ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម និង​សមិទ្ធផល​មួយ​ចំនួន នៅ​ខេត្ត​កែប

កែប ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា ពញា​ចក្រី​ហេង សំរិន បាន​ចូលរួម​ជា​អធិបតីភាព ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម និង​សមិទ្ធផល​មួយ​ចំនួន​ខេត្ត​កែប នៅ​សួនឧទ្យាន​សម្ដេច​តេ​ជោ ហ៊ុន សែន ខេត្ត​កែប នៅ​ថ្ងៃ​សៅរ៍ ១១​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៨។

​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី អភិឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប បាន​បញ្ជាក់ថា​ ៖ ខេត្ដ​កែប កំពុង​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្ដា​មហា​មិ​ត្ដ​ជិតខាង​យ៉ាង​ល្អ ជាពិសេស ខេត្ត​បាន ខិតខំ​ដឹកនាំ​កែប្រែ​មុខមាត់​ថ្មី​លើ​ផ្នែក​បរិស្ថាន​ល្អ អនាម័យ មាន​សោ​ភណ្ឌ​ភាព​ស្រស់​បំព្រង សួនច្បារ​ស្អាត ផ្លូវថ្នល់​ខ្វាត់ខ្វែង បាន​ក្លាយ​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល។ ចំណែក​លើ​ផ្នែក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយ ហើយ​ក៏មាន​ទំនាក់ទំនង​សហការ​បានល្អ​លើ​គ្រប់​វិស័យ​រហូត​ឈានដល់​ការភ្ជាប់​កិច្ចសហប្រតិបត្តិការ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស​រវាង​ខេត្ត​ទាំងពីរ ខេត្ត​កែប​របស់​ប្រទេស​កម្ពុជា ជាមួយ​ខេត្ត​គៀន យ៉ាង របស់​ប្រទេស​វៀតណាម​បាន​យ៉ាង​ល្អប្រសើរ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា​ ក្នុងនាម​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​និង​ក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​ចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល ស្ដូប​មិ​ត្ដ​ភាព​កម្ពុជា វៀតណាម​ថ្ងៃនេះ ខេត្ត​កែប​យើង​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត​ដែល​ជាការ​លើកមុខ​លើកមុខ​មាត់​ខេត្ត​ឱ្យ​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត។ ទន្ទឹម​នេះ ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​សមិទ្ធផល​ទាំងនេះ​ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង​ជា​ប្រយោជន៍​របស់​ខេត្ត របស់​បងប្អូន​ទាំងអស់គ្នា ចូលរួម​ការពារ​បរិ​ស្ថាន​ឱ្យបាន​ល្អ ទាំង​បរិស្ថាន​ឆ្នេរ បរិស្ថាន​សមុទ្រ បរិស្ថាន​ភ្នំ ដែល​ទាំងអស់គ្នា​សុទ្ធ​ជា​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​ខេត្ត នាំឱ្យមាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើនឡើង ជីវភាព​ប្រជាពលរដ្ឋ​យើង​ក៏​កាន់តែ​ធូរធារ សុភមង្គល ភាពសុខដុមរមនា​កាន់តែ​ប្រសើរ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​កែប ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បានរួម​សាមគ្គី​គ្នា​យ៉ាងសកម្ម​អភិវឌ្ឍន៍​ខេត្ត​កែប ឱ្យមាន​ការរីកចម្រើន មាន​សន្ដិសុខ​សុវត្ថិភាព​ល្អ ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​កាន់តែ​ប្រសើរឡើង​ឥតឈប់ឈរ ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ខាង​នយោបាយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ​ប្រទេស​កម្ពុជា ធ្លាប់តែ​ជា​ប្រទេស​ដែល​ទទួល​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កង​រក្សា​សន្តិភាព ពី​អង្គការ​សហប្រជាជាតិ។ ពេលនេះ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​បាន​បញ្ជូន​កងទ័ព​ស្ម័គ្រចិត្ត​របស់ខ្លួន ដែល​ពាក់មួក​ខៀវ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេសមួយ​ចំនួន​ដែល​ចំណុចក្តៅ​នៅលើ​សកលលោក៕