ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហុក សុ​ជីវ័ន យក​កីឡាករ សាន គឹម​ហេង ជា​មេរៀន​រំលឹក​ដល់​យុវជន​៥​នាក់​មកពី​សាលា​បាល់ទាត់​បាទី ក្រោយ​ចូលរួម​ជាមួយ​វិសាខា

លោក ហុក សុ​ជីវ័ន គ្រូ​បង្គោល​របស់​ក្លឹប​បាល់ទាត់​វិសាខា បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​កីឡាករ​យុវជន ៥​នាក់ ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​រំសាយ​ពី​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី កាលពី​ពេល​ថ្មីៗ ហើយ​លោក​សង្ឃឹមថា ពួកគេ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ក្លិប​នៅ​ថ្ងៃ​អនាគត​។

កីឡាករ​មកពី​បាទី ៥​នាក់​នោះ​រួមមាន ទៀត គឹម​ហេង​, ទូច គឹម​ឆាយ​, ផុន តៃនិញ​, ឡុង ម៉េង​ហាវ និង​អ្នកចាំទី គង់ ពី​លត់​។ លោកគ្រូ​បង្វឹក​កាន់​អាជ្ញា​ប័​ណ្ឌ AFC A License រូបនេះ​បាន​សម្លឹង​ឃើញថា​ពួកគេ​មាន​សមត្ថភាព បច្ចេកទេស និង​បទពិសោធន៍​គ្រប់គ្រាន់ កាលពី​លេង​ឲ្យ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី តែ​ការចូល​រួមជាមួយ​ក្លឹប​អាជីព​លើកដំបូង ច្បាស់​ណាស់​ពួកគេ​ត្រូវ​មាន​ការផ្លាស់ប្ដូរ និង​ពង្រឹង​បន្ថែម ពាក់ព័ន្ធ​នឹង​សតិអារម្មណ៍ កាយសម្បទា និង​តិច​និ​ច​ជា​ក្រុម​ជាដើម​។

វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ចំណាត់ថ្នាក់​លេខ​៣​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨ នេះ​បាន​ស្រង់​សម្តី​គ្រូបង្វឹក​របស់ខ្លួន​ថា «​ពួកគាត់​មក​ទីនេះ ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ថ្មី និង​ការ​ប្រជែង​ខ្លាំង ជាក់ស្ដែង​ដូច សាន គឹម​ហេង គាត់​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី មក​វិសាខា​មុនគេ គាត់​បានបង្ហាញ​នូវ​ការ​ប្រជែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​គាត់​មានឱកាស​លេង​ច្រើន ។ ដូចគ្នា​ដែរ សម្រាប់​ពួកគាត់ ទើប​ចូលរួម​ជាមួយ​យើង យើង​មិន​រំពឹង​ពួកគាត់​មក​ទីនេះ ដើម្បី​ក្លាយជា​កីឡាករ​លេចធ្លោ​ភ្លាមៗ ឬ​ពួកគាត់​អាច​ជួយ​ក្លឹប ១០០% នោះ​ទេ អ្វី​ដែល​យើង​រំពឹង គឺ​ការចូលរួម​ពួកគាត់ ជា​រឿង​មួយ​ល្អ​សម្រាប់​ពួកគាត់ និង​ក្លឹប​ដើម្បី​អនាគត​របស់​ក្លឹប ព្រោះ​ពួកគាត់​នៅ​វ័យក្មេង​»​។

ការ​លើក​ឡើង​នេះ ដោយសារ​លោក​ជឿជាក់​លើ​កូនក្រុម​ថ្មី​ទាំង ៥​រូប នឹង​ព្យាយាម​ធ្វើ​បាន​ល្អ ដូច​កីឡាករ សាន គឹម​ហេង ដែល​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​កាលពី​រដូវ​កាល​មុន។ លោក​បន្តថា «​ពួកគាត់​នឹង​ព្យាយាម​យក​បទពិសោធន៍​ពី​រៀមច្បង និង​កីឡាករ​បរទេស ដែល​មាន​កម្រិត​ប្រកួតប្រជែង​ខ្លាំង។ ជាក់ស្ដែង​ឆ្នាំមុន យើង​មិន​រំពឹង​ខ្ពស់ សម្រាប់​កីឡាករ សាន គឹម​ហេង ទេ តែ​ក្រោយ​គាត់​មក​ភ្លាម គាត់​ប្រើ​ពេល ៣​ខែ គាត់​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លឹប​សប្បាយចិត្ត ក្រោយ​ឃើញ គឹម​ហេង អភិវឌ្ឍន៍​ខ្លួន​បាន​លឿន និង​រួមចំណែក​ជួយ​ក្លឹប​បាន​ច្រើន​»​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ខាងលើ​បន្ត​ថា «​ចំពោះ​ឱកាស​បង្ហាញ​វត្តមាន​លើ​ទីលាន​ក្នុង​ការប្រកួត គឺ​អាស្រ័យ​លើ​ការប្រកួត​នីមួយៗ និង​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​ម្នាក់ៗ ព្រោះ​ក្នុងនាម​ក្លិប គឺ​ផ្ដោត​លើ​លទ្ធផល​ជាសំខាន់ ។ អីចឹង​កីឡាករ​ណា គាត់​បង្ហាញ​សមត្ថភាព​ខ្លាំងក្លា​ពេល​ហ្វឹកហាត់ យើង​នឹង​ឲ្យ​ពួកគាត់​លេង​បាន​កាន់​តែ​ច្រើន។ តែ​តាម​ទស្សនៈ​ផ្ទាល់​របស់ខ្ញុំ ពួកគាត់​មក​ទីនេះ ពួកគាត់​គួរតែ​កុំអាល​រំពឹង​កៅអី​ជម្រើស ១១​នាក់​ដំបូង គាត់​គួរ​ដាក់ចិត្ត​ថា គាត់​នឹងធ្វើ​ការប្រកួតប្រជែង​ខ្លាំង ដើម្បី ១​ឆ្នាំ ឬ ២​ឆ្នាំ​ខាងមុខ ពួកគាត់​នឹងមាន​លទ្ធភាព ១០០% លើ​ទីលាន​»​។

​គួរ​បញ្ជាក់​ថា កីឡាករ ទៀត គឹម​ហេង​, ទូច គឹម​ឆាយ​, ផុន តៃនិញ​, ឡុង ម៉េង​ហាវ និង​អ្នកចាំទី គង់ ពី​លត់ គឺ​សុទ្ធតែជា​កីឡាករ​វ័យក្មេង និង​មានបទពិសោធន៍​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន តែ​ក្រោយ​មានការ​ប្រកាស​រំសាយ​ចំនួន ១៦​នាក់ កាលពីពេល​ថ្មីៗ ពួកគេ​ក៏បាន​ជ្រើសរើស​ក្លិប​បាល់ទាត់​វិសាខា​ដើម្បី​បន្ត​អាជីព​ជា​មួយ​ក្លិប​លីគ​កំពូល​កម្ពុជា​លើក​ដំបូង​៕