ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​បុរស​៤​នាក់ ​ជាប់ចោទ​ពី​បទ​សង្ស័យ​រក្សាទុក ​និង ​ប្រើប្រាស់​ថ្នាំញៀន

ភ្នំពេញ​ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​បន្តបន្ទាប់​គ្នា​ពី​បទ​សង្ស័យ​ថា ពាក់​ព័​ន្ធ​ការ​រក្សាទុក​និង​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ កាល​ពី​ថ្ងៃ​ទី​១៧​ ខែតុលា ឆ្នាំ២០១៨ នៅ​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ទឹកថ្លា សង្កាត់​គោក​ឃ្លាង និង​សង្កាត់​អូរ​បែកក្អម។

ប៉ូលិស​និយាយ​ថា ក្រុម​ជនសង្ស័យ​ខាងលើ​១. ឈ្មោះ ម៉ម ចាន់ណា​រិ​ទ្ឋ ហៅ​ចិន អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ និង​ទីលំនៅ​ពិតប្រាកដ។ ២.​ឈ្មោះ ទិន សុភា​រ័ត្ន ​អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ​និង​ទីលំនៅ។ ៣. ឈ្មោះ មុត សុជាតិ អាយុ​២៤​ឆ្នាំ ​គ្មាន​មុខរបរ មាន​ទីលំនៅ​ស្រុក​ពាម​រ៍ ខេត្តព្រៃវែង​។ ៤. ឈ្មោះ វ៉េង គឹម​សេង អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ និង​ទីលំនៅ​ពិតប្រាកដ។

​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ចាប់ខ្លួន កាលពី ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នេះ​ខណៈ​ពួកគេ​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ​សាធារណៈ មក​ជួប​កម្លាំង​សមត្ថកិច្ច​កំពុង​យាមល្បាត​ក្នុង​មូលដ្ឋាន​។

ប៉ូលិស​បាន​បញ្ជាក់​ថា ពួកគេ​ទាំង​៤​នាក់​ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ដែល​រក​ឃើញ​តាមរយៈ​ការ​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៣​នាក់ និង​ម្នាក់ទៀត​ឈ្មោះ ម៉ម ចាន់ណា​រិ​ទ្ឋ ​ហៅ ចិន ត្រូវបាន​ចោទ​ពីបទ​រក្សាទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។

ប៉ូលិស​បាន​ឃុំខ្លួន​ពួកគេ​ជា​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​មុន​បញ្ជូន​ទៅ​តុលាការ ដែល​ភាគច្រើន​ជន​ប្រើប្រាស់​គ្រឿងញៀន តែង​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​និង​បន្សាប​គ្រឿង​ញៀន​៕