សន្តិសុខសង្គម
អភិបាលរាជធានី ណែនាំឲ្យអង្គភាពជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាល រាជធានីភ្នំពេញចុះពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើងក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ និងល្ងាចថ្ងៃសៅរ៍។

ក្នុងដំណើរការចុះពិនិត្យខាងលើនេះ លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូលបិទទ្វារទឹក ប្រឡាយស្របផ្លូវរថភ្លើង ជាបណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវជាតិលេខ៤ស្រក ងាយស្រួលធ្វើចរាចរ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោតដើម្បីកុំឲ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញា យ៉ាងពេញទំហឹងធ្វើឲ្យតំបន់មួយចំនួនត្រូវជន់លិច។ តែរហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញា ទឹកបានស្រកអស់ប្រមាណ៧០% នៅសល់៣០%ទៀត អាចនឹងស្រកអស់ក្នុងរយៈពេលពី២ ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ លោកបន្ថែមថា ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុងការរំដោះ និងបញ្ចៀសទឹកទម្លាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយបូមទឹកព្រមៗគ្នាតាមស្ថានីយជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។

លោកអភិបាលរាជធានីបានណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤ និងបើកឱ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។ ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់ទប់ការពារទឹកហូរកាត់ផ្លូវ និងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជន់លិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើរគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកកស្ទះផងដែរ។ តែទោះជាយ៉ាងនេះក្តី លោក ឃួង ស្រេង មិនបានប្រងើយកន្តើយឡើយ ដោយបានចុះពិនិត្យដោយផ្ទាល់ និងបានណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ។

សូមបញ្ជាក់ទៀតថា យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះ បានឱ្យដឹងថាស្ថាន ភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


