ព័ត៍មានទាន់​ហេតុការណ៏
Search

បាក់​ទំនប់​ចំការ​តែ ​លើ​ខ្នងភ្នំ​គិរី​រម្យ​បណ្តាល​ឲ្យ​បាត់​ខ្លួន​ក្មេង​១០​នាក់ និង​ជនបរទេស​៣​នាក់​

កំពង់ស្ពឺ​ ៖ ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជួរ​ភ្នំ​គិរី​រម្យ​ បាន​ធ្វើ​ឲ្យ​បាក់​ទំនប់​ទឹក​ចំការ​តែ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​បាត់​ខ្លួន​មនុស្ស​១៣​នាក់ ក្នុង​នោះ​ជនបរទេស ៣​នាក់​ផងដែរ។

​បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​ទំនប់​នៅ​ចំការ​តែ​នេះ នៅ​រសៀល​ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៨​នេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​មាន​លោក​វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល លោក ញា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច និង​អាជ្ញាធរ ស្រុក ឃុំ ជា​ច្រើន​រូប​ទៀត​ចុះ​ពិនិត្យមើល​ស្ថានភាព​បាក់​ទំនប់ និង​ចាត់​កម្លាំង​សមត្ថកិច្ច​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ទាំង​១៣​នាក់ ដែល​បាត់​ខ្លួន​នោះ​ផងដែរ។

អាជ្ញាធរ​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា ទំនប់​ចំការ​តែ​ខ្នង​ទំនប់​ប្រវែង ១២​ម៉ែត្រ បណ្តោយ​១២០​ម៉ែត បាន​បាក់​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ៩​និង​៣០​នាទី ស្ថិតនៅ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​។

​តាម​សេចក្តី​រាយ​ការ​ណ៍​បន្ទាន់ បាន​ឲ្យ​ដឹង​ថា មាន​ក្មេងៗ​ដែល​ឃ្វាលគោ ១០​នាក់ និង​ភ្ញៀវ​ជា​ជនបរទេស​៣​នាក់ ក្នុង​នោះ​មាន​ស្រី ២​នាក់​ត្រូវបាន​រត់គេច​ចេញពី​ចំណុច​កើតហេតុ និង​បាត់​ខ្លួន​ផងដែរ​។

លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច បាន​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល ថ្ងៃទី​២០ ខែតុលា​នេះ «​ចំពោះ​ករណី​​ក្មេងៗ​ឃ្វាលគោ ១០​នាក់ និង​ជនបរទេស​៣​នាក់​ដែល​បាត់​ខ្លួន ពេល​មាន​ករណី​បាក់​ទំនប់​ចំការ​តែ​នោះ បាន​រក​ឃើញ​វិញ​អស់ហើយ​»​។ លោក​បន្ត​ទៀត​ថា «​ក្នុងចំណោម​មនុស្ស​ទាំង​១៣​នាក់​រួច​ផុត​ពី​គ្រោះថ្នាក់​គ្រប់ៗ​គ្នា​»​។

លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច បាន​បញ្ជាក់​ថា «​ពេលនេះ​ទឹកបាន​ស្រក​វិញ​អស់ហើយ​ គ្មានអ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​»៕