ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង កែវ​វេទមន្ត ចាយ​ទុន​ផលិត​ជិត​៦​ម៉ឺន​ដុល្លារ​សម្ពោធ​ចាក់​បញ្ចាំង​ផ្លូវការ

ភ្នំពេញ ​៖​ បន្ទាប់ពី​ធ្វើការ​ផលិត ​និង​ថត​បញ្ចប់​ដោយ​ជោគជ័យ​ផលិតកម្ម​Rock​ បាន​បើក​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដើម្បី​ធ្វើ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង កែវ​វេទមន្ត នៅតាម​បណ្តា​រោងកុន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀម​រាម​ជាដើម។

ពិធី​សម្ពោធ​ខ្សែ​រឿង កែវ​វេទមន្ត របស់​ផលិតកម្ម​Rock​នេះ​ បាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៦ ​ខែតុលា​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ផ្សា​សុ​វណ្ណា ​ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ និង​អ្នកគាំទ្រ​ជាច្រើន។ ខណៈដែល​ខ្សែភាពយន្ត​នេះ ​ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ព្រហស្បតិ៍​ទី​១៨​ខែ​តុលា​ ​ឆ្នាំ​២០១៨​នេះ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក យឹម សុស​ត្យា ហៅ លី​ម៉េង ប្រធាន​គ្រប់គ្រង​កម្មវិធី ​និង​ជំនួយការ​អគ្គនាយក​ផលិតកម្ម​Rock ​បានលើកឡើង​ថា ​រឿង កែវ​វេទមន្ត ដែល​ទើប​ត្រូវបាន​សម្ពោធ​ចាក់​បញ្ចាំង​នេះ​គឺ​នៅក្នុង​ផ្ទៃ​សាច់រឿង​ទាំងមូល​ មាន​លក្ខណៈ​បែប​ស្នេហា​ និង​បញ្ចូល​ឈុត​ឆាកកំប្លែង​ផងដែរ​។​

លោក យឹម សុស​ត្យា បាន​បន្តថា ខ្សែភាពយន្ត​រឿង «​កែវ​វេទមន្ត​» នេះ គឺជា​សាច់រឿង​ថ្មី​ប្លែក​មួយទៀត ដែល ផលិតកម្ម Rock បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​ល្អ ជាពិសេស​នោះ គឺមាន​ប្លង់​ថត​ល្អៗ​ប្រភេទ 4D ហើយ​បាន​ប្រើ​បច្ចេកទេស ចុងក្រោយ​ដែល​ផលិតកម្ម Rock បាន​សម្រិតសម្រាំង​ឡើង ដើម្បី​ឲ្យ​ភាពយន្ត​មួយ​នេះ ទទួលបាន​ការគាំទ្រ កាន់តែខ្លាំង​ពី​សំណាក់​ទស្សនិកជន ខណៈ​ការ​ចំណាយ គឺ​ប្រមាណ​ជិត ៦​ម៉ឺន​ដុល្លារ​ឯណោះ។

សូម​បញ្ជាក់​ថា ខ្សែភាពយន្ត រឿង​«​កែវ​វេទមន្ត​»​គឺជា​ប្រភេទ​សាច់រឿង​បែប​ស្នេហា​រ៉ូ​មែន​ទិ​ក លាយឡំ​ជាមួយនឹង​ភាព​កំប្លុកកំប្លែង ដែលមាន​ការចូលរួម​សម្ដែង ពី​សំណាក់ លោក យ៉ា​រ៉ូ ជា​តួឯក​ប្រុស និង​តួឯក​ស្រី​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ដែល​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ នឹង​ត្រូវ​ដាក់​បញ្ចាំ​ង​ជា​ផ្លូវ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨​នៅ​គ្រប់​បណ្ដា​រោងភាពយន្ត ទាំងអស់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង​ផងដែរ​៕