ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រវត្តិ​របស់​ម្ចាស់​បទ ស្រណោះ​ម៉ែ​ចាស់ សុផល ទី​ទី ពិតជា​ឆ្លងកាត់​ការលំបាក​ក្នុង​ជីវិត​ច្រើន​ទម្រាំ​បាន​ល្បី​លើ​វិស័យ​សិល្បៈ

ភ្នំពេញ ​៖ ​ម្ចាស់​បទ ស្រណោះ​ម៉ែ​ចាស់ លោក សុផល ទី​ទី ថ្មីៗ​នេះ​ត្រូវបាន​ប្រភព​ចេញពី​ចង្កោម​អ្នក​សិល្បៈ​ ដែល​ជា​រៀមច្បង​ចេញមុខ​ទម្លាយ​ប្រាប់​ជា​សាធារណៈ​នូវ​ប្រវត្តិ​ពិត​របស់​តារាចម្រៀង​រូប​នេះ​ ដែល​ធ្លាប់​ឆ្លងកាត់​ការលំបាក​ជាច្រើន​នៅក្នុង​ខ្សែជីវិត​របស់ខ្លួន​ទម្រាំ​និង​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ដូច​ពេលនេះ​។

ផ្អែក​តាម​ការបញ្ជាក់​នៅ​លើ​ផេ​ក Movie star research របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​រៀបរាប់​ដូច្នេះ​ថា ដោយសារតែ​មានការ​សំណូមពរ​ពី​បងប្អូន​ទស្សនិកជន​ជាច្រើន បាន​ស្នើ​សុំ​ឲ្យ Movie star research ចុះផ្សាយ​ព័ត៌មាន​លំអិត អំពី​ជីវប្រវត្តិ​របស់​តារាចម្រៀង​គឺ​លោក សុផល ទី​ទី ដោយមាន​ការគាំទ្រ​និង​ផ្ទុះ​យ៉ាង​ខ្លាំង​តាមរយៈ​បទ ( ស្រណោះ​ម៉ែ​ចាស់ ) កាលពី​រដូវ ភ្ជុំបិណ្ឌ កន្លងមកនេះ។

លោក សុផល ទី​ទី មាន​ស្រុកកំណើត​មកពី ស្រុក​ស្អាង​ ខេត្តកណ្ដាល​ បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ​២៩​ឆ្នាំ​ហើយ លោក​មាន​បងប្អូន​ទាំងអស់​ចំនួន​១០​នាក់​លោក​ជា​កូន​ទី​៧ បងប្អូន​របស់​លោកមា​ន​គ្រួសារ​អស់ហើយ ឪពុក​របស់​លោក​ជា​គ្រូបង្រៀន តែ​គាត់​បាន​ទទួល​មរណភាព​ហើយ។

ចំណែក​ម្តាយ​របស់​លោក​ពី​ដើមឡើយ​មក​ គាត់​ប្រកបរបរ​ជា​កសិករ តែ​ពេលនេះ​គាត់​ឈប់​ហើយដោយ​សារ​មាន​វ័យ​កាន់តែ​ជរា​ណាស់​ទៅហើយ។

ប្រភព​បាន​បន្ត​ថា ​លោក សុផល ទី​ទី ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នៅក្នុង​ឆ្នាំ​២០១២ និង​ចាប់ពី​ឆ្នាំ​២០១៤​លោក សុផល ទី​ទី មានការ​គាំទ្រ​ខ្លាំង​តាមរយៈ​ការ​ច្រៀង​គ្រប់​កម្មវិធី​មិន​ថា​កម្មវិធី​តាម​ស្ថានីយ​ទូរទស្សន៍​និង​តាម​កម្មវិធី​អា​ហ្វែ​ជាដើម។ សព្វថ្ងៃ​នេះ​ លោក សុផល ទី​ទី ជា​ជំហរ​ក្នុង​គ្រួសារ​ទទួលបន្ទុក​ច្រៀង​ដើម្បី​ចិញ្ចឹម​ម្តាយ​ដែល​មាន​វ័យ​៧០​ឆ្នាំ និង​ចិញ្ចឹម​ក្មួយៗ​ចំនួន ៥​នាក់​ទៀត។ កន្លងមក​មុន​ក្លាយជា​តារាចម្រៀង​លោក សុផល ទី​ទី ធ្លាប់​ឆ្លងកាត់​ជីវិត​លំបាក​ជាច្រើន​លោក​ធ្លាប់​ធ្វើជា​កម្មករ​សំណង់​ជា​អ្នក​លាង​ឡាន​និង​ម៉ូតូ និង​ជា​អ្នករត់​តុ​ផង​ដែរ។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​លើក​ឡើង​ថា​ ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង រហូតមកដល់​បច្ចុប្បន្ន​នេះ​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​អាជីព​ជា​តារាចម្រៀង​ដោយ​ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​ទទួលស្គាល់​តាមរយៈ​បទ​( ស្រណោះ​ម៉ែ​ចាស់ )​និង​(​កុំ​ស្រលាញ់​គេ​ក្រៅពី​បង )​ក្នុង​ឆ្នាំ​២០១៨​នេះ ។​លោក សុផល ទី​ទី ក៏​និង​មាន​គំរោង​ចេញទៅ​សម្តែង​នៅ​ឯ​ក្រៅប្រទេស​ផង​ដែរ សម្រាប់​ឆ្នាំ​២០១៨​និង​២០១៩​ខាង​មុន​នេះ​ មាន​ដូច​ជា ​ប្រទេស បារាំង​អូស្ត្រាលី និង​កាណាដា ជាដើម។

លោក សុផល ទី​ទី​បាន​បញ្ជាក់​ថា ​បន្ទាប់ពី​លោក​ត្រឡប់​មកពី​សម្តែង​នៅ​ក្រៅ​ប្រទេស​វិញ លោក​មាន​គំរោង​និពន្ធ​បទ​ចម្រៀង ដែល​ជា​ស្នាដៃ​របស់​លោក​ផ្ទាល់​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​បាន​គាំទ្រ។ សូម​បញ្ជាក់ដែរ​ថា ​បច្ចុប្បន្ន​នេះ​លោក សុផល ទី​ទី ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន ពិភព​រាត្រី រៀងរាល់​រាត្រី​ជាមួយ​តារា​រៀមច្បង​ជាច្រើន​ដួង​៕