ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ថា បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នៅ EU គួរ​ជៀសវាង​កំហុស​ដូច​ពី​អតីតកាល​ចំពោះ​ប្រទេស​កម្ពុជា

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឱ្យ​ចៀសវាង កុំ​ឲ្យ​មាន​កំហុស​ដូច​ពី​អតីតកាល មកលើ​ប្រទេស​កម្ពុជា​តទៅទៀត ពីព្រោះ​ពី​អតីតកាល​អឺរ៉ុប មាន​កំហុស​យ៉ាង​ធ្ងន់​ចំនួន​២ ដូច្នេះ​សង្ឃឹមថា បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​សហគមន៍​អឺរ៉ុប នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​កំហុស​ជា​លើក​ទី​៣​ទៀត និង​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

លោក សុខ ឥសាន ថ្លែង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​។ លោក​ថា បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប គឺជា​ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏​បណ្តា​ប្រទេស​ទាំងនោះ​ភាគច្រើន ក៏​ជា​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ ដែល​បាន​សន្យា​ជួយ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​។

លោក សុខ ឥសាន បញ្ជាក់​យ៉ាងនេះ​ថា បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប គឺជា​ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស​ចាប់តាំងពី​ក្រោយ​សង្គ្រាម​លោក​លើកទី​២​មក។ នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ក៏​បណ្តា​ប្រទេស​ទាំងនោះ ភាគច្រើន​ក៏​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះដែរ ដែល​បាន​សន្យា​ជួយ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​។ ក៏ប៉ុន្តែ​ក្នុងពេល​កន្លងទៅ​មាន​ប្រទេស​មួយចំនួន​ក្នុង​អី​យូ បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ចំនួន​២​ដង​មកហើយ​”​។

តាម​លោក សុខ ឥសាន កំហុស​ចំនួន​ពីរ​នោះ​គឺ ទី​១-​នៅ​ទសវត្សរ៍​១៩៧០ បាន​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​នៅ​កម្ពុជា និង​ទី​២- នៅ​ទសវត្សរ៍​១៩៨០ បាន​គាំទ្រ​របប​ខ្មែរក្រហម ឲ្យ​នៅក្នុង​អាសនៈ អសប​។ រហូតមកដល់​ពេលនេះ​ប្រទេស​ខ្លះ នៅ​តែ​មាន​ចេតនា​មិនល្អ​ចំពោះ​កម្ពុជា ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នាំ​ទំនិញ​ពី​កម្ពុជា ចូល​សហគមន៍​អឺរ៉ុប​ទៀត ដោយសារតែ​លំអៀង​ខាង​នយោបាយ និង​មនោគមន៍​វិជ្ជា។

ចំពោះ​បញ្ហា​នេះ ប្រជាជន​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​សហគមន៍​អឺរ៉ុប នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ថែមទៀត មុននឹង​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​កំហុស​ជា​លើក​ទី​៣​ទៀត និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដែល​បាននឹងកំពុង​រីកចម្រើន​ទៅមុខ ស្របតាម​បំណងប្រាថ្នា​របស់ខ្លួន។

សូម​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប នា​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្នុងករណី​ដែល​មិន​មាន​ការ​កែសម្រួល ហើយ​ការ​ដក​ប្រព័ន្ធ​នេះ នឹង​ចូល​ជាធរ​មាននៅ​រយៈពេល​១២​ខែក្រោយ ប៉ុន្តែ​គំរោង​នេះ ត្រូវបាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែលជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយច្បាប់​ផ្ញើ​ជូន លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការកំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ​។

ដោយឡែក តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​ថ្លែងថា ប្រសិនបើ​មានការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ​ជា​ឧបករណ៍​នយោបាយ​បរទេស របស់​ខ្លួន​សម្រាប់​កម្ពុ​ជា​៕