ព័ត៍មានទាន់​ហេតុការណ៏
Search

​សម្ដេច​តេ​ជោ ប្រកាស​មិន​ចុះ​ញ​ម​ចំពោះ​ការ​គំរាម​ដក​ការអនុគ្រោះ​ពន្ធ EBA លើ​ទំនិញ​របស់​កម្ពុជា ពី​អឺរ៉ុប​នោះឡើយ

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បានប្រកាស​ជំហរ​ដាច់​ខាត​ក្នុង​ការរក្សា​អធិបតេយ្យ​និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ដោយ​មិន​ចុះ​ញ​ម​ចំពោះ​ការ​គំរាម​ដក​ការ​អនុគ្រោះ​ពន្ធ (EBA «Everything But Arms») លើ​ទំនិញ​របស់​កម្ពុជា​ពី​គណៈកម្មការ​អឺរ៉ុប​នោះ​ឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​មិន​ត្រូវយក​អធិបតេយ្យ​របស់​ជាតិ​ទៅ​ប្តូរ​នឹង​ជំនួយ​ឬ​ការ​គំរាម​ណាមួយ​ពី​បរទេស​នាំ​ឲ្យ​បំផ្លាញ​សង្គម​កម្ពុជា​នោះ​ទេ​»។ ដោយ​សម្តេច​បញ្ជាក់​ថា ​កម្ពុ​ជា​សុខចិត្ត​បង់ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​អឺរ៉ុប​តែ​កម្ពុជា​មិន​ឱនក្បាល​ចំពោះ​ការ​គំរាម​របស់​ពួកគេ​នោះឡើយ​ ហើយ​កម្ពុជា​នឹង​ប្រឹង​រស់​ដោយ​ខ្លួនឯង​។

សម្តេច​តេ​ជោ ហ៊ុន សែន បា​ន​បង្ហាញ​ជំហរ​បែបនេះ ​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្មសិក្សាការី​និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា​និង​រស់នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០១៨​នេះ​។

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ភ្លាមៗ​ខណៈពេលដែល​គណៈកម្មការ​អឺរ៉ុប បាន​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ តាមរយៈ​ការ​នាំ​ចូល​ទំនិញ​គ្រប់យ៉ាង​ពី​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប​លើកលែងតែ​អាវុធ (EBA-Everything But Arms)​។ កម្ពុជា​ជា​ប្រទេសមួយ​ដែល​បាន​ចុះ កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។

គួរ​បញ្ជាក់​ថា ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា ​នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ត្រូវ​ប្រើ​រយៈពេល​៦​ខែ​ពីរ​ដង។ ការ​បញ្ជាក់​នេះ​គឺធ្វើឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៨​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់ថា «​ការត្រៀម​រៀបចំ​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សម្រាប់​គណៈកម្មការ​(​អឺរ៉ុប​) ធ្វើ​សេចក្តីសម្រេចចិត្ត​ដាក់សំណើរ​ផ្លូវការ​ដើម្បី​ដកចេញ​ជា​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ការ​នាំចូល​ទំនិញ​គ្រប់យ៉ាង លើកលែងតែ​អាវុធ (EBA-Everything But Arms)»។

​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា នៅ​ពេល​ដែល​គណៈកម្មការ​ចាប់ផ្តើម​សម្រេច​នីតិវិធី​នៃ​ការដក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នីតិវិធី​នេះ​ត្រូវ​ចាប់ផ្តើម​ជាមួយ​ប្រព័ន្ធ​នៃ​ការត្រួតពិនិត្យ​ផ្លូវការ​ដែល​មាន​រយៈពេល​៦​ខែ។ នេះ​ជា​ខ្លឹមសារ​ពន្យល់​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។

បន្ទាប់​មក​វា​នឹងមាន​រយៈពេល ៦ ខែ​ទៀត​ដើម្បី​សរសេរ​របាយ​ការណ៍​ស្តីពី​ការប្រមូល​ព័ត៌មាន និង បញ្ចប់​របាយការណ៍​ដោយមាន​សេចក្តី​ស​ម្រេ​ច​ពី​គណៈកម្មការ​មួយ​ផ្សេង​ទៀតថា​ ត្រូវ​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះអាសន្ន​នោះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​ ការ​ឱនក្បាល​ចំពោះ​បរទេស​មួយដង​នឹងមាន​មានការ​ឱនក្បាល​ជា​បន្តបន្ទាប់​មិនអាច​ងើប​រួច​នោះ​ឡើយ​ ហើយ​ការ​ឱន​ក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​សម្រាប់​ជំនួយ​ ឬ​ ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ​ គឺជា​ការបំផ្លាញ​នូវ​អធិបតេយ្យ​និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជ ផងដែរ។ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ​តាំងពី​ក្រោយ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​ សម្តេច​នឹងមិន​ធ្វើ​ទង្វើ​ឱនក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត​កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ​កុំ​យក​សន្តិភាព​របស់ ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ​។ ​ឥឡូវ​ចង់​នរណា​ចាត់ការ​កម្ពុជា​តាម​វិធី​ណា​ចាត់​ការ​ចុះ​ ប៉ុន្តែ​កម្ពុជា​ត្រូវ​រឹងមាំ​ចំពោះ​គោលការណ៍​ការពារ​អធិបតេយ្យ ឯករាជ្យ​ជាតិ​របស់​ខ្លួន​។ បើ​កម្ពុជា​អនុវត្តន៍​ច្បាប់​កម្ពុជា​មិនបាន​ផង​ចាំបាច់​ទៅធ្វើ​កម្ពុជា​ធ្វើ​អី​ចាំបាច់​ធ្វើ​ប្រទេស​មួយ​ធ្វើ​អី​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​ ប្រធានបទ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ វា​ពេញនិយម​សម្រាប់​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ធំ ប្រទេស​មាន​លុយ ទៅលើ​ប្រទេស​ក្រីក្រ​តែប៉ុណ្ណោះ​។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថាបើ​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ គឺ​កម្ពុជា​នឹង​បង់​ដោយ​មិន​ឱនក្បាល​ចំពោះ​ការ​គំរាម​របស់​ពួកគេ​នោះ​ឡើយ ហើយ​កម្ពុជា​នឹង​ប្រឹង​រស់​ដោយ​ខ្លួនឯង​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ចង់​ឲ្យ​បង់ពន្ធ​បង់ពន្ធ ! សូម​ផ្តាំ​ឱនក្បាល​ម្តង​ត្រូវ ជំពាក់​ម្តង ឱន​ពីរដង​ជំពាក់​ពីរដង ឱនក្បាល​បី​ដង​ជំពាក់​បី​ដង​ឱន​មួយជីវិត​ខ្មែរ​អត់​ឯករាជ្យ​បានទេ ។ ប្រឹង​រស់​ងើបឈរ​ឡើង​ដើម្បី​ការពារ​ឯក រាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស​»​។

​សូម​បញ្ជាក់​ថា ទំនិញ​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ភាគច្រើន គឺជា​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ដោយ​នាំចូល​ក្រោម​ការអនុគ្រោះ​ដោយ​រកប្រាក់​ចំណេញ​បាន​ជាង ៦០០ លាន​ដុល្លារ​ក្នុង​១ ឆ្នាំៗ​៕