ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ ណា​វីន ដង្ហោយ​ស្វែងរក​ការ​ជួយ​សង្គ្រោះ​ជីវិត ​ខណៈ​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​វះកាត់​ដូរ​ក្រលៀន

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​ចង្កា​ស្រួច​លេច​វត្តមាន​ស្ទើរ​គ្រប់​សាច់រឿង​អ្នកនាង នៅ ណា​វីន ខណៈដែល​បច្ចុប្បន្ន​នាង​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​បញ្ហា​ជំងឺ​ក្រលៀន​ធ្ងន់ធ្ងរ​ និង​កំពុង​សម្រាក​នៅលើ​គ្រែពេទ្យ​ដោយ​ក្នុង​ដៃ​មាន​បន្តោក​សេរ៉ូម​ផង​នោះ ​ក៏បាន​លើក​ម្រាមដៃ​សំពះ​អំពាវនាវ​សុំ​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​សប្បុរសជន​ដើម្បី​មានលទ្ធភាព​វះកាត់​ដូរ​ក្រលៀន​បន្តជីវិត​។​

អ្នកនាង នៅ ណា​វីន​បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ប្រមាណ​២​ខែ​មកហើយ ​ប៉ុន្តែ​បន្ទាប់ពី​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ​ និង​ថៃ​ហើយ​នោះ​ ស្ថានភាព​ជំងឺ​របស់​នាង​នៅតែ​មិន​មាន​សភាព​ធូរស្បើយ​ដូចដើម​នោះទេ។ មិនតែប៉ុណ្ណោះ​អ្នកនាង នៅ ណា​វីន ក៏ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ​និង​ប្រទេស​ថៃ​ប្រាប់​ឲ្យ​នាង​ចេញទៅ​វះកាត់​ដូរ​ក្រលៀន​នៅ​ឯ​ប្រទេស​ឥណ្ឌា​ទៀតផង។

​បើតាម​ការទម្លាយ​ឲ្យ​ដឹង​ពី​សំណាក់​តារា​សម្តែង​ស្រី​ដែល​ត្រូវជា​មិត្តភក្តិ​ស្និទ្ធស្នាល​ជាមួយគ្នា​គឺ​អ្នកនាង សុខ ស្រី​ម៉ុ​ច បាន​និយាយថា ​អ្នកនាង នៅ ណា​វីន មាន​បញ្ហា​គ្រោះថ្នាក់​ខូច​ក្រលៀន​មួយរយៈ​មក​ហើយ​ ប៉ុន្តែ​នាពេល​កន្លងមក​អ្នកនាង​និង​គ្រួ​សារ​ បាន​ប្រឹងប្រែង​ព្យាបាល​ ទើប​អាច​បន្តការងារ​សិល្បៈ និង​ការងារ​ផ្ទាល់ខ្លួន ដោយ​មិនមាន​អ្នកណា​ចាប់អារម្មណ៍​ថា​អ្នកនាង​មាន​ជំងឺ​ខូច​ក្រលៀន​នេះឡើយ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ​​​អ្នកនាង នៅ ណា​វីន កន្លងមក​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅក្នុង​ប្រទេស​ថៃ​មួយ​រយៈ​មក​ហើយ តែ​អំឡុង​ពេលនោះ​គឺ​ខាង​មន្ទីរពេទ្យ​ក៏បាន​ជំរុញ​ឲ្យ​បញ្ជូន​អ្នកនាង​នៅ ណា​វីន ទៅ​ធ្វើ​ការវះកាត់​ដូរ​ក្រលៀន​នៅក្នុង​ប្រទេស​ឥណ្ឌា​អោយបាន​ឆាប់​ ប៉ុន្តែ​គ្រួសារ​នាង​ពុំ​មាន​លទ្ធភាព​នោះ​ឡើង​ព្រោះ​ការ​ចេញទៅ​ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​ចំណាយ​រហូត​៥​ម៉ឺន​ដុល្លារ​ឯណោះ។

កញ្ញា សុខ ស្រី​ម៉ុ​ច​បាន​បន្ថែមថា ​បច្ចុប្បន្ន​សភាព​ជំងឺ​អ្នកនាង នៅ ណា​វីន គឺ​​​កាន់តែ​ធ្ងន់ធ្ងរ ហើយ​សម្រាប់​ការវះកាត់​ដូរ​ក្រលៀន​របស់​អ្នកនាង ណា​វីន គឺ​ត្រូវ​ការចំណាយ​រហូតដល់​ខ្ទង់​៥​ម៉ឺន​ដុល្លារ​។​ខណៈដែល​អ្នកនាង នៅ ណា​វីន​សព្វថ្ងៃ​មាន​លុយ​ត្រឹមតែ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ នេះ​រាប់បញ្ចូល​ទាំង​ការលក់​ទ្រព្យ​ផ្ទាល់ខ្លួន​។​ដូច្នេះ​ទើប​អ្នកនាង នៅ ណា​វីន បានធ្វើការ​អំពាវនាវ​ស្នើ​សុំ​ការជួយ​សង្គ្រោះ​ជីវិត​ពី​សប្បុរសជន​៕