ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​រថភ្លើង​នៅ​ឥណ្ឌា​បាន​កើន​ឡើង​ស្រប​ពេល​មាន​កំហឹង​ជុំវិញ​បញ្ហា​សុវត្ថិភាព

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ​មនុស្ស​ប្រហែល​៦០​នាក់​ត្រូវបាន​គេ​ដឹងថា​ ស្លាប់​នៅពេល​រថភ្លើង​មួយគ្រឿង​បុក​ហ្វូងមនុស្ស​ដែល​កំពុង​ទស្សនា​ការបា​ញ់​កាំជ្រួច​ក្នុងប្រទេស​ឥណ្ឌា​។

​មនុស្ស​រាប់សិប​នាក់​ទៀត​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​នេះ​ដោយ​អ្នកខ្លះ​របួសធ្ងន់​ហើយ​មន្ទីរពេទ្យ​ក្នុង​តំបន់​លែងមាន​សល់​កន្លែង​ទំនេរ​ដើម្បី​ដាក់​សាកសព​ហើយ​ដែលជា​ហេតុ​បង្ខំ​ឲ្យ​ពួកគេ​ទុក​សាកសព​ខ្លះ​នៅ​ខាងក្រៅ​។​

គ្រោះមហន្តរាយ​នៅ​ជិត​ទីក្រុង Amritsar ភាគ​ខាងជើង​ប្រទេស​កាលពី​ថ្ងៃ​សុក្រ​នេះ​បាន​នាំ​ឲ្យ​មានការ​ទាមទារ​ថ្មី​សម្រាប់​កំណែទម្រង់​សុវត្ថិភាព​ចំពោះ​ប្រព័ន្ធ​ផ្លូវដែក​ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់​របស់​ប្រទេស​ឥណ្ឌា​ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​។​

របាយការណ៍​បាន​ឲ្យ​ដឹងថា រថភ្លើង​បាន​បុក​មនុស្ស​រាប់សិប​នាក់​ដែល​ប្រមូល​ផ្តុំគ្នា​លើផ្លូវ​ដើម្បី​មើល​ការដុត​រូប​ទីងមោង​នៃ​ស្តេច​បិសាច Ravana ភ្ជាប់​ជាមួយ​កាំជ្រួច​សម្រាប់​ពិធីបុណ្យ​ហិណ្ឌូ​។​

ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​មិន​បានឮ​សំឡេង​រថភ្លើង​របស់​ក្រុមហ៊ុន Jalandhar-Amritsar ទេ​ដោយសារតែ​សំឡេង​ដ៏​ឮ​របស់​កាំជ្រួច​។​

ក្រុមមន្ត្រី​បាន​និយាយថា សាកសព​ជាច្រើន​បាន​បែកខ្ទេច​ហើយ​ប៉ូលិស​បាន​និយាយថា អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​អាច​ចំណាយពេល​ច្រើន​ថ្ងៃ​ដើម្បី​កំណត់​។​

លោក Hardeep Singh ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទីក្រុង Amritsar បាន​ប្រាប់ AFP ថា មនុស្ស​ចំនួន​៥៩​នាក់​បាន​ស្លាប់​និង​៩០​នាក់​បាន​រងរបួស​។​
​លោក Singh បាន​និយាយថា រហូតមកដល់​ពេលនេះ មានតែ​សាកសព​ចំនួន​២៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​។​

ពិធីបុណ្យ​សព​រប​ស់ជ​ន​រងគ្រោះ​មួយចំនួន​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​ហើយ​គ្រោះថ្នាក់​នេះ​បាន​នាំ​ឲ្យ​មានការ​ទាមទារ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អាជ្ញាធរ​សម្រាប់​សកម្មភាព​កាន់តែ​តឹងរ៉ឹង​៕ AFP