ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាំទី កែវ សុខ​សិលា របស់​វិសាខា បើកហាង​កាហ្វេ​ផ្ទាល់ខ្លួន តែ​មិន​ឲ្យ​ប៉ះពាល់​ដល់​អាជីព​បាល់ទាត់​របស់​ខ្លួន

អ្នកចាំទី​ក្លិប​បាល់ទាត់​វិសាខា កែវ សុខ​សិលា បាន​បន្ថែម​របរ​ថ្មី លើ​អាជីព​បាល់ទាត់​មួយទៀត គឺ​ការ​បើក​តូប​លក់​កាហ្វេ​លក្ខណៈ​គ្រួសារ​មួយ ដោយ​ដាក់ឈ្មោះថា KSS Coffee ក្រោម​កិច្ចសហការ​ផ្ទាល់​ជាមួយ​បងស្រី​បង្កើត​របស់​ខ្លួន ដែលមាន​ទីតាំងនៅ​កែង​ផ្លូវ​៣១៧ និង​ផ្លូវ​៣២៣ កែង​ស្ថានីយ​ប្រេងឥន្ធនៈ PTT នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។

​អ្នកចាំទី​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបនេះ​បាន​បញ្ជាក់ថា តូប​កាហ្វេ​នេះ​ប្រើ​ឈ្មោះ​កាត់​របស់ខ្លួន​ថា KSS Coffee ហើយ​បានចាប់ផ្ដើម​ដំណើរការ​ផ្លូវការ នៅ​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​បន្ទាប់ពី​មានការ​ពិភាក្សា និង​ទទួល​បានការ​ជ្រោមជ្រែង​ពី​ក្រុមគ្រួសារ ពិសេស​បងស្រី​បង្កើត​របស់ខ្លួន ដើម្បី​ស្វែងរក​ចំណូល​បន្ថែម​លើ​អាជីព​បាល់ទាត់។

កែវ សុខ​សិលា បាន​បញ្ជាក់ថា «​ខ្ទង់ចំណាយ​លើ​ការបើក​កាហ្វេ​ហ្នឹង​ខ្ទង់​៦០០០​ដុល្លារ ហើយ​ថវិកា​នេះ បានមក​ការ​សន្សំ​ប្រាក់ខែ​បាល់ទាត់ និង​ថវិកា​បងស្រី​ខ្ញុំ​ដែល​យើង​ចូល​ហ៊ុន​គ្នា​បើក​។ និយាយ​រួម​ទៅ ខ្ញុំ​ឃើញ​បច្ចុប្បន្ន​កាហ្វេ​មានការ​គាំទ្រ​ច្រើន​។ ណាមួយ​ខ្ញុំ​គិតថា ខ្ញុំ​មាន​គេ​ស្គាល់ អីចឹង​បើក​ទៅ​អាច​មាន​ការ​គាំទ្រ​»​។ យ៉ាងណាមិញ​ការ​បើក​តូប​កាហ្វេ​លក្ខណៈ​គ្រួសារ​នេះ អ្នកចាំទី​ជម្រើសជាតិ​កម្ពុជា​ដដែល បាន​អះអាងថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​បាល់ទាត់ ដែល​ខ្លួន​ស្រលាញ់​តាំងពី​តូច​នោះទេ ដោយ​គ្រាន់តែ​ខ្លួន​ឆ្លៀត​ពេលទំនេរ​ពី​ការ​ហ្វឹកហាត់​មកជួយ​ខ្លះៗ​ប៉ុណ្ណោះ គ្រា​ដែល​ការងារ​មើល​ការខុសត្រូវ​ពេញ​ម៉ោង គឺជា​បន្ទុក​របស់​បង​ស្រី និង​បងថ្លៃ​របស់ខ្លួន។

កីឡាករ​ដែល​មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម​វិសាខា នៅ​ឆ្នាំ​២០១៨ នេះ​ខណៈ​រូបគេ​លេច​ចេញពី​ថ្នាល​យុវជន របស់​ភ្នំពេញ​ក្រោ​ន គិត​តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​មុន​ពេល​ដំឡើងមក​ក្រុម​ធំ​នៅ​ឆ្នាំ​២០១៥ ដោយនៅ​រដូវ​កាល​ដំបូង​បានបង្ហាញ​២​លើកចុងក្រោយ​ជួយ​អោយ​ឈ្នះ​លី​គ​កំពូល​កម្ពុជា ខណៈ​ធ្លាប់​ជាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ​និង​១៩​ឆ្នាំផងដែរ៕