ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការបោះឆ្នោត​ឯករាជ្យ​តៃវ៉ាន់​

សកម្មជន​ឯករាជ្យ​រាប់ពាន់នាក់ ​បាន​ដើរ​ដង្ហែ​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​សៅរ៍​សម្រាប់​ការជួបជុំ​ដ៏​ធំ​មួយ​ដែលជា​ការស្ដីបន្ទោស​មួយ​ទៅលើ​ទីក្រុង​ប៉េកាំង​និង​ជា​បញ្ហា​ប្រឈម​ចំពោះ​រដ្ឋាភិបាល​ដែលមាន​ជម្លោះ​រួចទៅហើយ​របស់​កោះ​នេះ​។​

ការតវ៉ា​នៅ​កណ្តាល​ក្រុង​តៃប៉ិ​បាន​កើតឡើង​ខណៈពេល​ប្រទេស​ចិន​កំពុង​ជំរុញ​ការអះអាង​របស់ខ្លួន​ចំពោះ​កោះ​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​ដោយ​ខ្លួនឯង​មួយ​នេះ​និង​ការតស៊ូ​របស់លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen ដើម្បី​ទាមទារ​សន្តិភាព​និង​ឯករាជ្យភាព​។​

វា​ជាការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​លើកទីមួយ​ដែល​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឯករាជ្យ​ពេញលេញ​ចាប់តាំងពី​តៃវ៉ាន់​ក្លាយជា​កោះ​ប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។​
​អ្នករៀបចំ​កម្មវិធី​បាន​អះអាងថា មាន​អ្នកចូលរួម​ចំនួន​៨០,០០០​នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការប៉ាន់ស្មាន​របស់​ប៉ូលិស​មិនទាន់​បញ្ចេញ​ភ្លាមៗ​ទេ​។​

ក្រុមបាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ (DPP) ដែល​កំពុងកាន់​អំណាច​ដោយ​ស្រែក​ពាក្យស្លោក​និង​គ្រវី​ទង់​ដែល​សរសេរថា “​ប្រជាមតិ​ឯករាជ្យភាព​”​។​

ប្រទេស​ចិន​នៅតែ​មើលឃើញថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន​ដែល​នឹងត្រូវ​បង្រួបបង្រួម​បើទោះបីជា​ភាគី​ទាំងពីរ​កំពុង​គ្រប់គ្រង​ដោយឡែក​ពីគ្នា​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​លើដី​គោក​ក្នុង​ឆ្នាំ​១៩៤៩​ក៏ដោយ​។​

កោះ​តៃវ៉ាន់​បានចាត់ទុក​ខ្លួនឯង​ថា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដោយមាន​រូបិយប័ណ្ណ ប្រព័ន្ធ​នយោបាយ​និង​ប្រព័ន្ធយុត្តិធម៌​ផ្ទាល់ខ្លួន​ប៉ុន្តែ​មិនដែល​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ពី​ចិនដីគោក​ទេ​។​
​ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា ខ្លួន​នឹង​ឆ្លើយតប​ដោយ​កម្លាំង​ប្រសិនបើ​កោះ​តៃវ៉ាន់​ព្យាយាម​បំបែក​ខ្លួន​ជា​ផ្លូវការ​។​

ក្រុង​ប៉េកាំង​បានធ្វើការ​វាយប្រហារ​ដើម្បី​លុបបំបាត់​កោះ​តៃវ៉ាន់​ចេញពី​ឆាក​អន្តរជាតិ​រួមទាំង​ការទប់ស្កាត់​កោះ​នេះ​ពី​វេទិកា​សកលលោក​និង​កាត់បន្ថយ​ចំនួន​សម្ព័ន្ធមិត្ត​ការទូត​ផ្លូវការ​របស់ខ្លួន​ផងដែរ​៕ AFP