១.​លើកកម្ពស់​ការសម្រួល​ពាណិជ្ជកម្ម​ដោយ​ត្រៀម​ដាក់​ឲ្យ​អនុវត្តន៍​នូវ​បញ្ជរ​ចេញចូល​តែមួយ​ធ្វើ​សាមញ្ញ​កម្ម​និង​ស្វ័យប្រវត្តិកម្ម នីតិ​វិធី​គយ ទាំង​លើ​ការ​កំណត់ថ្លៃ និង ការ​បញ្ចេញ​ទំនិញ កាត់បន្ថយ​នូវ​ថ្លៃ​សេវា ទាំង​ផ្លូវការ និង មិន​ផ្លូវការ និង​កែ សម្រួល​ស្ថាប័ន​តាម​មាត់​ច្រក​ទ្វារ​អន្តរជាតិ​និង​កំពង់ផែ​អន្តរជាតិ ដើម្បី​សម្រួល និង ពន្លឿន​ដល់​ការនាំចេញ​និង​នាំចូល។ ទី​២.​យកចិត្តទុកដាក់ និង​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដោយ​ពង្រីក​ផ្លូវជាតិ​ទាំងអស់​ឲ្យ​ទៅជា​បួន​គន្លង​ជាពិសេស​ផ្លូវជាតិ​ដែល​ត​ភ្ជាប់​ទៅ​និង​ប្រទេស ជិតខាង​និង​កំពុង​កសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​រហូតដល់​ជម្រៅ​ទឹក ១៤ ម៉ែត្រ​ដែល​អាច​ទទួល​បាន​នូវ​កប៉ាល​ដឹកទំនិញ​ធំៗ និង កសាង​ផ្លូវ ល្បឿន​លឿន​ដែល​នឹង​សម្រេច​រួចរាល់​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ និង ទី​៣.​បញ្ចុះ​ថ្លៃ​ភ្លើង​បន្ថែម​ទៀត​ដោយ​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៩ តទៅ​ក៏ ដូចជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​។

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា ស្តី​ពី​ការ​វិនិយោគ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់​មកពី​ប្រទេស​មេគង្គ ជប៉ុន និង ដៃគូ​អភិវឌ្ឍន៍​នានា​របស់​ប្រទេស​មេគង្គ​និង​ប្រទេស​ជប៉ុន​។

គួរ​បញ្ជាក់​ថា ​ប្រទេស​ជប៉ុន​បាន​ផ្តល់នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ចំនួន ៣.៥៥៥ មុខទំនិញ​និង​ការលើកលែង​ពន្ធគយ​និង​កូតា​ចំនួន​៨.៨៥៩ មុខ ទំនិញ​ក្នុង​នោះ​ទំនិញ​កសិកម្ម​និង​នេសាទ​១.៩៨៣ មុខ ,​ទំនិញ​ឧស្សាហកម្ម​មាន​៦.៩៦៦​មុខ​ក្នុងនោះ​លើកលែងតែ​ផលិតផល​ស្ករ អង្ករ ផលិត ផល​ត្រី​មួយចំនួន ម្សៅ និង ផលិតផល​ស្បែក​ខ្លះ៕