ព័ត៍មានទាន់​ហេតុការណ៏
Search

១១​ថ្ងៃ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ប្រជាពលរដ្ឋ​ចំនួន​៩៧,០៣៥​នាក់ បាន​ទៅ​ចុះឈ្មោះ

ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃទី​១១ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​២៥,១៥០​នាក់ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។

តាម គ​.​ជ​.​ប សរុប​ទាំង​១១​ថ្ងៃនេះ តួលេខ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​៩៧,០៣៥ នាក់ ហើយ​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន​១៤,២៤៧ នាក់ និង​អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ​មាន​ចំនួន​៧៧៩ នាក់​។ គ​.​ជ​.​ប បញ្ជាក់​ថា អ្នក​មកសុំ​ចុះឈ្មោះ​បោះឆ្នោត ទី​១, ជា​ប្រជាពលរដ្ឋ​ខែ្មរ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ទី​២, ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ឃុំ សង្កាត់ ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​ឡើង​គិតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៨ ទី​៣, ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​។

ចំណែក​អ្នក​ត្រូវធ្វើ​បច្ចុប្បន្នភាព គឺ​ទី​១, ជា​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ រួចហើយ ប៉ុន្តែ​ឈ្មោះ ឬ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត កត់ត្រា​មិន​ត្រឹមត្រូវ ទី​២, ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ រួចហើយ ប៉ុន្តែ​ស្នើសុំ​ប្តូរ​ការិយាល័យ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ក្នុង​ឃុំ សង្កាត់​ដដែល ឬ​សុំ​ប្តូរ​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​មួយទៀត ក្នុងភូមិ​តែមួយ ទី​៣, ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ដែល​បាន​ទទួល​មរណភាព ហើយ​ត្រូវ​បាន​សមាជិកគ្រួសារ​រាយការណ៍​ផ្ទាល់​ជូន​ក្រុម​ចុះឈ្មោះ (​ក​.​ច​.​ប​) ក្នុងអំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​។

​ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា នៅ​សល់​តែ​៧​ថ្ងៃ​ទៀត​ទេ ប្រជាពលរដ្ឋ ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ​ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ហើយ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០១) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុន អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕