ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម IS ដោះលែង​ចំណាប់ខ្មាំង Druze ៦​នាក់ ​ក្នុងចំណោម​២៧​នាក់​ ដែល​ឃុំឃាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ី​រី

ក្រុម​ឃ្លាំមើល​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​ដោះលែង​ចំណាប់ខ្មាំង Druze ចំនួន​៦​នាក់​ក្នុងចំណោម​២៧​នាក់​ដែល​ពួកគេ​បាន​ចាប់យក​អំឡុង​ការវាយប្រហារ​មួយ​កាលពី​ខែកក្កដា​នៅក្នុង​ខេត្ត Sweida របស់​ប្រទេស​ស៊ី​រី​។ ការ​ដោះលែង​នេះ​ជា​ថ្នូរ​នឹង​ការដោះដូរ​អ្នកទោស​និង​ការបង់ប្រាក់​លោះ​។​

លោក Rami Abdel Rahman ប្រធាន​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ប្រាប់ AFP ថា “​ស្ត្រី​ពីរ​នាក់​និង​កុមារ​បួន​នាក់​មកពី​ខេត្ត Sweida ត្រូវបាន​ដោះលែង​កាលពី​យប់មិញ​”​។​

លោក​បាន​បន្ថែមថា ការដោះលែង​នេះ​គឺជា “​ផ្នែក​ដំបូង​” ហើយ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ឈានដល់​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ក្នុងការ​ដោះដូរ​ចំណាប់ខ្មាំង​ទាំងអស់​ជាមួយ​អ្នកទោស​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ចំនួន​៦០​នាក់​ដែល​ត្រូវបាន​ឃុំឃាំង​ដោយ​របប​នេះ​និង​ផ្តល់ប្រាក់​លោះ​ចំនួន​២៧​លាន​ដុល្លារ​។​

ក្រុម​ជី​ហាដ​និយម​បាន​ចាប់ពង្រត់​មនុស្ស​ប្រមាណ​៣០​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ពី​ខេត្ត Sweida កាលពី​ចុងខែ​កក្កដា​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ច្រើន​បំផុត​លើ​សហគមន៍ Druze របស់​ប្រទេស​ស៊ី​រី​ក្នុង​សង្គ្រាមស៊ីវិល​រយៈពេល​ប្រាំពីរ​ឆ្នាំ​មកនេះ​។​

ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​ថ្ងៃទី​២៥​ខែកក្កដា ក្រុម IS បាន​បើក​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ការបាញ់ប្រហារ​និង​ការចាក់សម្លាប់​ជា​បន្តបន្ទាប់​ដែល​បានសម្លាប់​មនុស្ស​ជាង​២៥០​នាក់​នៅ​ខេត្ត​ភាគ​និរតី​មួយ​នេះ​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​។​

ខេត្ត Sweida គឺជា​បេះដូង​នៃ​ជនជាតិភាគតិច Druze ដែល​ស្មើនឹង​ប្រហែល​៣​ភាគរយ​នៃ​ប្រជាជន​មុន​សង្គ្រាម​របស់​ប្រទេស​ស៊ី​រី​ឬ​ប្រហែល​៧០០,០០០​នាក់​។​

ក្រុម IS បានសម្លាប់​សិស្ស​ប្រុស​អាយុ​១៩​ឆ្នាំ​ម្នាក់​ក្នុងចំណោម​ចំណាប់ខ្មាំង​កាលពី​ខែសីហា​និង​បន្ទាប់មក​ចំណាប់ខ្មាំង​ស្រី​អាយុ​២៥​ឆ្នាំ​ម្នា​ក់នៅ​ដើមខែ​តុលា​។ ក្រុម​នេះ​បាន​និយាយថា ចំណាប់ខ្មាំង​ស្រី​អាយុ​៦៥​ឆ្នាំ​ម្នាក់​ក៏បាន​ស្លាប់​ដោយសារ​ជំងឺ​ផងដែរ​៕ AFP