ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ធុន​ធំ​ តែង​បង្ក​គ្រោះថ្នាក់​ដោយសារ​ដាច់​ហ្វ្រាំង​ពេល​ឡើង​ស្ពាន

ភ្នំ​ពេ​ញ ៖ មន្ត្រី​នគរបាល​ចរាចរ​ណ៍​បាន​និយាយ​ថា ​បច្ចុប្បន្ន​នេះ​រថយន្ត​ធុន​ធំ​តែង​បង្ក​គ្រោះថ្នាក់​នៅពេល​បើក​ឡើង​ចំណោត​ឫ​ស្ពាន​រួច​ដាច់​ហ្វ្រាំង​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ​ខែតុលា​នេះ​ មាន​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ព​ណ៌​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-0882​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិសដៅ​ពី​ចាក់​អង្រែ​ឡើង​ស្ពាន​អាកាស​ក្បាលថ្នល់​ឆ្ពោះទៅ​ចំការមន​។

ប៉ុន្តែ​ពេល​ឡើង​ជិត​ដល់​កណ្តាល​ទ្រូង​ស្ពាន​ដែល​ក្នុង​ទឹកដី​ភូមិ​ព្រែក​តា​នូ​១​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​ក៏​ស្រាប់​តែ​រអិល​ថយក្រោយ​ស្រប​ពេល​នោះ​មាន​រថយន្ត​ធុន​តូច​បើក​មកពី​ក្រោយ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​អង្ករ​បាន​ព្យាយាម​បួង​ចង្កូត​មករ​បាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បង្ក​ឲ្យ​បាក់​អស់​៥​ផ្ទាំង​ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ឡើយ។

នគរបាល​ចរាចរណ៍​លោក​វរសេនីយ៍ទោ ណឹ​ប វិ​បូ អធិការ​រង​នគរបាល​ខណ្ឌមានជ័យ​ទទួលបន្ទុក​សណ្តាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចេញ​សំណង​ទៅ​និង​ការខូចខាត​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​៕